ដុតកង់បី ប្អូនថ្លៃខ្ទេចអស់ ព្រោះតែខ្ចីលុយប្អូនថ្លៃមិនបាន ចុងក្រោយជាប់ខ្នោះសមត្ថកិច្ច
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលដង្កោ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វេីការស្រាវជ្រាវឃាត់ខ្លួនបានកាលពីវេលាម៉ោង១១ និង៣០ព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីទទួលពាក្យបណ្ដឹងបុរសម្នាក់ត្រូវជាប្អូនថ្លៃជនសង្ស័យ ពាក់ព័ន្ធ ករណីដុតបំផ្លាញទ្រព្យសម្បត្តិ ដោយចេតនា ដុតកង់បី ឲ្យ រងការខូចខាត កាលពីវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២១ ស្ថិតនៅផ្ទះលេខ៤៥០ ផ្លូវបេតុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ប៊ូ គន្ធរ ភេទប្រុស អាយុ៣៧ឆ្នាំ មុនរបបនៅផ្ទះ ស្នាក់នៅផ្ទះកេីតហេតុ ។ ចំណែកជនរងគ្រោះត្រូវជាប្អូនថ្លៃមានឈ្មោះ ឡឹក ចាន់វាសនា ភេទប្រុស អាយុ៣១ឆ្នាំ មុនរបបរត់ផាស់អាប់ ស្នាក់នៅផ្ទះកេីតហេតុជាមួយគ្នា ។
បេីតាមប្រភព័ត៌មានពីសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលដង្កោ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២០ សីហា ២០២១នេះ មានបុរសម្នាក់ជាជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងឲ្យជួយអន្តរាគមន៍ រឿងបងថ្លៃដុតបំផ្លាញឡាំប្រឺតា របស់ខ្លួនឲ្យរងការខូចខាតយ៉ាងដំណំ ព្រោះតែជនសង្ស័យខឹងខ្ចីលុយប្អូនថ្លៃចំនួន ៦០០$មិនបាន រួចជនសង្ស័យក៏បានគេចខ្លួនបាត់ ។
បន្ទាប់ពីទទួលបានពាក្យបណ្ដឹងនេះរួច រាល់ កម្លាំងសមត្ថកិច្ចជំនាញប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ បានចុះធ្វេីការស្រាវជ្រាវក្នុងមូលដ្ឋានក៏រកឃេីញជនសង្ស័យចេញពីផ្ទះសំណាក់ដេីរតាមផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រួចធ្វេីការឃាត់ខ្លួនយកមកសួរនាំតែម្ដង ។
ក្រោយពីសមត្ថកិច្ចជំនាញប៉ុស្ដិ៍រដ្ឋបាលដង្កោ សួរនាំរួចរាល់ ហេីយជនសង្ស័យក៏បានសារភាពថា ខ្លួនពិតជាដុតដោយចេតនា បំផ្លាញឡាំប្រឺតា ប្អូនថ្លៃប្រាកដមែន ទេីបសមត្ថកិច្ចកសាងសុំណុំរឿងបញ្ចូនបន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដេីម្បីចាត់ការបន្តតាមច្បាប់ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី



