អ៊ីស្រាអែលខឹងសម្បារ ខណៈប្រទេសប៉ូឡូញអនុម័តច្បាប់កំណត់ការទាមទារទ្រព្យសម្បត្តិបាត់បង់
ប្រធានាធិបតីប្រទេសប៉ូឡូញបានសម្រេចចុះហត្ថលេខាលើច្បាប់មួយដែលនឹងកំណត់សមត្ថភាពរបស់ជនជាតិជ្វីបក្នុងការទាមទារទ្រព្យសម្បត្តិរឹបអូសដោយរបបណាស៊ីអាល្លឺម៉ង់កាលពីសង្គ្រាមលោកលើកទី២ និងគ្រប់គ្រងដោយរបបកុម្មុយនិស្តក្រោយសង្គ្រាម ធ្វើឱ្យខឹងសម្បារពីប្រទេសអ៊ីស្រាអែល ដែលនិយាយថាច្បាប់នេះ«រើសអើងជនជាតិជ្វីប»។

កាលពីថ្ងៃសៅរ៍ទី ១៤ សីហា លោកប្រធានាធិបតី Andrzej Duda បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «ខ្ញុំបានធ្វើការសម្រេចនៅថ្ងៃនេះទៅលើច្បាប់នេះ ដែលក្នុងរយៈពេលប៉ុន្មានថ្ងៃនេះគឺជាប្រធានបទនៃការតស៊ូមតិយ៉ាងរស់រវើកទាំងក្នុងនិងក្រៅប្រទេស»។ លោកបានបន្តថា៖ «បន្ទាប់ពីការវិភាគស៊ីជម្រៅ ខ្ញុំបានសម្រេចចុះហត្ថលេខាលើច្បាប់នេះ»។
មុនសង្គ្រាមលោកលើកទី២ ប្រទេសប៉ូឡូញមានសហគមន៍ជនជាតិជ្វីបធំជាងគេក្នុងពិភពលោក ប៉ុន្តែត្រូវបានបំផ្លាញស្ទើរទាំងស្រុងដោយយុទ្ធនាការប្រល័យពូជសាសន៍របស់របបណាស៊ីអាល្លឺម៉ង់ ដែលបានធ្វើការរឹបអូសទ្រព្យសម្បត្តិទាំងអស់របស់ពួកគេ។ តាំងពីពេលនោះមកអតីតម្ចាស់ទ្រព្យសម្បត្តិទាំងនេះ និងកូនចៅរបស់ពួកគេបានព្យាយាមធ្វើការទាមទារសំណង។
មុនការអនុម័តច្បាប់ខាងលើ ជនជាតិជ្វីប ដែលបានចាកចេញពីប្រទេសប៉ូឡូញ និងកូនចៅរបស់ពួកគេ អាចដាក់ពាក្យបណ្ដឹងថាទ្រព្យសម្បត្តិរបស់ពួកគេត្រូវបានរឹបអូសដោយខុសច្បាប់ ហើយអាចទាមទារឱ្យប្រគល់មកវិញ ប៉ុន្តែអាជ្ញាធរប៉ូឡូញបានអះអាងថាការធ្វើបែបនេះអាចបង្កបញ្ហាភាពមិនច្បាស់លាស់អំពីកម្មសិទ្ធិទ្រព្យសម្បត្តិទាំងនេះ។ ច្បាប់ថ្មីនេះបានដាក់កំណត់រយៈពេល ៣០ឆ្នាំសម្រាប់ការដាក់ពាក្យបណ្ដឹង ខណៈពេលដែលសង្គ្រាមលោកលើកទី២បានបញ្ចប់អស់ជិត ៧៦ឆ្នាំមកហើយ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Naftalli Bennett និងរដ្ឋមន្ត្រីការបរទេសលោក Yair Lapid បានធ្វើការរិះគន់ច្បាប់នេះថារើសអើងជនជាតិជ្វីប ហើយបានបញ្ជាឱ្យមន្ត្រីការទូតជាន់ខ្ពស់ប្រចាំប្រទេសប៉ូឡូញឱ្យត្រឡប់មកមាតុភូមិវិញ ខណៈឯកអគ្គរដ្ឋទូតដែលទើបតែងតាំងត្រូវបានបញ្ជាមិនឱ្យធ្វើដំណើរទៅប្រទេសប៉ូឡូញ៕