ក្រសួងសុខាភិបាល ប្រកាសបើកយុទ្ធនាការជាតិ រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ដើម្បីក្រើនរំលឹកឱ្យរួមគ្នាអនុវត្តវិធានការចាំបាច់ៗនានា របស់រាជរដ្ឋាភិបាលកម្ពុជា

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ ក្រសួងសុខាភិបាល ចាប់ផ្ដើមធ្វើយុទ្ធនាការជាតិ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លង វីរុសកូវីដ-១៩» ដើម្បីក្រើនរំលឹកឱ្យរួមគ្នាអនុវត្តវិធានការចាំបាច់ៗនានា របស់ រាជរដ្ឋាភិបាលកម្ពុជា ដែលយុទ្ធនាការជាតិនេះ បានធ្វើឡើងនៅទីស្ដីការក្រសួងសុខាភិបាល ។

ឯ,ឧ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល មានប្រសាសន៍ថា យុទ្ធនាការនេះ ជាការពញ្ញាក់ស្មារតីអំពីគ្រោះថ្នាក់ នៃការចម្លងរាតត្បាតវីរុសកូវីដ-១៩ និងទាមទារឲ្យមានការចូលរួមទទួលខុសត្រូវទាំងអស់គ្នាពីបុគ្គល-គ្រួសារ និង សហគមន៍ ។

តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកស្រី Li Ailan ជំរុញឱ្យបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវ អនុវត្តវិធានការសុខភាពសាធារណៈ ខណៈវីរុសនេះនឹងមិនងាយបញ្ឈប់នោះទេ។ តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជារូបនេះ បានបញ្ជាក់ថា ខ្លួននឹងបន្តធ្វើការយ៉ាងជិតស្និតជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូនានា ដើម្បី ប្រយុទ្ឋប្រឆាំងជាមួយមេរោគកូវីដ-១៩ ។ លោកស្រី Li Ailan មានប្រសាសន៍បន្តថា ការយល់អំពីជំងឺកូវីដ-១៩ ក្នុង ប្រទេសកម្ពុជានាពេលនេះ កំពុងតែប្រសើរឡើង។ លោកស្រី លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការសម្រេច ចិត្តដ៏ពិបាក ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ។

នៅក្នុងឱកាសនេះដែរ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា សកម្មភាព រាតត្បាតជំងឺកូវីដ-១៩ លើសកលលោក នៅមិនទាន់មានការថមថយនៅឡើយទេ ជាពិសេស ជាមួយនឹងវត្តមាន នៃ វីរុសបំប្លែងថ្មីជាបន្តបន្ទាប់ ដែលបង្កជាហានិភ័យ នៃការឆ្លងរាតត្បាតក្នុងប្រទេសកម្ពុជា ។ លោកជំទាវ ថា វិធានការ ការពារទប់ស្កាត់ការចម្លង មិនមានការប្រែប្រួលទេ ហើយការទៅទទួលវ៉ាក់សាំង បាន លឿនបំផុត គឺជារឿងល្អ ។ លោកជំទាវ រដ្ឋលេខាធិការ ក៏បានណែនាំឱ្យអាជ្ញាធរ និងសហគមន៍ តាមដានការអនុវត្ត វិធានការសុខាភិបាល និងការ លើកទឹកចិត្ត បណ្តុះបណ្តាលធនធាន ផ្តល់សេវាមិត្តអប់រំមិត្ត អ្នកស្ម័គ្រចិត្ត ឲ្យចូលរួមផ្សព្វផ្សាយ ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៨៦០៤១នាក់ ក្នុងនោះ មានអ្នកជាសះស្បើយចំនួន ៨១២០២នាក់ និងមានអ្នកស្លាប់សរុបចំនួន ១៧០៤នាក់។ ទន្ទឹមគ្នានេះ គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន ៨លាន ៩សែន ៤ម៉ឺន ៨ពាន់ ៣៧៧នាក់ហើយ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួច មានចំនួន ៧លាន២សែន៥ម៉ឺន៨៤៩នាក់។ ចំណែកការចាក់វ៉ាក់សាំងសម្រាប់ កុមារ និងយុវវ័យចន្លោះពី ១២ ទៅ ១៨ឆ្នាំ ក្នុងរយៈពេល១៥ថ្ងៃ ចាក់បាន ៥៥ម៉ឺន១ពាន់៨០៧នាក់ ស្មើនឹង២៨,០៥% នៃអ្នកដែលត្រូវចាក់ជិត២លាននាក់ ។ យោងតាមក្រសួងសុខាភិបាល គិតមកដល់បច្ចុប្បន្ននេះ ក្នុងចំណោមប្រជាជន សរុបជាង១៦លាននាក់នៅទូទាំងប្រទេស មានប្រជាពលរដ្ឋប្រមាណ៥៥,៩៣%ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ រីឯការចាក់ដូសទី៣ ឬដូសជម្រុញវិញ គិតមកដល់ថ្ងៃទី១៥ សីហា ឆ្នាំ២០២១ ចាក់បានចំនួន២៤ម៉ឺន២៤៤នាក់ ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner