ឯ ឧ ស សុខា បានប្តេជ្ញាបំពេញកិច្ចការងារសម្រាប់អាណត្តិថ្មី សំដៅបម្រើផលប្រយោជន៍សហព័ន្ធ ដើម្បីតបស្នងចំពោះការលះបង់របស់ថ្នាក់ដឹកនាំជំនាន់មុន
ឯ ឧ ស សុខា បានប្តេជ្ញាចិត្តបំពេញកិច្ចការងារសម្រាប់អាណត្តិថ្មី សំដៅបម្រើផលប្រយោជន៍សហព័ន្ធ និងដើម្បីតបស្នងចំពោះការលះបង់របស់ថ្នាក់ដឹកនាំជំនាន់មុន ដើម្បីស្វែងរកលទ្ធផលល្អៗ ជោគជ័យថ្មីៗ ជូនកម្ពុជា បន្ទាប់ពីត្រូវបានគណៈកម្មាធិការប្រតិបត្តិ ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសឲ្យបន្តដឹកនាំ ជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា សម្រាប់អាណត្តិថ្មី ទី៧ ឆ្នាំ២០២១ដល់២០២៥ តាមរយៈមហាសន្និបាត តាមប្រព័ន្ធ Zoom នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ ។

យោងតាមសេចក្តីប្រកាសក្រោយបញ្ចប់អង្គមហាសន្និបាតនេះបានបង្ហាញសកម្មភាព និងសមិទ្ធផលដែលសម្រេចបានក្នុងអាណត្តិចាស់ថា សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ដែលបោះឆ្នោតគាំទ្រពីអង្គមហាសន្និបាត ជ្រើសរើស ឯ ឧ ស សុខា ជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា អាណត្តិទី៧ ឆ្នាំ២០២១-២០២៥ ដើម្បីបន្តនូវចក្ខុវិស័យពីថ្នាក់ដឹកនាំពង្រីកវិសាលភាព និងការអភិវឌ្ឍវិស័យកីឡាប៊ូល និងប៉េតង់កម្ពុជាទៅគ្រប់បណ្តារាជធានី-ខេត្ត នឹងបន្តអនុវត្តផែនការមេឆ្ពោះទៅការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣។

គួររម្លឹកថា សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានបង្កើតឡើងក្នុងឆ្នាំ១៩៩២ ក្រោមការផ្តួចផ្តើមរបស់ថ្នាក់ដឹកនាំជំនាន់មុនដែលមាន សម្តេចវិបុលបញ្ញា សុខ អាន ជាប្រធាន និង សម្តេចក្រឡាហោម ស ខេង ជាប្រធានកិត្តិយស ព្រមទាំងស្ថាបនិកជាច្រើនរូបទៀត ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលាដ៏មមាញឹក និងថវិកាផ្ទាល់ខ្លួន ក្នុងការជំរុញវិស័យកីឡាប៊ូល និងប៉េតង់ រហូតមានភាពល្បីល្បាញ និងការកោតសរសើរលើសកលលោក ដោយទទួលបានការប្រសិទ្ធនាមពីសហព័ន្ធកីឡាប៊ូល និងប៉េតង់អន្តរជាតិ ថា “កម្ពុជា ជាមហាអំណាចលើប្រភេទកីឡាប៉េតង់” ។ គិតត្រឹមឆ្នាំ២០២០ សហព័ន្ធទទួលបានមេដាយកម្រិតអន្តរជាតិ សរុប៣៦៩គ្រឿង (មាស១០៧ ប្រាក់១៣១ និងសំរឹទ្ធ១៣១) ដែលសមិទ្ធផលគួរជាមោទនៈនេះ គឺអាចកើតមានឡើងពីការជ្រោមជ្រែង និងការត្រួសត្រាយផ្លូវរបស់ថ្នាក់ដឹកនាំជំនាន់មុន ដោយពុំអាចបំភ្លេចបាននូវស្នាដៃដ៏ឧដុង្គឧត្តមនេះ ។
សូមបញ្ជាក់ថា សមាជិកប្រតិបត្តិអាណត្តិថ្មីនេះ មានចំនួន១៤រូប ក្នុងនោះឯ ឧ ស សុខា ជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា អមដោយអនុប្រធានចំនួន៥រូប ដូចជា ឯកឧត្តម ប៊ូ ជុំសេរី អនុប្រធានទី១ និងអនុប្រធាន៤រូបទៀត គឺឯ ឧ អ៊ុក សិទ្ធិជាតិ, ឯ ឧ ស៊ុម សុជាតិ, អ្នកឧកញ៉ា លាង ឃុន, លោកឧកញ៉ា សុខ ហុង ខណៈឯ ឧ សុខ សប្បាយណា អគ្គលេខាធិការ អមដោយអគ្គលេខាធិការង២រូប អគ្គហិរញ្ញឹក ឯ ឧ ណុប ដារ៉ា និងសមាជិកចំនួន៤រូបផ្សេងទៀត ៕





