ខេត្តឧត្តរមានជ័យ បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ដល់កុមារ និងយុវជន ចាប់ពីអាយុ១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ
ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខណ្ឌទូទាំងខេត្ត ព្រមទាំងក្រុមការងារ ព្រឹកថ្ងៃទី១៨សីហា ឆ្នំា២០២១ បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ដល់កុមារ និងយុវជន ចាប់ពីអាយុ១២ឆ្នាំ ដល់អាយុ ក្រោម១៨ឆ្នាំ ចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ តទៅ នៅតាមទីកន្លែង ឃុំ សង្កាត់ ដែលខ្លួនរស់នៅក្នុងខេត្តឧត្តរមានជ័យ។
ឯកឧត្តម ប៉ែន កុសល្យ មានប្រសាសន៍ថា ៖ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលបានប្រព្រឹត្តទៅនៅថ្ងៃនេះ គឺជាការគិតគូរដោយយកចិត្តទុកដាក់បំផុតរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាជូនដល់ក្មួយៗ ដែលជាទំពាំងស្នងឫស្សី ដើម្បីឱ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រ ការពារប្រឆាំងនឹងជំងឺឆ្លងរាត ត្បាតជំងឺកូវីដ-១៩ ។ ឯកឧត្តម មានប្រសាសន៍កោតសរសើរ ចំពោះប្រជាពលរដ្ឋ កុមារ និង យុវជន ដែលមានស្មារតីចូលរួមមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលមានចំនួនយ៉ាងច្រើន ផុលផុស ទាំងនេះបានបង្ហាញឱ្យឃើញពីជំនឿជឿជាក់របស់ប្រជាពលរដ្ឋ មកលើការដឹកនាំរបស់ប្រមុខរាជ រដ្ឋាភិបាលកម្ពុជា ដែលបានខិតខំស្វះស្វែងរកវ៉ាក់សាំង ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ និងមិនមានការរើសអើង រួមទាំងកុមារ និងយុវជនផងដែរ ក្នុងគោលដៅរួមគ្នាប្រយុទ្ធប្រឆាំងនិងបង្ការទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។
ឯកឧត្តម ប៉ែន កុសល្យ បានមានប្រសាសន៍ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋគ្រប់គ្នា បើទោះបីបានចាក់វ៉ាក់សាំងការពាររួចរាល់ហើយក្តី កុំភ្លេចខ្លួន និងមានការធ្វេសប្រហែស ហើយត្រូវបន្តចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការនានារបស់ក្រសួងសុខាភិបាល និងវិធានការណ៍ការពារ ៣.ការពារ៣.កុំ របស់សម្តេចតេជោ ហ៊ុនសែន ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់យើង។
សូមបញ្ជាក់ថា៖ រដ្ឋបាលខេត្ត រួមទាំងអាជ្ញាធរមូលដ្ឋានបានចុះផ្សព្វផ្សាយ និងជម្រាបជូនដល់សាធារណៈជន និងបងប្អូនប្រជាពលរដ្ឋដែលជាមាតា បិតា និងអាណាព្យាបាលទាំងអស់ នៅទូទាំងខេត្ត អោយនាំយកកូនចៅ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ មកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅតាម ទីកន្លែងឃុំសង្កាត់ គឺចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ តទៅ ដោយពេលព្រឹកចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង១១ ពេលរសៀលចាប់ពីម៉ោង ២រសៀល ដល់ម៉ោង៥ល្ងាច និងសូមភ្ជាប់ទៅជាមួយនៅ សំបុត្រកំណើត ឬលិខិតស្នាក់នៅ សៀវភៅគ្រួសារ លិខិតឆ្លងដែន៕







