គណបក្សខ្មែរតែមួយ អំពាវនាវឱ្យប្រុងប្រយ័ត្នចំពោះមន្ត្រីអតីតបក្សប្រឆាំងលក់សណ្តែកដី រឿងបង្កើតគណបក្សថ្មី
ភ្នំពេញៈ គណបក្សខ្មែរតែមួយ បានអំពាវនាវដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត សូមប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតនៅរដូវកាលឆ្នាំ២០២២ -២០២៣ ដោយសារអតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ បានចេញទៅបង្កើតបក្សថ្មីចំនួន៥ គឺគណបក្សខ្មែរស្រឡាញ់ជាតិ, គណបក្សកែទម្រង់កម្ពុជា, គណបក្សកម្ពុជានិយម, គណបក្សបេះដូងជាតិ និង បក្សខ្មែរអភិរក្ស បានសម្រេចចិត្តចែកផ្លូវគ្នាដើរ ដោយក្រុមអញនិយមរៀងៗខ្លួនរួចទៅហើយ។ នេះបើយោងតាមសេចក្តីអំពាវនាវរបស់គណបក្សខ្មែរតែមួយ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។
នៅក្នុងសេចក្តីអំពាវនាវនេះបានបញ្ជាក់ថា ឥឡូវនេះមានសេនារីយោថ្មីរបស់លោក សម រង្ស៊ី និងលោក កឹម សុខា “ជាមនុស្សតែមួយ” ត្រូវបន្តអាជីវកម្មនយោបាយរបស់ខ្លួនដោយបានបែងចែកក្រុមការងារចំនួនបី៖ ក្រុមទី១.អតីតតំណាងរាស្រ្ត CNRP ស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ បានបើកបក្សថ្មីដើម្បីធ្វើជានុយ ឬអន្ទាក់នយោបាយថ្មី បន្តបន្លំភ្នែកប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោតនៅរដូវកាលឆ្នាំ២០២២-២០២៣ ខាងមុខនេះ។ ក្រុមទី២. ក្រៅប្រទេសដឹកនាំដោយលោកសម រង្ស៊ី ជាថៅកែម៉ៅការផ្តាច់មុខខាងអាជីវកម្មនយោបាយកម្ពុជាបានកំពុងបង្កើតព្រឹត្តិការណ៍ញុះញុង់លាបពណ៌ប្រឆាំងទៅនឹងរាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។ ក្រុមទី៣. ក្រុមចរចាដឹកនាំដោយប្រពន្ធរបស់លោក សមរង្ស៊ី រៀបចំស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ឬសុំចូលរួមជីវភាពនយោបាយជាមួយ CPP ដើម្បីបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ។
ជាមួយគ្នានេះគណបក្សខ្មែរតែមួយ បានអំពាវនាវដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតសូមប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតនៅរដូវកាល ឆ្នាំ២០២២-២០២៣ ពីព្រោះលោក សម រង្ស៊ី និងលោក កឹម សុខា “មិនហ៊ានប្រកាសបែកគ្នាទេ” ដោយសារតែផលប្រយោជន៍រៀងៗខ្លួន ដូច្នេះលោក សម រង្ស៊ី ជាថៅកែម៉ៅការផ្តាច់មុខខាងអាជីវកម្មនយោបាយកម្ពុជា និងលោក កឹម សុខា ជាប្រធានក្រុមម៉ៅការនយោបាយបន្ត នៅតែប្រើប្រាស់ពាក្យស្លោក “សមរង្ស៊ី និង កឹមសុខា ជាមនុស្សតែមួយ”ជារៀងរហូត៕
ដោយៈពលជ័យ






