អគ្គលេខាធិការណាតូបន្ទោសថ្នាក់ដឹកនាំអាហ្វហ្គានីស្ថានចំពោះការដួលរលំក្រុងកាប៊ុល
សុខ វេងឈាង
កាលពីថ្ងៃអង្គារ ទី១៧ សីហាអគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (ណាតូ) លោកJens Stoltenberg និយាយថាអង្គការមានភ្ញាក់ផ្អើលចំពោះល្បឿននៃជ័យជំនះរបស់ក្រុមឧទ្ទាមតាលីបង់នៅអាហ្វហ្គានីស្ថាន ប៉ុន្តែបានស្ដីបន្ទោសមេដឹកនាំអាហ្វហ្គានីស្ថានចំពោះ «សោកនាដកម្ម» នេះ។
«នៅទីបំផុតថ្នាក់ដឹកនាំនយោបាយអាហ្វហ្គានីស្ថានបានបរាជ័យក្នុងការក្រោកឈរប្រឆាំងនឹងក្រុមតាលីបង់ និងដើម្បីសម្រេចបាននូវដំណោះស្រាយសន្តិភាព ដែលប្រជាជនអាហ្វហ្គានីស្ថានចង់បាន» លោកនិយាយបែបនេះហើយបន្តទៀតថា៖ «ការបរាជ័យរបស់ថ្នាក់ដឹកនាំអាហ្វហ្គានីស្ថាននេះ បាននាំឱ្យមានសោកនាដកម្ម ដែលយើងកំពុងឃើញនៅថ្ងៃនេះ»។
កាលពីចុងសប្ដាហ៍មុនក្រុមតាលីបង់បានឡោមព័ទ្ធរដ្ឋធានីកាប៊ុល ហើយក្រោយមកបានចូលកាន់កាប់បន្ទាប់កងយោធាអាហ្វហ្គានីស្ថាន ដែលផ្គត់ផ្គង់ និងវឹកហាត់ដោយអាមេរិកនិងណាតូ បានដួលរលំ។
ស្ថានទូតលោកខាងលិច រួមទាំងណាតូផងដែរ បានជម្លៀសចេញពីតំបន់បៃតងក្នុងទីក្រុងកាប៊ុល ទៅតាំងទីនៅអាកាសយានដ្ឋានអន្តជាតិវិញ។ លោក Stoltenberg បាននិយាយថាឥឡូវនេះកំពុងសម្របសម្រួលការជម្លៀសពលរដ្ឋរបស់ប្រទេសជាសមាជិក រួមជាមួយបុគ្គលិកស៊ីវិលជនជាតិអាហ្វហ្គានីស្ថានរាប់រយនាក់ផងដែរ៕

Source: https://www.channelnewsasia.com/world/nato-chief-blames-afghan-leadership-kabul-collapse-2118916