ខ្លឹមសារសំខាន់ៗនៃរបាយការណ៍ “ការលាតត្រដាងនូវភាពជោគជ័យនៃការចាក់វ៉ាក់សាំងរបស់កម្ពុជា” រៀបរៀងដោយ Mekong Strategic Partners
១. នៅលើផ្លូវដ៏លឿន និងការយកឈ្នះលើការប្រកួតប្រជែងវ៉ាក់សាំង៖ ដំណើរការចាក់វ៉ាក់សាំងបង្ការវីរុសកូវីដ១៩ ប្រកបដោយយុទ្ធសាស្ត្រ និងដែលបានអនុវត្តយ៉ាងឆាប់រហ័សបានធ្វើឱ្យប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសនាំមុខគេមួយនៅក្នុងពិភពលោកសម្រាប់ដំណើរការចាក់វ៉ាក់សាំង ខណៈដែលទីក្រុងភ្នំពេញបានជាប់ចំណាត់ថ្នាក់ជាទីក្រុងមួយដែលទទួលបានចាក់វ៉ាក់សាំងការពារច្រើនជាងគេបំផុតនៅលើពិភពលោក ដោយក្នុងនោះ មនុស្សពេញវ័យប្រមាណ ៩៩% បានចាក់វ៉ាក់សាំងបង្ការពេញលេញ។
២. ការចាក់វ៉ាក់សាំងរបស់ប្រទេសកម្ពុជា គឺជាជោគជ័យដ៏គួរឱ្យកត់សម្គាល់ខ្លាំងជាងបណ្តាប្រទេសអភិវឌ្ឍ និងកំពុងអភិវឌ្ឍជាច្រើន ដោយក្នុងនោះ កម្ពុជាអាចនឹងបញ្ចប់កម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួនមុនផែនការរហូតដល់ ៨ខែ និងរហូតដល់ ១២ខែមុនបណ្តាប្រទេសជិតខាង។
៣. ឥឡូវនេះ ប្រទេសកម្ពុជាគឺជាប្រទេសដំបូងគេមួយ ក្នុងចំណោមបណ្តាប្រទេសមួយចំនួនទៀតនៅលើពិភពលោក ដែលបានចាប់ផ្តើមផ្តល់នូវការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ និងការចាក់វ៉ាក់សាំងបង្ការវីរុសនេះដល់កុមារ។
៤. ភស្តុតាងផ្នែកសេដ្ឋកិច្ចបានបញ្ជាក់យ៉ាងច្បាស់ថា “អត្រាចាក់វ៉ាក់សាំងខ្ពស់នឹងធ្វើឱ្យវិស័យសេដ្ឋកិច្ច ក៏ដូចជាវិស័យសុខភាពមានភាពប្រសើរឡើង ហើយប្រទេសកម្ពុជាក៏បាននិងកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកកំណើន GDP ៦% នៅឆ្នាំ ២០២២ ផងដែរ”។
៥. ការអនុវត្តដ៏គួរឱ្យកត់សម្គាល់តាំងពីដើមរហូតមកដល់ពេលនេះ និងការអនុវត្តយ៉ាងល្អិតល្អន់របស់កម្ពុជា ពាក់ព័ន្ធនឹងការផ្តល់វ៉ាក់សាំង៖ កម្ពុជាអាចនឹងសម្រេចបាននូវគោលដៅចាក់វ៉ាក់សាំងបានលើស ៨០% នៅត្រឹមថ្ងៃទី ៣១ ខែសីហាខាងមុខ ហើយកម្ពុជាក៏បាននិងកំពុងឈានទៅរកការសម្រេចបាននូវគោលដៅវ៉ាក់សាំងលឿនជាងបណ្តាប្រទេសជាមិត្តរហូតដល់ ១ឆ្នាំផងដែរ។
៦. គិតត្រឹមថ្ងៃទី១១ សីហា ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១ នៅទូទាំងពិភពលោកទាក់ទងនឹងការផ្តល់វ៉ាក់សាំងសម្រាប់មនុស្សម្នាក់ៗ (Vaccine Doses Per Capita) ហើយជាមួយនឹងការអាចសម្រេចបាននូវការចាក់វ៉ាក់សាំងជូនដល់ប្រជាជន ៧០% នៃចំនួនប្រជាជនសរុប (បូករួមទាំងកុមារ) កម្ពុជានឹងអាចបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ដើម្បីទាក់ទាញការវិនិយោគនិងភ្ញៀវទេសចរលឿនជាងបណ្តាប្រទេសជិតខាង។
៧. ភាពជោគជ័យនៃការចាក់វ៉ាក់សាំង នឹងបង្ហាញឱ្យឃើញអំពីការធ្លាក់ចុះនូវករណីឆ្លង ហើយចំនួនករណីឆ្លង និងស្លាប់នៅកម្ពុជាក៏បាននិងកំពុងថយចុះផងដែរ ខណៈពេលដែលតំបន់ជិតខាងបាននិងកំពុងកើនឡើងកាន់តែខ្លាំង។ បើប្រៀបធៀបទៅនឹងបណ្តាសមាជិកអាស៊ាន អត្រាមរណៈភាពទាបរបស់កម្ពុជា គឺមានន័យស្មើនឹង “មនុស្សនៅរស់រានមានជីវិតចំនួន ៣៤០នាក់ជារៀងរាល់សប្តាហ៍នៅកម្ពុជា”។
៨. វ៉ាក់សាំងល្អបំផុត គឺជាវ៉ាក់សាំងទាំងឡាយណាដែលអ្នកអាចទទួលបាន ហើយកម្ពុជាបាននិងកំពុងប្រើប្រាស់វ៉ាក់សាំង Sinovac, Sinopharm, Astrazeneca និង Johnson & Johnson។ ខណៈពេលដែលប្រទេសកម្ពុជានៅមិនទាន់មានលទ្ធភាពទទួលបានវ៉ាក់សាំងប្រភេទ mRNA ពីក្រុមហ៊ុន Pfizer និង Moderna ក៏កម្ពុជានៅតែអាចទទួលបានវ៉ាក់សាំងដែលមានឥទ្ធិពលពីការបង្ការមនុស្សពីការចូលមន្ទីរពេទ្យ និងពីការស្លាប់ បើទោះបីជាអត្រាប្រសិទ្ធភាពវានៅមានកម្រិតទាបជាងវ៉ាក់សាំង Pfizer និង Moderna ក៏ដោយ។
៩. កត្តាទាំងនេះនឹងអាចធ្វើឱ្យប្រទេសកម្ពុជាទទួលបានកំណើន GDP ៦% នៅឆ្នាំ២០២២ ហើយបន្ថែមពីលើអត្ថប្រយោជន៍សុខភាព សេដ្ឋកិច្ចរបស់កម្ពុជាអាចនឹងស្ទុះងើបឡើងវិញលឿនជាងបណ្តាប្រទេសជាមិត្ត។ បណ្តាប្រទេស ដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់នឹងអាចទទួលបានចក្ខុវិស័យកំណើនប្រសើរឡើងជាងបណ្តាប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងទាប។
១០. ការធ្វើបច្ចុប្បន្នភាពនៃសេដ្ឋកិច្ចសកលរបស់ IMF បានលើកឡើងថា “លទ្ធភាពក្នុងការទទួលបានវ៉ាក់សាំងបានក្លាយជាចំណុចខ្សោយដ៏ចម្បងមួយ ដែលបានបែងចែកពិភពលោកទៅជាក្រុមចំនួន២ ដោយក្នុងនោះរួមមានក្រុមប្រទេសដែលអាចនឹងវិលទៅរកសកម្មភាពជាធម្មតាឡើងវិញនៅចុងឆ្នាំនេះ (ភាគច្រើនគឺជា ប្រទេសជឿនលឿន) និងក្រុមប្រទេស ដែលនឹងនៅតែប្រឈមមុខនឹងការរាតត្បាតនៃវីរុស និងការកើនឡើងនៃករណីឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩”។
១១. “តើកម្ពុជាសម្រេចបានជោគជ័យទាំងនេះដោយរបៀបណា?”៖ សមត្ថភាពតាមដានទំនាក់ទំនងដ៏ខ្លាំងបានជួយកាត់បន្ថយផលប៉ះពាល់នៅដំណាក់កាលដំបូង បូករួមទាំងអន្តរាគមន៍មិនមែនឱសថ (NPIs) ដែលរួមមានការពាក់ម៉ាស់ជាកាតព្វកិច្ច ការធ្វើចត្តាឡីស័ក និងការបិទខ្ទប់ ដែលសុទ្ធតែបានផ្តល់ពេលវេលាគ្រប់គ្រាន់ដល់ការពន្លឿនដំណើរការចាក់វ៉ាក់សាំង។
១២. ទំនួលខុសត្រូវរបស់សហគមន៍នៅកម្ពុជាមានទំហំធំ បើប្រៀបធៀបនឹងការឆ្លើយតបជាលក្ខណៈបុគ្គលនិយម ដែលបានឃើញនៅក្នុងប្រទេសមួយចំនួន ហើយភាពស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំងនៅកម្ពុជាក៏មានកម្រិតទាបផងដែរ។
១៣. កម្ពុជាបានព្យាយាមស្វែងរកលទ្ធភាពទទួលបានវ៉ាក់សាំងតាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន បូករួមទាំងការបរិច្ចាគតាមរយៈយន្តការ COVAX ការបរិច្ចាគដោយផ្ទាល់ក្នុងលក្ខណៈទ្វេភាគី បូករួមនឹងការបញ្ជាទិញ។
១៤. ការគ្រប់គ្រងកម្មវិធីដ៏ខ្លាំង (បន្ទាប់ពីបញ្ហាមួយចំនួនបានកើតឡើង)៖
- ទី១ “ផែនការចែកចាយវ៉ាក់សាំងមានភាពច្បាស់លាស់ និងសាមញ្ញ ដោយផ្អែកលើទីតាំង ជាជាងការកំណត់អាយុ ដែលមានភាពស្មុគស្មាញ”,
- ទី២ “ការផ្តល់អាទិភាពដល់តំបន់ដែលមានហានិភ័យខ្ពស់ និងទីតាំងដែលមានផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងសុខភាពខ្ពស់ដូចជានៅតាមបណ្តារោងចក្រកាត់ដេរនៅតំបន់ទីប្រជុំជន ដែលនឹងផ្តល់ការការពារដល់ការងារ និងសុខភាពបុគ្គលិក” និង
- ទី៣ “ការប្រើប្រាស់យោធាដើម្បីគាំទ្រដល់ការចែកចាយ និងការផ្តល់វ៉ាក់សាំង”។
១៥. “ដូច្នេះតើរឿងរ៉ាវទាំងអស់នេះនឹងមានន័យយ៉ាងដូចម្តេច?”៖ ដំបូងបង្អស់ កម្មវិធីចាក់វ៉ាក់សាំងនឹងធ្វើឱ្យសុខភាពរបស់ប្រជាជនកម្ពុជាមានការប្រសើរឡើង ហើយរដ្ឋាភិបាលកម្ពុជាបាននិងកំពុងទទួលជោគជ័យលើកិច្ចការនេះ។
១៦. ការបិទខ្ទប់ និងការរឹតបន្តឹងតិចតួចនឹងជួយលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនកម្ពុជាជាទូទៅ ហើយកម្មវិធីវ៉ាក់សាំងកំពុងកាត់បន្ថយសម្ពាធលើប្រព័ន្ធមន្ទីរពេទ្យ ដែលមិនសូវសំបូរធនធាននៅកម្ពុជា។
១៧. ភាពជោគជ័យនេះនឹងកាត់បន្ថយការរំខានលើប្រតិបត្តិការផលិតកម្ម និងការឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក ជាពិសេសសម្រាប់សេវាកម្ម ហើយវាក៏នឹងជួយគាំទ្រដល់កំណើនសេដ្ឋកិច្ច និងជំរុញការវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀតផងដែរ។
១៨. ជាងនេះទៅទៀត កម្ពុជាអាចនឹងពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងការគាំទ្រដល់ការវិលត្រឡប់មកវិញរបស់ភ្ញៀវទេសចរ ហើយការវិលត្រឡប់ទៅរកគន្លងនៃការរីកលូតលាស់លឿន នឹងជួយដល់ជំហរសារពើពន្ធរបស់រដ្ឋាភិបាល ដែលនេះគឺជាផលចំណេញដ៏ល្អដែលទទួលបានពីការវិនិយោគដ៏សំខាន់របស់កម្ពុជា នៅក្នុងកម្មវិធីចាក់វ៉ាក់សាំង។
អានអត្ថបទដើមជាភាសាអង់គ្លេស –> https://www.mekongstrategic.com/post/vaccination-nation









