អនុប្រមុខការទូតអាមេរិក៖ សហរដ្ឋអាមេរិកនឹងបន្តប្រយុទ្ធដើម្បីការពារស្រ្តី និងក្មេងស្រីនៅអាហ្វហ្គានីស្ថាន

អាមេរិក៖ អនុរដ្ឋមន្រ្តីការបរទេសអាមេរិកលោកស្រី Wendy Sherman ថ្លែងថា ប្រទេសរបស់លោកស្រី ព្រមទាំងសម្ព័ន្ធមិត្តនឹងបន្តប្រយុទ្ធដើម្បីការពារស្រ្តីអាហ្វហ្គានីស្ថាន ការប្រើប្រាស់គ្រប់មធ្យោបាយការទូត និងសេដ្ឋកិច្ច ធ្វើយ៉ាងណាជំរុញអោយក្រុមតាលីបង់ការពារសិទ្ធិរបស់ស្រ្តី និងក្មេងស្រី។

ថ្លែងក្នុងសន្និសិទសារព័ត៌មានមួយនៅថ្ងៃពុធសប្តាហ៍នេះ លោកស្រី Sherman បានបញ្ជាក់ថា លោកស្រីបានជួបជាមួយស្រ្តី និងក្មេងជនជាតិអាហ្វហ្គានីស្ថាននៅក្នុងជំរុំជនភៀសខ្លួនមួយកន្លែងកាលពីឆ្នាំ១៩៩៧ ហើយបានស្តាប់រឿងរ៉ាវរបស់ពួកគេស្ថិតក្រោមការរំលោភបំពានពីសំណាក់រដ្ឋបាលរបស់ក្រុមតាលីបង់។ លោកស្រីបាននិយាយថា នោះគឺជាកិច្ចប្រជុំមួយដែលមានភាពកក់ក្ដៅបំផុត ដែលខ្ញុំមានក្នុងនាមជាអ្នកការទូតម្នាក់ ហើយការចងចាំនោះ នឹងមិនត្រូវបានលុបចេញពីចិត្តខ្ញុំឡើយ។ លោកស្រី Sherman បន្ថែមថា ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ស្ត្រីអាហ្វហ្គានីស្ថានបានចាប់យកសេរីភាពរបស់ពួកគេ ហើយថា មនុស្សរាប់លាននាក់បានទៅសាលារៀន ពួកគេបានក្លាយជាវេជ្ជបណ្ឌិត មេធាវី អ្នកកាសែត អ្នកតំណាងរាស្ត្រ និងសហគ្រិន។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រុមតាលីបង់បានអះអាងថា ពួកគេនឹងអនុញ្ញាតឱ្យស្ត្រីធ្វើការ និងសិក្សាក្នុងក្របខ័ណ្ឌនៃសាសនាអ៊ីស្លាម ដូច្នេះលោកស្រីបានជំរុញឱ្យពួកគេទទួលខុសត្រូវចំពោះពាក្យរបស់ពួកគេ។

លោក Sherman ក៏បានកត់សម្គាល់ផងដែរថា អាមេរិកនៅតែប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងភេរវកម្មនៅអាហ្វហ្គានីស្ថាន ហើយនឹងមិនអត់ឱនឱ្យរដ្ឋាភិបាលដែលអនុញ្ញាតឱ្យអាហ្វហ្គានីស្ថានក្លាយជាកន្លែងមានសុវត្ថិភាព សម្រាប់ភេរវករម្តងទៀតឡើយ៕ ប្រភព៖ NHK

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner