អគ្គលេខាធិការ កីឡាហាប់គីដូ នៅតែបន្តឆន្ទៈសម្រួចធនធាន ទោះមិនទទួលថវិកាគាំទ្រពីក្រសួងអប់រំក៏ដោយ

លោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធកីឡាហាប់គីដូកម្ពុជា បានអះអាងថា សហព័ន្ធនៅតែបន្តគោលដៅបណ្តុះបណ្តាលធនធានយុវជនវ័យក្មេង ទោះបីជាដំណើរការអភិវឌ្ឍន៍វិស័យកីឡាហាប់គីដូ មិនទទួលបានថវិកាគាំទ្រប្រចាំឆ្នាំពីក្រសួងអប់រំយុវជន និងកីឡា ដូចបណ្តាសហព័ន្ធកីឡាជាតិនានា ក៏នៅតែបន្តឆន្ទ:ពុះពារបណ្តុះធនធានឱ្យកាន់តែសម្បូរបែប នៅកម្ពុជា ។


អគ្គលេខាធិការខាងលើ ពន្យល់ថា មូលហេតុចម្បងសហព័ន្ធមិនទទួលបានថវិកាគាំទ្រ ដោយសារហាប់គីដូ មិនមែនជាប្រភេទកីឡាសក្តានុពល និងមិនធ្លាប់ចេញទៅប្រកួតអន្តរជាតិ ចំនុចមួយទៀតមិនទាន់អាចបំពេញគ្រប់លក្ខខណ្ឌនានា របស់ក្រសួងអប់រំ យុវជន និងកីឡា ។ ប្រភេទកីឡាមិនអូឡាំពិកមួយនេះ មិនទទួលបានការគាំទ្រថវិកាជាតិ សម្រាប់ការរៀបចំព្រឹត្តិការណ៍ប្រកួតប្រចាំឆ្នាំនោះទេ ។

ប៉ុន្តែសហព័ន្ធទទួលបានការឧបត្ថម្ភ ពីសមាជិកភាពសហព័ន្ធ អាណាព្យាលបាលរបស់កីឡាករ កីឡាការិនី និងសប្បុរសជននានា ដែលតែងតែគាំទ្រដល់ប្រភេទកីឡាជំនាញមួយនេះ ។ អ្នកជំនាញក្បាច់គុនហាប់គីដូរូបនេះ បានអះអាងថា គម្រោងរៀបចំការប្រកួតជើងឯកប្រចាំឆ្នាំជាលើកដំបូង នៅតែមិនទាន់បានធ្វើនៅឡើយទេ ដោយសារវិបត្តិកូវីដ-១៩ ត្រូវបានអូសបន្លាយ តាំងពីឆ្នាំ២០២០មកម្ល៉េះ ។ ការត្រៀមរៀបចំជើងឯកថ្នាក់ជាតិនេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសឱ្យកីឡាករ កីឡាការិនីហាប់គីដូទូទាំងប្រទេស បានចូលរួមប្រកួតប្រជែងយកមេដាយ ដើម្បីបង្កើនគុណភាពបច្ចេកទេសឱ្យបានកាន់ តែប្រសើរ ។


សូមរម្លឹកថា ក្បាច់គុនហាប់គីដូ មានប្រភពដើមមកពីប្រទេសកូរ៉េខាងត្បូង ភាគច្រើនក្បាច់គុនមួយបង្ហាត់ដល់កងកម្លាំងប្រដាប់អាវុធ អង្គរក្ស សម្រាប់ប្រយុទ្ធ និងការពារខ្លួន ហើយក្បាច់គុននេះប្រមូលផ្តុំដោយស្នៀតការពារខ្លួនជាច្រើន ។ ហាប់គីដូ បានចូលមកកម្ពុជាតាំងពីទស្សវត្ស៦០ ប៉ុន្តែសហព័ន្ធកីឡាហាប់គីដូ ត្រូវបានបង្កើតឡើងជាផ្លូវការ កាលពីឆ្នាំ២០០១ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner