អ្នកនាំពាក្យក្រសួងព័ត៌មាន៖ការព្រួយបារម្ភរបស់អង្គការសង្គមស៊ីវិល គឺមានចេតនាញុះញង់ទៅដល់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា

ភ្នំពេញៈ អ្នកនាំពាក្យក្រសួងព័ត៌មាន ឯកឧត្តម មាស សុភ័ណ្ឌ មានប្រសាសន៍ប្រាប់ AMS នៅព្រឹកថ្ងៃទី១៣ ខែសីហានេះថា ទាក់ទងទៅនឹងការលើកកឡើងរបស់អង្គការសង្គមស៊ីវិលមួយចំនួនតូច ដែលបង្ហាញអំពីការព្រួយបារម្ភចំពោះការបង្កើតគណៈកម្មការតាមដានវាយតម្លៃ និងលើកសរសើរការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដែលក្រសួងព័ត៌មានទើបតែបង្កើតឡើងកាលពីពេលថ្មីៗនេះ គឺជាការព្រួយបារម្ភដែលមិនបានយល់ច្បាស់ និងគ្រប់ជ្រុងជ្រោយអំពីតួនាទីភារកិច្ចរបស់គណៈកម្មការនេះនៅឡើយទេ។

ឯកឧត្តម មាស សុភ័ណ្ឌ បន្តថា ការព្រួយបារម្ភរបស់អង្គការសង្គមស៊ីវិលមួយចំនួនតូចនេះ គឺគ្រាន់តែមានចេតនានៅក្នុងការញុះញង់ទៅដល់អ្នកប្រកបវិជ្ជាជីវៈព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា មិនឱ្យអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូ វទៅតាមក្រមសីលធម៌វិជ្ជាជីវៈដែលមានចែងនៅក្នុងច្បាប់ ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន និងហាក់ដូចជាមានចេតនាចង់លើកទឹកចិត្តឱ្យអ្នកសារព័ត៌មានបំពេញវិជ្ជាជីវៈរបស់ខ្លួនដោយខ្វះក្រមសីលធម៌ទៅវិញ។

ឯកឧត្តមបានទាញនូវការពន្យល់ថា គណៈកម្មការតាមដានវាយតម្លៃ និងលើកសរសើរការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានបង្កើតឡើងក្នុងគោលបំណងដើម្បីលើកស្ទួយនូវកិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពរបស់អ្នកសារព័ត៌មាន ក៏ដូចជាអង្គភាពសារព័ត៌មានព្រមទាំងតម្រង់ទិសដល់អ្នកសារព័ត៌មាន ក៏ដូចជាអង្គភាពសារព័ត៌មានឱ្យអនុវត្តតួនាទីរបស់ខ្លួនឱ្យបានត្រឹមត្រូវទៅតាមក្រមសីលធម៌វិជ្ជាជីវៈជាអ្នកសារព័ត៌មាន។ មិនមែនបង្កើតឡើង ដើម្បីយកអ្នកសារព័ត៌មានជាគោលដៅ ដើម្បីធ្វើការតាមដានបំភិតបំភ័យដាក់សំពាធ ឬបំបិទសិទ្ធិសរីភាពខាងសារព័ត៌មាននោះទេ។

អ្នកនាំពាក្យដដែលបានបញ្ជាក់ទៀតថា ដោយឈរលើស្មារតីលើកម្ពស់សិទ្ធិសេរីភាពខាងសារព័ត៌មានការការពារផលប្រយោជន៍ចំពោះអ្នកសារព័ត៌មាន ទើបក្រសួងព័ត៌មានបង្កើតគណៈកម្មការនេះឡើង ដោយឱ្យមានការចូលរួមពីសហព័ន្ធ សមាគម និងក្លិបសារព័ត៌មានមួយចំនួនចូលរួមនៅក្នុងគណៈកម្មការនេះ ដើម្បីផ្តល់មតិយោបល់ក្នុងការវាយតម្លៃទៅលើការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈជាអ្នកសារព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមកការអនុវត្តវិធានការការវាយតម្លៃផ្សេងៗពាក់ព័ន្ធទៅនឹងការប្រកបវិជ្ជាជីវៈសារព័ត៌មាន គឺជាសិទ្ធិផ្តាច់មុខរបស់ក្រសួងព័ត៌មាន ប៉ុន្តែដោយឈរលើស្មារតីនៃការលើកម្ពស់សិទ្ធិសរីភាពខាងសារព័ត៌មាន ក៏ដូចជាគិតផលប្រយោជន៍ដល់អ្នកសារព័ត៌មាន ទើបក្រសួងព័ត៌មានបង្កើតនូវគណៈកម្មការនេះឡើងដើម្បីឱ្យមានការចូលរួមពីសមាសភាពតំណាងសហព័ន្ធ សមាគម ក៏ដូចជាក្លិបសារព័ត៌មានចូលរួមពិនិត្យ និងវាយតម្លៃទៅលើការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈនេះ។ ដូច្នេះតាមរយៈយន្តការនេះ យើងមិនអាចចាត់ទុកថាជាយន្តការដែលបង្កើតឡើង ដើម្បីដាក់សម្ពាធបំភិតបំភ័យឬតាមដានអ្នកសារព័ត៌មាន ដូចជាការលើកឡើងរបស់អង្គការសង្គមស៊ីវិលមួយចំនួនតូចនោះឡើយ៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner