ខេត្តព្រះវិហារ បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ក្នុងក្របខណ្ឌទូទាំងខេត្ត
ខេត្តព្រះវិហារ ៖ អភិបាលខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ក្នុងក្របខណ្ឌទូទាំងខេត្ត ដែលពិធីបានធ្វើនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែក ១៦ មករា ស្ថិតនៅក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ នាព្រឹកថ្ងៃទី២០ សីហា ឆ្នាំ២០២១នេះ ។
ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានថ្លែង អំពានាវដល់មាតាបិតា និងអាណាព្យាបាលកុមារ និងយុវវ័យទាំងអស់ ដែលមានវ័យចាប់ពី ១២ឆ្នាំ ដល់១៧ឆ្នាំ សូមនាំកូនចៅរបស់ខ្លួន មកទទួលយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឲ្យបានគ្រប់ៗគ្នា។ ចំណែក ប្រជាពលរដ្ឋគ្រប់ៗរូប ក៏ត្រូវចូលរួមអនុវត្តតាមវិធានការ ការពារ តាមការណែនាំនានា របស់ក្រសួងសុខាភិបាល និងត្រូវរួមគ្នាបន្តអនុវត្តវិធានការ ៣ការពារ និង៣កុំ របស់រាជរដ្ឋាភិបាល ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ នៃខេត្តព្រះវិហារ។
ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ លោកវេជ្ជបណ្ឌិត គួង ឡូ ដែលទីប្រឹក្សាក្រសួងសុខាភិបាល បានថ្លែងថា គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ខេត្តព្រះវិហារ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ដែលមានអាយុ ១៨ឆ្នាំឡើងទៅ ដោយប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន ៣ប្រភេទ រួមមាន ប្រភេទស៊ីណូវ៉ាក់ ស៊ីណូហ្វាម និងប្រភេទចនសុន ចាក់បានចំនួន ១១ម៉ឺន ៨ពាន់ ២២៥នាក់ ស្មើ៧៩ភាគរយ នេះបើប្រៀបធៀបនឹងប្រជាពលរដ្ឋ ដែលមានអាយុ ១៨ឆ្នាំឡើង សរុប ១៤ម៉ឺន ៩ពាន់ ៥៤៨នាក់។ លោកបន្តថា តាមផែនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់កុមារ និងយុវវ័យ ក្រោមអាយុ ១៨ឆ្នាំ មានចំនួនសរុបជាង ៣ម៉ឺននាក់ ។
លោកវេជ្ជបណ្ឌិត គួង ឡូ បានបញ្ជាក់ថា នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ដែលមានវ័យចាប់ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំនេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះវិហារ បានរៀបចំចាក់ជូនតាមមូលដ្ឋានសុខាភិបាល នៅក្នុងក្រុង-ស្រុកទាំង ៨ របស់ខេត្ត រួមមាន ក្រុងព្រះវិហារ មាន១ទីតាំង ,ស្រុកត្បែងមានជ័យ មាន៣ទីតាំង ,ស្រុកជាំក្សាន្ត មាន៦ទីតាំង ,ស្រុកឆែប មាន៣ទីតាំង ,ស្រុកជ័យសែន មាន១ទីតាំង ,ស្រុកសង្គមថ្មី មាន៣ទីតាំង ,ស្រុកគូលែន មាន៤ទីតាំង និងស្រុករវៀង មានចំនួន ២ទីតាំង ដែលការចាក់វ៉ាក់សាំងនេះ នឹងចាប់ដំណើរការចាក់ ចាប់ពីថ្ងៃទី២០សីហា ដល់ថ្ងៃទី២៥ សីហា ឆ្នាំ២០២១ ៕ដោយ ៖ ឡុង សំបូរ










