បុរសម្នាក់ ត្រូវរថយន្តធុនធំដឹកអេតចាយបុកកិន បណ្ដាលឱ្យបែកក្បាលស្លាប់ភ្លាមៗ
ភ្នំពេញ ៖ បុរសជាកម្មករសំណងម្នាក់ ត្រូវរថយន្តធុនធំដឹកអេតចាយបុករួចកិនពីលេី បណ្តាលឱ្យបែកក្បាលធ្លាយខួរស្លាប់បាត់បង់អាយុជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង៤៥នាទីព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នៅត្រង់ចំណុចស្តុបផ្លូវ៥០ម៉ែត្រ កែងផ្លូវ៣០ម៉ែត្រ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ ដន ជំ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរជាកម្មករសំណង់ ស្នាក់នៅភូមិអូររំចេក ឃុំសំព្រូច ស្រុកស្ទោង ខេត្តកំពង់ធំ ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1C-5303 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចត្រង់ចំណុចផ្លូវបំបែកជាបួន ក៏បានឆ្លងផ្លូវត្រង់ចំណុចស្តុប ក៏ស្រាប់តែមានរថយន្តធុនធំដឹកអេតចាយមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ កំពង់ចាម 3A-3654 ធ្វើដំណើរស្របទិសគ្នា ក្នុងល្បឿនមកយ៉ាងលឿន ជ្រុលទៅបុកម៉ូតូជនរងគ្រោះពីក្រោយពេញទំហឹង រួចកិនបែកក្បាលធ្លាយខួរ បណ្តាលឱ្យស្លាប់ភ្លាមៗតែម្តង។ ហើយភ្លាមនោះ តៃកុងរថយន្តបង្ក ក៏បន្តបើករត់គេច ដោយកិនអូសម៉ូតូជនរងគ្រោះនៅជាប់ខាងក្រោមប្រហែលជាង៥០ម៉ែត្រ ទើបទៅមុខលែងរួច រួចបានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើហេតុ សមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី១ និងសមត្ថកិច្ចចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ សហការជាមួយសមត្ថកិច្ចនាញចរាចរណ៍ក្រុង ចុះទៅធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូរងគ្រោះយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ រីឯ សាកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចរាល់ ក៏ប្រគល់សពឱ្យទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ/ ឆៃហួត