លោក មុត ចន្ថា៖លុយទូរទស្សន៍ព្រះអាទិត្យជាលុយបរិច្ចាគរបស់ប្រជាពលរដ្ឋខ្មែរ ត្រូវតែបង្វែរទៅបម្រើឱ្យប្រយោជន៍សាធារណៈវិញ

ភ្នំពេញៈ លោក មុត ចន្ថា មនុស្សជំនិតលោកកឹម សុខា បានបញ្ជាក់ថា លុយទូរទស្សន៍ព្រះអាទិត្យជាលុយបរិច្ចាគរបស់ប្រជាពលរដ្ឋខ្មែរ។ ដូច្នេះត្រូវតែបង្វែរទៅបម្រើឱ្យប្រយោជន៍សាធារណៈវិញ ខណៈដែលគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយ និងផែនការបង្កើតស្ថានីយទូរទស្សន៍ព្រះអាទិត្យមិនអាចដំណើរការទៅបាន។ ការបញ្ជាក់នេះបានធ្វើឡើងតាមរយៈហ្វេសប៊ុក នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ។

លោក មុត ចន្ថា បានសរសេរថា “អ្នកអាចនិយាយថា អ្នកបានចូលលុយរួចហើយអ្នកមិនខ្វល់ថាគេយកលុយនេះទៅណានោះទេ ប៉ុន្តែនេះជាការទទួលខុសត្រូវរបស់ស្ថាប័ន ឬទំនួលខុសត្រូវនីតិបុគ្គល ដែលមិនអាចយកលុយនេះទៅប្រើប្រាស់ខុសគោលដៅ ឬយកទៅចែកគ្នាចាយឡើយ”។

ទាក់ទងរឿងលុយទូរទស្សន៍ព្រះអាទិត្យនេះ លោក មុត ចន្ថា បានជំរុញឱ្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU)ចាប់ផ្តើមស៊ើបអង្កេត និងនាំខ្លួនអ្នកពាក់ព័ន្ធឱ្យទទួលខុសត្រូវចំពោះករណីបាត់លុយទូរទស្សន៍ព្រះអាទិត្យជិតមួយលានដុល្លារ ដើម្បីបង្ហាញថាស្ថាប័នទាំងនេះអនុវត្តច្បាប់ដោយស្មើភាព និងគ្មានការរើសអើងហើយគួរប្តឹងទៅតុលាការស្នើសុំដីកាបង្កកទ្រព្យសម្បត្តិរបស់មនុស្សដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ក្នុងការស៊ីញ៉េដកលុយពីធនាគារ គឺលោក យឹម សុវណ្ណ , លោក គី វណ្ណដារ៉ា និងលោកស្រី មូរ សុខហួរ ក៏គួរត្រូវតែបង្កកដូចគ្នាដោយសារគាត់បានចេញមុខធានាអះអាងពីការមិនបាត់លុយទូរទស្សន៍នេះ។

លោក មុត ចន្ថា បានបន្តទៀតថា អតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ ស្ទើរតែទាំងអស់បិទមាត់ជិតឈឹងរឿងបាត់មូលនិធិ (លុយ) ទូរទស្សន៍ព្រះអាទិត្យជិត១លានដុល្លារដោយគិតទាំងការទាំងដើម។ លោក យឹម សុវណ្ណ ជាថ្នាក់ដឹកនាំម្នាក់ ដែលគេបានដឹងថាបានស៊ីញ៉េដកលុយពីធនាគារ ហើយគាត់ចេញចូលប្រទេសកម្ពុជា-អូស្រ្តាលីដោយសេរី និងមិនឆ្លើយតបចំពោះការបាត់លុយទូរទស្សន៍ ដែលខ្លួនគាត់ និងលោក គី វណ្ណដារ៉ា បានដកចេញពីធនាគារ។

លោកបន្តថា តើមានរឿងអ្វីនៅពីក្រោយវាំងននខ្មៅ នៃការបាត់លុយទូរទស្សន៍នេះ? តើពួកគេបានដឹង ឬមិនបានដឹង? តើពួកគេណាម្នាក់បានទទួលចំណែកពីលុយទូរទស្សន៍នេះទេ? ភាពស្ងាត់ស្ងៀមរបស់ពួកគេចំពោះការបាត់ដំណឹងសូន្យឈឹងនៃលុយទូរទស្សន៍ មានន័យពីរយ៉ាង។ ទី១.ពួកគេជាមនុស្សស្រឡាញ់គាំទ្រអំពើពុករលួយ និង២.ពួកគេខ្លះអាចសមគំនិតឃុបឃិតក្នុងអំពើបាត់លុយនេះ!។ អ្នកនយោបាយខ្លះបានចេញទៅបង្កើតគណបក្សថ្មីដោយកំពុងអួតឡង់សេពីគោលនយោបាយពីការចង់បានសង្គមស្អាតស្អំ និងគ្មានអំពើពុករលួយ ប៉ុន្តែពួកគេបិទមាត់ជិតឈឹងរឿងបាត់លុយទូរទស្សន៍ ដែលពួកមានចំណែកទទួលខុសត្រូវ។ ប្រជាពលរដ្ឋខ្មែរពុំគួរជឿអ្នកនយោបាយសេកដែលពូកែសូត្រកំណាព្យ ប៉ុន្តែពួកគេគ្មានភាពស្មោះត្រង់ចំពោះជាតិ និងប្រជាពលរដ្ឋម្ចាស់ឆ្នោតឡើយ។

លោក មុត ចន្ថា បានសង្កត់ធ្ងន់ថា “វាដល់ពេលវេលាហើយដែលស្ថាប័នអនុវត្តច្បាប់ ដូចជាអង្គភាពប្រឆាំងអំពើពុករលួយរបស់រាជរដ្ឋាភិបាល ចាប់ផ្តើមស៊ើបអង្កេត និងនាំខ្លួនអ្នកពាក់ព័ន្ធឱ្យទទួលខុសត្រូវចំពោះករណីបាត់លុយទូរទស្សន៍ ដើម្បីបង្ហាញថាស្ថាប័នទាំងនេះអនុវត្តច្បាប់ដោយស្មើភាព និងគ្មានការរើសអើង”។

លោក ចន្ថា បានបន្ថែមថា “អង្គភាពប្រឆាំងអំពើពុករលួយគួរប្តឹងទៅតុលាការស្នើសុំដីកាបង្កកទ្រព្យសម្បត្តិរបស់មនុស្សដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ក្នុងការស៊ីញេដកលុយពីធនាគារ គឺលោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា។ ទ្រព្យសម្បត្តិរបស់លោកស្រី មូរ សុខហួរ ក៏គួរត្រូវតែបង្កកដូចគ្នាដោយសារគាត់បានចេញមុខធានាអះអាងពីការមិនបាត់លុយទូរទស្សន៍នេះ។ អ្នកគួរតែបង្ហាញពណ៌ពិតប្រាកដថា អ្នកជាអ្នកប្រជាធិបតេយ្យ តែមិនមែនព្រាយប្រែក្រឡាជាទេវតា មកបន្លំ និងបំភ័ន្តភ្នែកប្រជាពលរដ្ឋ!”៕
ដោយ:ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner