តុលាការប្រកាសសាលក្រមផ្តន្ទាទោស រ៉ុង ឈុន ដាក់ពន្ធនាគារ២ឆ្នាំ និងបក្ខពួកពីរនាក់ ២០ខែ និងសងសំណងទៅគណៈកម្មការព្រំដែន៤០០លានរៀល
ភ្នំពេញៈ តុលាការក្រុងភ្នំពេញបានប្រកាសសាលក្រមផ្តន្ទាទោសលោក រ៉ុង ឈុន ដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ និងបក្ខពួកចំនួនពីរទៀត គឺឈ្មោះ តុន និមល និងឈ្មោះ ស កណ្ណិកា ដាក់ពន្ធនាគាររយៈពេល ២០ខែនិងពិន័យ ជាប្រាក់ក្នុងម្នាក់ ២លានរៀល និងរួមគ្នាសងសំណងទៅគណៈកម្មការព្រំដែនចំនួន៤០០លានរៀល។ ការប្រកាសសាលក្រមនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ គឺបន្ទាប់ពីតុលាការបានបើកសវនាការជំនុំជម្រះកាលពីថ្ងៃទី៣០ ខែកក្កដាកន្លងទៅ។
ជនជាប់ចោទទាំងបីនាក់ ដែលពាក់ព័ន្ធការបំភ្លៃការពិតរឿងព្រំដែនកម្ពុជា វៀតណាម មានដូចជា លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា , ឈ្មោះ តុន និមល និងឈ្មោះ ស កណ្ណិកា។ អ្នកទាំងបីត្រូវបានចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ការចោទប្រកាន់នេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ដោយលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
យោងតាមមាត្រា ៤៩៥. បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ៈ អំពើញុះញង់ដោយផ្ទាល់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមតាមមធ្យោណាមួយក្នុងចំណោមមធ្យោបាយដែលមានចែងក្នុងមាត្រា ៤៩៤ (លក្ខខណ្ឌអត្ថិភាពនៃការញុះញង់) នៃក្រមនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ២ (ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី ១ ០០០ ០០០ (មួយលាន) រៀលទៅ ៤ ០០០ ០០០ (បួនលាន) រៀល ប្រសិនបើការញុះញង់នេះគ្មានប្រសិទ្ធភាពទេ។


លោក រ៉ុង ឈុន
លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីម៉ោងជាង៩យប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នៅផ្ទះរបស់ លោកនៅចាក់អង្រែរាជធានីភ្នំពេញ ហើយនៅថ្ងៃទី១ ខែសីហាបានបញ្ជូនខ្លួនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីឲ្យព្រះរាជអាជ្ញា និងចៅក្រមធ្វើការសាកសួរ។
គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានច្រានចោលចំពោះសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលបានផ្សាយព័ត៌មាន និងបានចោទប្រកាន់គ្មានមូលដ្ឋានថា ការបោះបង្គោលព្រំដែនពីលេខ១១៤ ដល់លេខ១១៩ មានភាពមិនប្រក្រតីច្រើន ដែលធ្វើឲ្យពលរដ្ឋបាត់បង់ដីអាស្រ័យផលទៅខាងភាគីវៀតណាមជាច្រើនរយហិចតា និងថា អាជ្ញាធរវៀតណាមបានបណ្ដេញ និងប្រជាពលរដ្ឋខ្មែរដែលរងគ្រោះពីដីធ្លីចូលប្រមាណជាង ២០០ម៉ែត្រក្នុងដីខ្មែរ ដែលអាជ្ញាធរខ្មែរមិនបានទប់ស្កាត់ ចំពោះទង្វើអាជ្ញាធរយួនធ្វើមកលើពលរដ្ឋរងគ្រោះនៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គឺជាការប្រឌិតរឿងក្នុងគោលបំណងបំភ័ន្តសាធារណៈមតិជាតិ និងអន្តរជាតិ។
គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានបដិសេធចោលទាំងស្រុងនូវសេចក្តីថ្លែងការណ៍របស់លោក រ៉ុង ឈុន និងគូកននៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាដែលមានចេតនាបង្កើតប្រឌិតរឿងនិងផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយដោយចេតនាទុច្ចរិតក្នុងគោលបំណងបំភ័ន្តសាធារណៈមតិជាតិនិងអន្តរជាតិដោយធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើការងារព្រំដែនរបស់រាជរដ្ឋាភិបាលអំពីការធ្វើឲ្យបាត់បង់ទឹកដីក៏ដូចជាការបណ្ដោយឲ្យមានការរំលោភបំពានទឹកដីពីប្រទេសជិតខាង ធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ដីស្រែចំការនៅភូមិត្រពាំងផ្លុង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ស កណ្ណិកា 
តុន និមល
គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនបានបន្តថា ការផ្សព្វផ្សាយ និងចែកចាយព័ត៌មានក្លែងក្លាយ បំផ្លើសពីការពិត និងមានការឃុបឃិតដោយចេតនាជាមួយជនខិលខូចដែលបានអះអាងថា ជាដីកេរដូនតារបស់ខ្លួនជាយូរមកហើយនោះ និងថាគណៈកម្មាធិការព្រំដែនកម្ពុជា និងយួន បានស្នើសុំឲ្យពលរដ្ឋផ្អាកការបង្កបង្កើនផលលើដីនោះ ជាបណ្តោះអាសន្នសិន រង់ចាំការបោះបង្គោលរួចរាល់សិនទើបឲ្យពួកគាត់ធ្វើស្រែចំការលើដីនោះវិញ។
គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានធ្វើការបដិសេធចោលទាំងស្រុងនូវព័ត៌មានក្លែងបន្លំ និងបំភ្លៃការពិតទាំងនេះ ដោយហេតុថា៖ ១-ការខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ពុំបានធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីនោះទេ និងពុំមានអាជ្ញាធរវៀតណាម ចូលមករុញច្រានពលរដ្ឋខ្មែរមិនឲ្យដាំដុះក្នុងដីខ្មែរប្រមាណ ២០០ម៉ែត្រ នោះទេ។ ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលខេត្តត្បូងឃ្មុំក៏បានបញ្ជាក់យ៉ាងច្បាស់ផងដែរ ក្នុងសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។ ២-ការអះអាងថា គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនថា “បានស្នើសុំឲ្យពលរដ្ឋខ្មែរផ្អាកការបង្កបង្កើនផលលើដីនោះជាបណ្តោះអាសន្ន រង់ចាំការបោះបង្គោលរួចរាល់សិន ទើបឲ្យពួកគាត់ធ្វើស្រែចំការលើដីនោះវិញ” គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន សូមធ្វើការបដិសេធចោលទាំងស្រុងនូវការប្រឌិតព័ត៌មានក្លែងក្លាយនេះ។ ជាគោលការណ៍ក្នុងការធ្វើព្រំដែន រាជរដ្ឋាភិបាលកម្ពុជាតែងតែបញ្ជាក់ហើយបញ្ជាក់ទៀតថា នឹងរក្សាទុកដីឲ្យពលរដ្ឋខ្មែរដែលបាន និងកំពុងគ្រប់គ្រងអាស្រ័យផលទាំងនោះ ឲ្យបន្តការគ្រប់គ្រងនិងកាន់កាប់បង្កបង្កើនផលដដែល។ រាជរដ្ឋាភិបាលគ្មានគោលការណ៍សងដីឲ្យពលរដ្ឋវិញក្រោយការបោះបង្គោលព្រំដែន ដូចការលើក ឡើងរបស់ជនខិលខូចនោះឡើយ៕
ដោយៈពលជ័យ