ពលរដ្ឋម៉ាឡេស៊ីធុញទ្រាន់នឹងនយោបាយក្នុងប្រទេស សង្ឃឹមស្ថានភាពកូវីដ-១៩ នឹងប្រសើរឡើង
ប្រជាជនម៉ាឡេស៊ីរំពឹងស្ថានភាពកូវីដ-១៩ នឹងមានភាពប្រសើរឡើងបន្ទាប់ពីមាននាយករដ្ឋមន្រ្តីឡើងកាន់តំណែង។

នាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ីបាន លោក Muhyiddin Yassin បានប្រកាសលាលែងពីតំណែងកាលពីដើមសប្តាហ៍នេះ ក្រោយពីសមាជិកសភាមួយចំនួនប្រកាសលែងគាំទ្ររដ្ឋាបាលរបស់លោក។ ក្រៅពីមានការមិនគាំទ្រពីសំណាក់អ្នកនិយោបាយនៅក្នុងប្រទេស លោក Muhyiddin ក៏ត្រូវប្រជាជនរិះគន់លោកពីការដាក់ចេញនូវវិធានការណ៍របស់លោកក្នុងការទប់ស្កាត់ការរីករាលដាលនៅក្នុងប្រទេសផងដែរ។
ក្នុងរយៈពេលដែលលោកកាន់តំណែងអស់រយៈពេល ១៧ ខែលោកបានប្រឈមមុខនឹងបញ្ហាដឹកនាំរបស់លោកដែលមិនត្រឹមតែមានការមិនពេញចិត្តពីគណបក្សប្រឆាំងប៉ុណ្ណោះទេ ប៉ុន្តែក៏មានសម្ព័ន្ធមិត្តរបស់លោកនៅដែលមានដូចជា អង្គការជាតិម៉ាឡេស៊ីដែលបានគំរាមកំហែងម្តងហើយម្តងទៀតក្នុងការដកការគាំទ្ររបស់ពួកគេទៅលើលោក Muhyiddin ។
បន្ទាប់ពីការលាលែងពីតំណែងរបស់លោក Muhyiddin ប្រជាជនមួយចំនួនបានសម្តែងការមិនពេញចិត្តចំពោះភាពដឹកនាំរបស់លោក ព្រមទាំងមានការស្ទាក់ស្ទើរចំពោះនយោបាយរបស់ប្រទេសខ្លួន។
តាមការស្រង់សម្តីរបស់សារព័ត៌មាន CNA លោក Yusri Abu Basar អាយុ ៥៣ ឆ្នាំដែលបច្ចុប្បន្នលោកកំពុងបម្រើការនៅក្នុងវិស័យហិរញ្ញវត្ថុបាននិយាយថា តាមការមើលឃើញតបស់លោកនៅក្នុងរឿងនយោបាយរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះលោកហាក់មានអារម្មណ៍ដូចជារឿងកំប្លែង ។
លោក Yusri បាននិយាយថា៖ «វាជារឿងគួរអោយខ្មាស់មួយដែលនយោបាយម៉ាឡេស៊ីបានឈានដល់កម្រិតនេះ។ ដំណើរការទាំងមូលមើលទៅដូចជាការមើលសៀករហ័សកម្ម» ។
លោក Chin V Ming អាយុ ៣៦ ឆ្នាំដែលបច្ចុប្បន្នលោកធ្វើការក្នុងវិស័យហិរញ្ញវត្ថុបាននិយាយថា ការលាលែងពីតំណែងរបស់លោក Muhyiddin ក្នុងអំឡុងពេលមានជំងឺរាតត្បាតគឺជារឿងនយោបាយដែលមិនចាំបាច់។ លោកបាននិយាយថា៖ «ចំពោះការជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី ខ្ញុំមិនចាប់អារម្មណ៍នឹងដំណើរការនេះទេ ព្រោះមិនមានអ្នកណាដែលខ្ញុំពេញចិត្តទេ»។
លោក Muhyiddin បានទទួលបទបញ្ជាពីព្រះមហាក្សត្រកាលពីដើមឆ្នាំនេះដោយខ្លួនមានអំណាចផ្ទាល់ខ្លួនដើម្បីបញ្ជាការឆ្លើយតបទៅវិបត្តិកូវីដ-១៩ ។ ប៉ុន្តែលោកបានប្រើច្បាប់គ្រាអាសន្នជាចម្បងសម្រាប់ផ្អាកការប្រជុំសភា។
ការប្រើប្រាស់អំណាចរបស់លោកក្នុងកំឡុងពេលមានអាសន្ននេះបានធ្វើអោយអ្នកនយោបាយ និងក្រុមអង្គការសង្គមស៊ីវិលមានការលំបាកក្នុងការត្រួតពិនិត្យពីរបៀបចែកចាយវ៉ាក់សាំង និងការគ្រប់គ្រងផ្នែកសុខាភិបាលផ្សេងទៀតដែលត្រូវផ្តល់អោយប្រជាជនម៉ាឡេស៊ី។ ខណៈពេលដែល លោក Muhyiddin បានដាក់ចេញនូវផែនការបិទខ្ទប់កាលពីខែមិថុនាដែលមិនបានទទួលជោគជ័យធ្វើអោយប្រទេសម៉ាឡេស៊ីបរាជ័យក្នុងការទប់ស្កាត់ការរីករាលដាល ព្រមទាំងធ្វើអោយប៉ះពាល់ដល់សេដ្ឋកិច្ចជាតិថែមទៀត។