ហៃទី ៖ ព្យុះ និងគ្រោះទឹកជំនន់វាយលុក ស្របពេលចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីចេះតែបន្តកើនឡើង

ទីភ្នាក់ងារ​ការពារ​ស៊ីវិល​ហៃទី​​និយាយ​ថា​ ចំនួន​មនុស្ស​ស្លាប់​ដោយ​សារ​គ្រោះ​រញ្ជួយ​ដី​កម្រិត​ ៧,២ ​រ៉ិចទ័រ​បាន​កើន​ឡើង​ដល់​ ១ ៩៤១ ​នាក់​ គិត​ត្រឹម​ថ្ងៃ​អង្គារ​​​ ខណៈ​ព្យុះ​ត្រូពិក​មួយ​​បាន​បក់​បោក​ចូល​ក្នុង​ប្រទេស​នេះ​ដោយ​នាំ​ជាមួយ​នូវ​ភ្លៀង​ធ្លាក់​យ៉ាង​ជោគជាំ​ បង្ក​ជា​បញ្ហា​ថ្មី​មួយ​ទៀត​សម្រាប់​ប្រជាជន​ហៃទី​ដែល​រង​គ្រោះ​រួច​ស្រាប់​ហើយ​។​

​យោង​តាម​ទីភ្នាក់ងារ​កុមារ​របស់​អង្គការ​សហ​ប្រជាជាតិ​ ហៅកាត់ថា​​យូនីសេហ្វ​  គ្រោះ​រញ្ជួយដី​កាល​ពី​ថ្ងៃ​សៅរ៍​ដែល​ធ្វើ​ឱ្យ​មនុស្ស​ជិត​ ១​ សែន​នាក់​រង​របួស​ ក៏​បាន​បំផ្លាញ​ផ្ទះ​ជាង​ ៦០ ០០០ ​ខ្នង​ និង​ ៧៦ ០០០ ​រក​ការ​ខូច​ខាត​ និង​ប៉ះពាល់​ដល់​ក្មេង​ជាង​កន្លះ​លាន​នាក់​។​

​​នៅ​តាម​បណ្ដោយ​ឆ្នេរ​នៃ​ក្រុង​ Les Cayes ​ដែល​ជា​ក្រុង​មួយ​ក្នុង​ចំណោម​ក្រុង​ពីរ​ដែល​រង​គ្រោះ​ជាង​គេ​ ប្រជាជន​បាន​ចាប់​ផ្តើម​សាង​សង់​ជម្រក​បណ្តោះ​អាសន្ន​របស់​ខ្លួន​ នៅ​លើ​ទី​លាន​បាល់​ទាត់​ ថ្វី​បើ​មាន​ខ្យល់​បក់​យ៉ាង​ខ្លាំង​ និង​ភ្លៀង​ធ្លាក់​ជោគ​ជាំ​ដែល​បណ្ដាល​មក​ពី​​ព្យុះ​ត្រូពិក​ហ្គ្រេស ​(Grace) ​ក៏​ដោយ​​​។​

មជ្ឈ​មណ្ឌល​​ព្យុះ​សង្ឃរា​ជាតិ​អាមេរិក​ បាន​ព្រមាន​អំពី​ទឹក​ជំនន់​ភ្លាម​ៗ​ និង​ការ​រអិល​បាក់​ដី​ ​ក្នុង​កម្រិត​ភ្លៀង​ធ្លាក់​រហូត​ដល់​ ៣៨​ សង់ទីម៉ែត្រ​។ ​មន្រ្តី​ហៃទី ​ក៏​បាន​ប្រកាស​ឱ្យ​ប្រជាជន​​ប្រយ័ត្ន​ចំពោះ​អាគារ​ដែល​មាន​ស្នាម​ប្រេះ​ពី​ការ​រញ្ជួយ​ដី​ ព្រោះ​វា​អាច​​រលំ​ក្រោម​ទម្ងន់​ទឹក​។​

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner