រដ្ឋមន្ត្រីក្រសួងកសិកម្មច្រានចោលការចោទរបស់ក្រុមហ៊ុនចំនួនបួនរឿងនាំជ្រូកចូលមកកម្ពុជា ដោយបញ្ជាក់ថា ជាល្បិចរបស់ពួកឈ្មួញនាំចូលតែប៉ុណ្ណោះ ព្រោះពួកនេះធ្លាប់ប្រើឧបាយកលនេះច្រើនដងហើយ (មានវីដេអូ)
ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានធ្វើការឆ្លើយតបទៅនឹងការចោទប្រកាន់របស់ក្រុមឈ្មួញ និងក្រុមហ៊ុនមួយចំនួនដែលបានចោទប្រកាន់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញគោលការណ៍អនុញ្ញាតឲ្យនាំចូលសត្វជ្រូករស់សម្រាប់យកមកបំពេញសេចក្តីត្រូវលើទីផ្សារក្នុងប្រទេសកម្ពុជា អនុញ្ញាតឲ្យតែបក្ខពួកខ្លួន មិនមានតម្លាភាព ធ្វើឲ្យឈ្មួញដែលនាំចូលមានលក្ខណៈផ្តាច់មុខគ្រប់គ្រងទីផ្សារ ធ្វើឲ្យឈ្មួញដំឡើងតម្លៃសាច់ជ្រូកលើទីផ្សារឡើងថ្លៃខ្ពស់ស្រេចតែចិត្ត គឺជាការមិនពិតនោះទេ។
រដ្ឋមន្ត្រីបានដាក់ចំៗថា “ជាល្បិចរបស់ពួកឈ្មួញនាំចូលតែប៉ុណ្ណោះ ព្រោះពួកនេះធ្លាប់ប្រើឧបាយកលនេះច្រើនដងហើយ។ សំខាន់ទាក់ទងទៅនឹងតម្លៃ វាអាស្រ័យទៅលើការចិញ្ចឹមក្នុងស្រុក និងការចាត់ចែងរបស់ទីផ្សារសេរី ជាពិសេសមានក្រសួងពាណិជ្ជកម្ម គេតាមមើលជាប្រចាំ ។ ក្រសួងកសិកម្មគ្មានសិទ្ទិទេ។ ការឆ្លើយតបនេះបានធ្វើឡើងបន្ទាប់ពីក្រុមអាជីវករ និងក្រុមហ៊ុនចំនួនបួនដែលអះអាងថា ធ្លាប់ប្រកបមុខរបរអាជីវកម្ម និងជាអ្នកធ្លាប់នាំសត្វជ្រូករស់ ចូលមកផ្គត់ផ្គង់ក្នុងប្រទេសកម្ពុជា និងនាំឆ្លងកាត់ទៅកាន់ប្រទេសវៀតណាមបានធ្វើការចោទប្រកាន់ទៅលើក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថា ក្រសួងកសិកម្មបានចេញគោលការណ៍អនុញ្ញាតឲ្យនាំចូលសត្វជ្រូករស់ សម្រាប់យកមកបំពេញសេចក្តីត្រូវលើទីផ្សារក្នុងប្រទេសកម្ពុជា អនុញ្ញាតឲ្យតែបក្ខពួកខ្លួន មិនមានតម្លារភាព ធ្វើឲ្យឈ្មួញដែលនាំចូលមានលក្ខណៈផ្តាច់មុខ គ្រប់គ្រងទីផ្សារ ធ្វើឲ្យឈ្មួញតម្លើងតម្លៃសាច់ជ្រូកលើទីផ្សារឡើងថ្លៃខ្ពស់ស្រេចតែចិត្ត។
ការចោទប្រកាន់នេះ បានធ្វើឡើងតាមរយៈលិខិតដាក់ជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ និងចូលដល់ការិយាល័យរដ្ឋបាលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ។ ឯកឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ចំពោះសត្វនេះ យើងមិនអាចចេះតែដេញថ្លៃដូចផលិតផលខោអាវឡានអីបានទេ ពីព្រោះមានច្បាប់ ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ ជាពិសេសរោគឆ្លងសត្វ គឺយើងមិនមែនចេះតែអនុញ្ញាតទេ ទាល់តែមានការបញ្ជាក់ផ្តល់នៅវិញ្ញាប័នបត្របញ្ជាក់សុខភាពសត្វ មុននឹងឆ្លងពីខេត្តមួយមកខេត្តមួយ ឆ្លងពីប្រទេសមួយមកប្រទេសមួយ គឺគេមានវិន័យរបស់គេ មានក្រឹត្យក្រមច្បាប់របស់គេ ទាំងច្បាប់ក្នុងប្រទេស ក្នុងតំបន់ និងពិភពលោក ដែលមានអង្គការ សុខភាពសត្វពិភពលោក គេតាមដានមើលយើងទាំងអស់គ្នា ស្តីអំពីការអនុវត្តច្បាប់ស្តីពីការចរាចរណ៍សត្វ មិនមែននឹកឃើញស្រេចតែថា ដេញថ្លៃនេះដេញថ្លៃនោះអត់បានទេ គឺកម្រិតកំណត់នៃការចែកចាយ យើងមិនចេះតែយកសត្វឈឺមកចែកចាយនៅកម្ពុជាបាននោះទេ នេះជាវិធានការច្បាប់ចំពោះមុខដែលយើងកំពុងតែមាន។
ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា យើងមើលប៉ុន្មានថ្ងៃនេះដឹងហើយ គ្រាន់តែមានបញ្ហាតិចតួច គេទប់ស្កាត់ផ្លែមៀន តាងែន របស់យើងមិនឲ្យចូលទឹកដីថៃទេ ហើយប្រជាជនធ្វើបាតុកម្មមិនឲ្យផលិតផលថៃចូលកម្ពុជា ហើយក្រុមនេះគិតតែបំផុសឲ្យយកផលិតផលមកចាក់ចោលនៅកម្ពុជា ធ្វើឲ្យបាត់បង់ឱកាសមាសសម្រាប់ប្រជាជនខ្មែរក្នុងការផលិត។ ហើយមួយថ្ងៃទៅមួយថ្ងៃសកម្មភាពរបស់ខ្ញុំខំបំផុសឲ្យប្រជាជនខ្មែរ ទិញផលិតផលខ្មែរ ដែលផលិតបានដាំបានយកមកទទួលទានកុំឲ្យប្រើប្រាស់របស់គេ ដែលជាផលប្រយោជន៍សេដ្ឋកិច្ច របស់គេ អ្វីដែលយើងធ្វើបានយើងគួរតែទិញរបស់ខ្មែរយើង បើទោះថ្លៃបន្តិចបន្តួច ដោយសារ កម្ពុជាមិនទាន់កែច្នៃបានល្អប្រសើរ ដូចជាចំណីនៅថ្លៃជាងគេបន្តិចដោយសារភ្លើងថ្លៃ។ អីចឹងទៅ វានៅកម្រិតមួយខ្ពស់។ ចិញ្ចឹមទៅវារាងថ្លៃបន្តិច គឺមិនអាចបញ្ចុះថោកបានទេ វាអាស្រ័យទៅលើអ្នកចិញ្ចឹមក្នុងស្រុក។ អ្នកចិញ្ចឹមក្នុងស្រុក គឺគាត់បានត្អូញត្អែរយើងបានដឹងទាំងអស់។ សមាគមចិញ្ចឹមសត្វគាត់ធ្វើសន្និសីទកាសែតជាបន្តបន្ទាប់ បើសិនជាយើងមិនពុះពារខិតខំ ប្រឹងប្រែងដោះស្រាយដោយខ្លួនឯងទេ បើសិនជាយើងបើកចំហរឲ្យនាំចូលនោះ កម្ពុជានឹង ធ្វើខ្ញុំគេជារៀងរហូតទៅ។ នេះគឺជាអ្វីដែលជាគោលជំហររបស់របស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ។ ដូចជាប៉ុន្មានថ្ងៃនេះ យើងខំបំផុសឲ្យខ្មែរចេះទិញផលិតផលខ្មែរ ជាពិសេសផ្លែមៀនតាងែនមកចែកចាយប្រជាជនក្នុងស្រុក ដើម្បីផលប្រយោជន៍ប្រជាជនយើងទាំងមូលឲ្យចេះប្រឹងទាំងអស់នេះគ្នា នេះគឺជាចំណុចពិសេស៕

