ប្រជាពលរដ្ឋ ២៣៨ គ្រួសារ នៅភូមិគិរីអភិវឌ្ឍន៍ ក្នុងឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ មិនទាន់មានអគ្គិសនី និងទឹកប្រើប្រាស់គ្រប់គ្រាន់ទេ សូមអាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធ មេត្តាជួយដោះស្រាយផង
កំពង់ឆ្នាំង៖ ភូមិគិរីអភិវឌ្ឍន៍ ស្ថិតនៅក្នុងឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ គឺជាភូមិបង្កើតថ្មីបាន៦ឆ្នាំហើយ ដែលអាជ្ញាធរស្រុក និងខេត្តបានជ្រើសរើសប្រជាពលរដ្ឋក្រីក្រកំរិត១ ជាង ២០០គ្រួសារនៅក្នុងឃុំឈានឡើង មកចាប់ឆ្នោត ចែកដីសម្បទានសង្គមកិច្ច សង់លំនៅឋាន ចែកដីស្រែចំការឲ្យពួកគាត់រស់នៅបង្កើតជាភូមិថ្មីមួយនេះ ។ លោក ស៊ុ សុវណ្ណ មេភូមិគិរីអភិវឌ្ឍន៍ បានឲ្យដឹងនាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះថា ភូមិគីរីអភិវឌ្ឍន៍ គឺជាភូមិថ្មីមួយដែលបានកើតឡើងនៅក្នុងឆ្នាំ២០១៥ មានប្រជាពលរដ្ឋសរុបចំនួន ២៣៨គ្រួសារ ស្មើនឹង១.១៤១ នាក់, មុខរបរភាគច្រើនគឺធ្វើស្រែ និងចម្ការ ។
សមិទ្ធិផលដែលបានកសាងឡើងនៅក្នុងភូមិមកដល់ពេលនេះរួមមាន សាលាបឋមសិក្សាគីរីអភិវឌ្ឍន៍ ១ខ្នង មាន ៥បន្ទប់ មានសិស្សានុសិស្សប្រមាណ ៨០នាក់ គ្រូបង្រៀន ៥នាក់ ,មានប៉ុស្តិ៍សុខភាព ១ខ្នង មានទីស្នាក់ការភូមិ ១ខ្នង និងមានហេដ្ឋារចនាសម្ព័ន្ធផ្លូវលំខ្វាតខ្វែងនៅក្នុងភូមិមួយចំនួនផងដែរ ។
ដោយឡែកនៅអំឡុងឆ្នាំ២០១៣អង្គការជំនួយព្រះវិហារនៃប្រទេសហ្វាំងទ្បង់បានជួយកសាងទំនប់ទឹកនិងទ្វារទឹកមួយកន្លែង និងនៅក្នុងឆ្នាំ២០២០ អង្គការឡាសិត បានជួយកសាងទំនប់ស្ទាក់ទឹកភ្លៀងមួយកន្លែងជូនសហគមន៍ភូមិគិរីអភិវឌ្ឍន៍ ដែលមានប្រវែង ១៦២ម៉ែត្រ និងសំណង់សិល្បការ ៣កន្លែងគាំទ្រថវិកាដោយរាជរដ្ឋាភិបាល និងធនាគារពិភពលោក ។
ប៉ុន្តែដោយសារការបម្រែបម្រួលអាកាសធាតុ របបទឹកភ្លៀងមិនសំបូរមកដល់ពេលនេះទំនប់ស្ទាក់ទឹកនិងទំនប់បង្ហៀរទឹកខាងលើនេះ ពុំមានទឹកស្តុបទុកគ្រប់គ្រាន់សម្រាប់ចែកចាយស្រោចស្រពលើដីស្រែចំការរបស់ប្រជាពលរដ្ឋក្នុងភូមិបានឡើយ ចំណែកទឹកអណ្ដូងលូ ឬអណ្ដូងបុកសម្រាប់ប្រើប្រាស់តាមគ្រួសារវិញក៏មានការខ្វះខាតដែរ ព្រោះប្រភពទឹកជ្រៅជីកឬខួងអណ្ដូងមិនចេញទេ។ កន្លងមកការប្រើប្រាស់ទឹកបានតែទឹកនៅតាមស្រះក្នុងរដូវភ្លៀងខែវស្សាតែប៉ុណ្ណោះ ម្យ៉ាងទៀតភ្លើងអគ្គិសនីក៏មិនទាន់តភ្ជាប់ចូលមកដល់ក្នុងមូលដ្ឋាន ភូមិគិរីអភិវឌ្ឍន៍នៅឡើយដែរ ។
លោកមេភូមិគិរីអភិវឌ្ឍន៍ បានបញ្ជាក់ទៀតថា ប្រសិនបើភូមិគីរីអភិវឌ្ឍន៍មានប្រភពទឹកទំនប់ស្តុបទុកប្រើប្រាស់គ្រប់គ្រាន់ និងមានអគ្គិសនីប្រើប្រាស់បរិបូរវិញនោះ ភូមិគិរីអភិវឌ្ឍន៍ដែលសំបូរដោយព្រៃភ្នំក្រមថ្ម ពិតជាក្លាយជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដ៏ល្អប្រណិត ដែលអាចឱ្យភ្ញៀវទេសចរណ៍មកលេងកំសាន្តបានច្រើនជាមិនខាន ។ អាស្រ័យហេតុនេះក្នុងនាមអាជ្ញាធរភូមិតំណាងឲ្យប្រជាពលរដ្ឋ ២៣៨ គ្រួសារគោរពស្នើសុំអាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធ មេត្តាជួយដោះស្រាយនូវទុក្ខកង្វះខ្វះខាតខាងលើនេះជូនប្រជាពលរដ្ឋនៅភូមិគិរីអភិវឌ្ឍន៍ដែលទើបនឹងបង្កើតថ្មីនេះដោយអនុគ្រោះផង ៕ សុខ គឹមសៀន












