បុរសម្នាក់ស្រវឹងស្រាបានបើករថយន្តបុក ម៉ូតូបណ្ដាលឲ្យស្លាប់ និងរងរបួសប្រុសស្រី ៣នាក់
ភ្នំពេញ ៖ យុវតីម្នាក់បានស្លាប់គួរឲ្យអណោចអធម័ និង រងរបួសប្រុសស្រី២នាក់ធ្ងន់ក្រោយមកបានស្លាប់ប្រុសម្នាក់ទៀតពេលទៅដល់មន្ទីពេទ្យ បន្ទាប់ពីមានរថយន្តកូឡាមួយគ្រឿងបានបើកបុក ម៉ូតូហុងដាប៊ិត ពេញទំហឹង កាលវេលា ម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខកន្លែងលក់សាច់ក្រក ក្នុងសង្កាត់ កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ស្រី ឆយ ភេទស្រីអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការនៅហាងកញ្ចុះ ស្នាក់នៅជិតភ្នំបាសិដ្ឋ មានស្រុកកំណើត នៅខេត្តបាត់ដំបង និងអ្នករងរបួស២នាក់ទៀត ទី១មានឈ្មោះ ស្រី នីត ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងស្នាក់នៅដូចគ្នា មានស្រុកកំណើតនៅខេត្តបាត់ដំបងនិងម្នាក់ទៀត មានឈ្មោះ បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ធ្វើការជាមួយគ្នា មានស្រុកកំណើត នៅខេត្តបាត់ដំបង ដោយជិះម៉ូតូម៉ាកហុងដាប៊ីត ពណ៌ស ពាក់ស្លាកលេខកណ្តាល1AL.9661ជិះឌុបគ្នា៣នាក់។ ចំណែករថយន្តបង្កម៉ាក តូយូតា កូឡា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2A.4705អ្នកបើកមានឈ្មោះ ធី ភេទប្រុស អាយុ៤០ឆ្នាំជាង ជនជាតិខ្មែរ មុខរបរ សិល្បះ រស់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ដោយបើករថយន្តក្នុងស្ថានភាពស្រវឹងស្រា។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តម៉ាកកូឡាធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ៤ ទិសដៅពីកើតទៅលិច បោះពួយយ៉ាងលឿន ដោយមិនបើកភ្លើង ខណះមកដល់ចំណុចកើតហេតុខាងលើបានរ៉េចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកម៉ូតូហុងដាប៊ីតធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ទិសដៅពីលិចទៅកើត បញ្រ្ចាស់ទិសគ្នា ពេញទំហឹងបណ្ដាលឲ្យយុវតី ម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ និងពីរ នាក់ទៀតរងរបួសធ្ងន់ធ្ងរក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យបានស្លាប់យុវជនម្នាក់ថែមទៀតជាអ្នក បើកម៉ូតូ ។ម៉ូតូរបស់ជនរងគ្រោះខ្ទិចម៉ត់មើល លែងយល់ ។ ចំណែកឯរថយន្តខ្ទិចផ្នែកខាងឆ្វេងនិងដាច់កង់មួយទៅមុខលែងរួច ភ្លាមៗ ប្រជាពលរដ្ឋបានចាប់អ្នកបើករថយន្តទុក ប្រគល់ឲ្យសមត្ថកិច្ច។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងមកវាស់វែងយករថយន្តបង្ក និងម៉ូតូព្រមទាំងតៃកុងទៅរក្សាទុករងចាំដោះស្រាយតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញ្ញាតិ យកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី។ដោយ ៖ ជីម ភារ៉ា




