ហ្វេសប៊ុកបន្តហាមឃាត់មាតិកាទាក់ទងនឹងតាលីបង់

ក្រុមហ៊ុន​ហ្វេសប៊ុក​​បញ្ជាក់​ថា​ ខ្លួន​នឹង​បន្ត​ហាម​ឃាត់​មាតិកា​ទាក់ទង​​នឹងក្រុម​​តាលីបង់​ពី​វេទិកា​របស់​ខ្លួន​ តាម​រយៈ​ក្រុម​អ្នក​ជំនាញ​អាហ្វហ្គានីស្ថាន​ដែល​ចេះ​ភាសា​ និង​មាន​ចំណេះ​ដឹង​អំពី​បរិបទ​ក្នុង​ស្រុក​​ ត្រួត​ពិនិត្យ​កិច្ចការ​នេះ​ ក្រោម​​ហេតុ​ផល​ថា​ក្រុម​សកម្ម​ប្រយុទ្ធ​​​នេះ​ ជា​អង្គការ​ភេរវកម្ម​។​

​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ដែល​ក្រុម​តាលីបង់​បាន​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ដើម្បី​ផ្សព្វផ្សាយ​សារ​ និង​ការ​ឃោសនា​ផ្សេង​ៗ​របស់​ខ្លួន​ ខណៈ​ហ្វេសប៊ុក​បាន​ហៅ​តាលីបង់​ថា​ជា​អង្គការ​គ្រោះថ្នាក់មួយ​អស់​​ជាច្រើន​ឆ្នាំ​មក​ហើយ​។​ ការ​កាន់​កាប់អា​ហ្វហ្គានីស្ថានបាន​​យ៉ាង​ឆាប់​រហ័ស​របស់​ក្រុម​នេះ​ បង្កើត​ឱ្យ​មាន​បញ្ហា​ប្រឈម​ថ្មី​សម្រាប់​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ អំពី​របៀប​ដោះស្រាយ​ជាមួយ​មាតិកា​ដែល​ទាក់ទង​នឹងក្រុម​​តាលីបង់​។​

អ្នកនាំ​ពាក្យ​ក្រុម​ហ៊ុន​ហ្វេសប៊ុក​ម្នាក់​បាន​ប្រាប់​សារព័ត៌មាន​ BBC ​ថា​៖​ «​តាលីបង់​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​ថាជា​អង្គការ​ភេរវកម្ម​ក្រោម​ច្បាប់​របស់​សហរដ្ឋ​អាមេរិក​ ហើយ​យើង​បាន​ហាម​ឃាត់​ពួក​គេ​ពី​សេវាកម្ម​របស់​យើង​ ក្រោម​គោល​នយោបាយ​​អង្គការ​គ្រោះថ្នាក់​របស់​យើង​។​ នេះ​មាន​ន័យ​ថា ​យើង​ដក​គណនី​ដែល​កាន់​ដោយ​ ឬ​ក្នុង​នាម​តាលីបង់​ ហើយ​ហាម​ឃាត់​ការ​សរសើរ​ ការ​គាំទ្រ​ និង​ការ​តំណាង​ឱ្យ​ពួក​គេ​»​។​

​ក្រុម​ហ៊ុន​បណ្តាញ​សង្គម​យក្ស​នេះ​បាន​និយាយ​ថា​ ខ្លួន​មិន​ធ្វើ​ការ​សម្រេច​ចិត្ត​អំពី​ការ​ទទួល​ស្គាល់​រដ្ឋាភិបាល​ជាតិ​ទេ​ ប៉ុន្តែ​​​ធ្វើ​តាម​ «​សិទ្ធិ​អំណាច​របស់​សហគមន៍​អន្តរជាតិ​»​។​ ហ្វេសប៊ុក​គូស​បញ្ជាក់​ថា​ គោល​នយោបាយ​នេះ​អនុវត្ត​ចំពោះ​គ្រប់​វេទិកា​របស់​ខ្លួន​ រួម​ទាំង​​ Instagram និ​ង​ WhatsApp ​។ ​យ៉ាង​ណា​មិញ​ នៅ​តែ​មាន​របាយការណ៍​ដែល​ថា​ ក្រុម​តាលីបង់​ ប្រើ​ប្រាស់​ WhatsApp ​ដើម្បី​ប្រាស្រ័យ​ទាក់​ទង​។​

​​​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​គូ​ប្រជែង​ហ្វេសប៊ុក​ផ្សេង​ទៀត​ ក៏​​ត្រួត​ពិនិត្យ​ផង​ដែរ​អំពី​របៀប​ដែល​ខ្លួន​គ្រប់​គ្រង​មាតិកា​​ទាក់​ទង​នឹង​ពួក​តាលីបង់​។​

​ជា​ឧទាហរណ៍ ​Twitter ​មិន​អនុញ្ញាត​ឱ្យ​ចលនា​ដែល​លើក​កម្ពស់​ភេរវកម្ម​ ឬ​អំពើ​ហឹង្សា​លើ​ជន​ស៊ីវិល​ឡើយ​។​ យ៉ាង​ណា​មិញ​ អ្នក​នាំ​ពាក្យ​របស់​តាលីបង់​បាន​ប្រើ​បណ្តាញ​សង្គម​មួយ​នេះ​ ដើម្បី​បញ្ជូន​ព័ត៌មាន​ចុង​ក្រោយ​ដល់​អ្នក​តាម​ដាន​រាប់​សែន​នាក់​របស់​ខ្លួន​ ខណៈ​ដែល​ក្រុម​នេះ​​ដណ្តើម​បាន​ការ​គ្រប់គ្រង​នៅ​អាហ្វហ្គានីស្ថាន​មក​វិញ​។ ​ការណ៍​នេះ​បង្ក​ជា​សំណួរ​លើ​ចំណាត់កា​រ​របស់​ក្រុម​ហ៊ុន​ Twitter ​ដែល​បិទ​គណនី​របស់​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ ដូ ​ណាល់ត្រាំ​។​

អ្នក​នាំ​ពាក្យ​របស់​ក្រុម​ហ៊ុន​ Twitter ​​និយាយ​ថា​​ ក្រុម​ហ៊ុន​កំពុង​ «​លុប​មាតិកា​ដែល​រំលោភ​គោល​នយោបាយ​របស់​ខ្លួន​»​ ប៉ុន្តែ​មិន​បាន​និយាយ​ជា​ពិសេស​ដល់​អ្នក​នាំ​ពាក្យ​តាលីបង់​ ឬ​អតីត​ប្រធានា​ធិបតី​ទេ​។​

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner