សភាកម្ពុជា ត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤២ ដែលសភាប្រទេសប្រ៊ុយណេរៀបចំតាមប្រព័ន្ធវីដេអូ
សភាព្រះរាជាណាចក្រកម្ពុជាបានត្រៀមទំាងខ្លឹមសារនិងសមាសភាពគណៈប្រតិភូសម្រាប់ចូលរួមមហាសន្និបាតលើកទី៤២ អន្តរសភាអាស៊ាន ហៅកាត់ថា “AIPA” ដែលសភាប្រទេសប្រ៊ុយណេធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខនេះ។ ដោយសារការរាតត្បាតជំងឺកូវីដ១៩ មហាសន្និបាតប្រចំាឆ្នាំរបស់សភាអាស៊ាននេះ នឹងប្រារព្ធធ្វើតាមប្រព័ន្ធវីដអូ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិអាយប៉ា-កម្ពុជា បានដឹកនាំកិច្ចប្រជុំជាមួយសមាសភាព គណៈប្រតិភូអាយប៉ាកម្ពុជា ដែលត្រូវចូលរួមមហាសន្និបាតនេះ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ នៅវិមានរដ្ឋសភា តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំបានពិនិត្យពីវឌ្ឍនាភាពខ្លឹមសារ និងឯកសារនានាដែលក្រុមគណៈប្រតិភូបានស្រាវជ្រាវ តាក់តែង រៀបចំឡើង។
ជាការកត់សម្គាល់រហូតមកដល់ពេលនេះ គណៈប្រតិភូសភាកម្ពុជាដែលត្រូវចូលរួមមហាសន្និបាតAIPA លើកទី៤២ បានជួបប្រជុំគ្នាចំនួន៦លើករួចមកហើយ នៅក្នុងការត្រៀមលក្ខណៈចូលរួមនេះ។
មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤២ ដែលប្រទេសប្រទេសប្រ៊ុយធ្វើជាម្ចាស់ផ្ទះ នឹងរៀបចំឡើងពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។ នេះជាលើក ទី២ហើយដែលអន្តរសភាអាស៊ានបានរៀបចំមហាសន្និបាតតាមប្រព័ន្ធវីដេអូ ដោយសារការរាតត្បាតជំងឺកូវីដ១៩ ជាកសល។ កាលពីឆ្នាំ២០២០ មហាសន្និបាតអាយប៉ាលើកទី៤១ ដែលសភាប្រទេសវៀតណាមជាប្រធាន បានរៀបចំធ្វើឡើងតាមប្រព័ន្ធវីដេអូផងដែរ។
អន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា(AIPA) ជាអង្គការអន្តរសភា តំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(ASEAN) ដែលមាន ប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សឹង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន ជាសមាជិក។ សមាជិក AIPA ផ្លាស់វេនគ្នាជាប្រធានរៀបចំមហាសន្និបាត តាមលំដាប់អក្ខរក្រមនៃឈ្មោះប្រទេសតាមអក្សរឡាតាំង។ សភានៃព្រះរាជាណាចក្រកម្ពុជានឹងក្លាយជាប្រធានអាយប៉ានៅឆ្នាំ២០២២ហើយធ្វើជាម្ចាស់ផ្ទះមហាសន្និបាតលើកទី៤៣។
ក្នុងការត្រៀមចូលរួមមហាសន្និបាតលើកទី៤២ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានស្នើដល់សមាជិកសមាជិកាគណៈប្រតិភូ និងមន្រ្តីជំនាញដែលជាអ្នកជំនួយការទំាងអស់ សិក្សាស្រាវជ្រាវពិនិត្យខ្លឹមសាររបៀបវារៈរាល់កិច្ចប្រជុំទំាងអស់នៅក្នុងមហាសន្និបាត ដើម្បីធ្វើយ៉ាងណា ឲ្យមហាសន្និបាតដំណើរដោយទទួលបានជោគជ័យ បម្រើដល់ផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋក្នុងតំបន់និងសកលោក៕







