កម្ពុជា និងជប៉ុនពិភាក្សាគ្នាលើយន្តការស្តារ និងការអភិវឌ្ឍ ក្រោយពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្បើយ
ការពិភាក្សានោះ ធ្វើឡើងរវាងលោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងលោក Masahiro MIKAMI ឯកអគ្គរាជទូតជប៉ុន តាមប្រព័ន្ធវីដេអូនៅថ្ងៃទី១១សីហាឆ្នាំ២០២១។ ការពិភាក្សា បានផ្តោតលើយន្តការស្តារ និងការអភិវឌ្ឍលើវិស័យនានា ក្រោយពីស្ថានភាពនៃជំងឺកូវីដ-១៩ត្រូវបានថមថយ ជាពិសេសការស្តារនិងការជំរុញលើការវិនិយោគនៅកម្ពុជា។
ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវក្តីសោមនស្សរីករាយ និងថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន ដែលតែងតែជួយគាំទ្រទាំងសម្ភារ, បច្ចេកទេស និងហិរញ្ញវត្ថុ ដល់ការអភិវឌ្ឍកម្ពុជា ជាក់ ស្តែងស្ថិតក្នុងកាលៈទេសៈនៃវិបត្តិសកលដែលយាយីដោយ សារវីរុសកូវីដ-១៩នេះ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយជាវ៉ាក់សាំង Astra Zeneca សរុបចំនួន១លានដូស ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលនេះជាកាយវិការសប្បុរសធម៌ និង សន្តានចិត្តដ៏ប្រពៃពីភាគីមិត្ត។
លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា កម្ពុជាស្វាគមន៍នូវការពិចារណាលើផែនការផ្តល់ឥណទានសម្បទានដំណាក់កាលទី២ សម្រាប់កម្មវិធីគាំទ្របន្ទាន់ ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃការរីករាលដាលនៃជំងឺកូវី៩-១៩ ដល់កម្ពុជា ដើម្បីគាំទ្រការអនុវត្តវិធានការស្តារសេដ្ឋកិច្ច ក៏ដូចជា វិធានការត្រួតពិនិត្យការប្រយុទ្ធប្រឆាំងនឹងជំងឺកូវី-១៩ ។ លោកឧបនាយករដ្ឋមន្ត្រីអូន ព័ន្ធមុនីរ័ត្ន ក៏បានស្នើសុំដល់រដ្ឋាភិបាលជប៉ុន តាមរយៈលោកអគ្គរាជទូតជប៉ុន ក្នុងការបន្តផ្តល់នូវជំនួយវ៉ាក់សាំង Astra Zeneca ក៏ដូចជា គាំទ្រ និងសម្របសម្រួលឱ្យកម្ពុជាអាចបញ្ជាទិញវ៉ាក់សាំង Astra Zeneca បានបន្ថែមទៀតផងដែរ។
ជាថ្មីម្តងទៀត, លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុនដែលតែងតែយកចិត្តទុកដាក់ និងផ្តល់នូវកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ដល់កម្ពុជា លើស្ទើរ គ្រប់វិស័យ និងចំទិសដៅដែលសកម្មភាពទាំងនោះបានឆ្លុះបញ្ចាំងអំពីតួនាទីប្រទេសជប៉ុន ជាដៃគូអភិវឌ្ឍន៍ជាយុទ្ធសាស្ត្រ ដ៏សំខាន់ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែង ជំរុញការអភិវឌ្ឍកម្ពុជា ៕


