សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះស្មារតីសាមគ្គីភាព និងសុខុដុមនីយកម្មគ្រប់ជាតិសាសន៍ និង ជំនឿសាសនានៅកម្ពុជា ជាពិសេស ស្មារតីជួយគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងគ្រប់កាលៈទេសៈ ក៏ដូចជាពិភព លោក ដើម្បីសេចក្តីសុខក្សេមក្សាន្តនៃមនុស្សជាតិ ក្នុងគ្រាដ៏លំបាកនាពេលនេះ

ភ្នំពេញ៖ ថ្លែងសុន្ទរកថាបើកពិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស និងជំងឺរាតត្បាតសកលកូវីដ-១៩ ឆ្នាំ២០២១ នៅថ្ងៃទី ២០ ខែ សីហា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមាន ប្រសាសន៍ ថា ការប្រារព្ធពិធីអន្តរសាសនា ក្រោមប្រធានបទ សូមពិភពលោក រួចផុតពីគ្រោះ នៃជំងឺរាតត្បាតសកល កូវីដ-១៩ និងអំពើ ជួញដូរមនុស្ស ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចសូមវាយតម្លៃខ្ពស់ចំពោះស្មារតីសាមគ្គីភាព និងសុខុដុមនីយកម្ម គ្រប់ជាតិសាសន៍ និងជំនឿសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេស ស្មារតីជួយគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា នៅក្នុង គ្រប់កាលៈទេសៈ ក៏ដូចជាពិភពលោក ដើម្បីសេចក្តីសុខក្សេមក្សាន្តនៃមនុស្សជាតិ ។

សម្ដេចតេជោ ហ៊ុន សែន បន្តថា ចាប់តាំងពីឆ្នាំ២០១៧ ជារៀងរាល់ឆ្នាំ ព្រះរាជាណាចក្រកម្ពុជា តែងប្រារព្ធពិធីអន្តរសាសនា យ៉ាងអធិកអធម ប្រឆាំងការជួញដូរមនុស្ស ដោយនាពេលកន្លងមក សម្ដេច បានប្រគល់ភារកិច្ចនេះ ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាតំណាង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ មេដឹកនាំគ្រប់ និកាយសាសនា ថ្នាក់ដឹកនាំ មន្ត្រីរាជការពីគ្រប់ក្រសួងស្ថាប័ន អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ សង្គមស៊ីវិល វិស័យ ឯកជនរាប់ពាន់នាក់ ដើម្បីធ្វើពិធីបួងសួងតាមបែបសាសនា និងប្តេជ្ញាចិត្តរួមគ្នាលុបបំបាត់អំពើជួញដូរមនុស្សក្នុងគ្រប់រូបភាព ។

សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជា បានផ្អាកការជួបជុំទ្រង់ទ្រាយធំកាលពីឆ្នាំ២០២០ កន្លងទៅ ដើម្បីអនុវត្តនូវវិធាន ការបង្ការ ទប់ស្កាត់ និងដោះស្រាយបញ្ហានៃការរាតត្បាតជំងឺកូដ-១៩ ចូលក្នុងសហគមន៍។ នៅឆ្នាំ២០២១នេះ វិបត្តិកូវីដ-១៩ នៅតែបន្តឆ្លងរាតត្បាត ចំណែកការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែននានា ក៏កំពុងត្រូវបានជនឆ្លៀតឱកាស ប្រើគ្រប់ មធ្យោបាយទាញយកផលចំណេញពីស្ថានភាពដ៏លំបាកនេះ ។ តាមរយៈសុន្ទរកថានេះ សម្ដេចយល់ថា វេទិកាអន្តរសាសនា ត្រូវតែរៀបចំតាមគន្លងថ្មី ដើម្បីក្រើនរំលឹកផ្នែកស្មារតីដល់ប្រជាជនគ្រប់ជាតិសាសន៍ និងជំនឿសាសនាក្នុងព្រះរាជាណាចក្រ កម្ពុជា ក៍ដូចជាប្រជាជននៅលើពិភពលោក ដើម្បីផ្លាស់ប្ដូរ ហើយសម្របខ្លួនតាមបែបគន្លងថ្មីក្នុងសម័យកូដ ជាមួយនឹងការ ប្រកាន់ខ្ជាប់នូវស្មារតីមនុស្សធម៌ សន្តោសប្រណី យកចិត្តទុកដាក់ដល់អាយុជីវិត និងសេចក្ដីថ្លៃថ្នូរនៃមនុស្សជាតិគ្រប់ជាតិ សាសន៍ និងជំនឿសាសនា និងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ បានសម្ដែងនូវមោទនភាពចំពោះការរក្សាបាន នូវភាពសុខុដុមរមនានៃគ្រប់ជំនឿសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈកិច្ចសហការយ៉ាងសកម្ម ជាពិសេស ការអនុវត្តបានយ៉ាងខ្ជាប់ខ្លួននូវវប្បធម៌ចែករំលែកពុំចេះរីងស្ងួត ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងគ្រាដ៏លំបាកនេះ ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បន្ថែមថា ពេលនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បាននិងកំពុងពុះពារគ្រប់ឧបសគ្គ ដើម្បីដោះស្រាយបញ្ហាធំៗនៅក្នុងសង្គម ជាពិសេស ការបង្ការទប់ស្កាត់គ្រប់រូបភាព ទៅនឹងជំងឺរាតត្បាតសកល ហើយទទួល បានលទ្ធផលគួរឱ្យកត់សម្គាល់ជាបន្តបន្ទាប់ ដើម្បីឱ្យប្រទេសជាតិ និងប្រជាជនយើងវិលត្រឡប់ទៅរកស្ថានភាពប្រក្រតីវិញ ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តយ៉ាងសកម្ម តាមរយៈដៃម្ខាងរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងស្ថិរភាព សង្គម ដើម្បីទ្រទ្រង់ជីវភាពប្រជាជន និងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងដៃម្ខាងទៀតប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសកលវីដ-១៩ តាមគ្រប់រូបភាព ទាំងការបង្ការទប់ស្កាត់ ការព្យាបាល និងការស្តារនីតិសម្បទាជនរងគ្រោះ និងសហគមន៍ដែលទទួលរងនូវផល ប៉ះពាល់ ។ ដូច្នេះ ការដាក់ប្រជាពលរដ្ឋ ឬអ្នកត្រឡប់មកពីតំបន់មានហានិភ័យឱ្យស្ថិតក្នុងការធ្វើចត្តាឡីស័ក ឬការបិទខ្ទប់តំបន់ ដែលមានអត្រាឆ្លង ឬចរន្តនៃការឆ្លងខ្ពស់ ឬផ្អាកការឆ្លងដែនខុសច្បាប់នៅក្នុងដំណាក់កាលនៃការរឹតបន្តឹងវិធានការការពារ សុវត្ថិភាព មិនមានន័យថា ជាការបិទសិទ្ធិសេរីភាព ឬការរើសអើង ដូចក្រុមជនអតតិបង្កបញ្ហាមួយក្រុមដែលមាននិន្នាការប្រឆាំង ផ្កាប់មុខ បាននិងកំពុងតែឃោសនាមួលបង្កាច់បំបាក់ស្មារតីប្រជាពលរដ្ឋ ប៉ុន្តែនេះ គឺជាវិធានការការពារសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបាននូវកិច្ចការពារ ចៀសផុតពីការឆ្លងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព ។

សម្ដេចបានបន្តទៀតថា បន្ទាប់ពីការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជិតសម្រេចបានតាមផែនការជាស្ថាពរ រាជរដ្ឋាភិបាល ប្តេជ្ញា ចិត្តសម្រេចឱ្យបាននូវគោលដៅចាក់វ៉ាក់សាំងជូនកុមារ-យុវវ័យ អាយុចាប់ពី ១២ឆ្នាំ និងក្រោម ១៨ឆ្នាំ ឱ្យបានមុនដំណាច់ឆ្នាំ ២០២១ ដើម្បីបង្កើតភាពស៊ាំ កាត់បន្ថយការចម្លងចូលក្នុងសហគមន៍ ធ្វើឱ្យប្រជាជនយើង មានជីវភាពប្រក្រតីឡើងវិញ ដើម្បី ស្តារសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ។

សម្ដេចតេជោ ក៏បានថ្លែងក្នុងនាមរាជរដ្ឋាភិបាល ថ្លែងអំណរគុណចំពោះស្មារតីសាមគ្គីភាព និងការជួយគ្នាក្នុងគ្រាលំបាក នៃ បណ្តាប្រទេសជាមិត្ត ដែលបានផ្តល់វ៉ាក់សាំងទាន់ពេលវេលា ជាពិសេស សាធារណរដ្ឋប្រជាមានិតចិន ដែលជាប្រទេសឈាន មុខក្នុងការផ្តល់វ៉ាក់សាំង ទាំងជំនួយមនុស្សធម៌ ទាំងតាមការបញ្ជាទិញ ក៍ដូចជាប្រទេសជប៉ុន អង់គ្លេស សហរដ្ឋអាមេរិក ដែល ធ្វើឱ្យកម្មវិធីចាកវ៉ាក់សាំងប្រព្រឹត្តទៅលឿនជាងការគ្រោងទុក ។ សម្ដេចក៏ថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិប្រចាំនៅ កម្ពុជា ជាពិសេសអង្គការសុខភាពពិភពលោក WHO, IOM, យូអ៊ិនអេហ្វភីអេ, យូនីសេហ្វ, អង្គការហ្វាវ (FAO), យូអ៊ិនឌីភី និងអង្គការដៃគូអភិវឌ្ឍអន្តរជាតិ និងស្ថានតំណាងពីបណ្តាប្រទេសនានាក្នុងសកលលោក ព្រមទាំងវិនិយោគិនបរទេស និងក្នុង ស្រុក ដែលតែងតែនៅជាមួយកម្ពុជា សហការជួយដោះស្រាយក្នុងស្ថានភាពដ៏លំបាកនេះ ។ សម្ដេចបានថ្លែងអំណរគុណថ្នាក់ ដឹកនាំ និងមន្ត្រីរាជការគ្រប់ក្រសួងស្ថាប័ន-អង្គភាព ក្រុមគ្រូពេទ្យ ទាំងស៊ីវិល ទាំងកងកម្លាំងការពារជាតិ កម្លាំងនគរបាល គ្រូពេទ្យស្ម័គ្រចិត្ត អាជ្ញាធរសមត្ថកិច្ចគ្រប់ផ្នែក និងមន្ត្រីជួរមុខ តាមបណ្តាខេត្តជាប់ព្រំដែន អ្នកបម្រើការតាមមណូលចត្តាឡីស័ក តាមមន្ទីរព្យាបាលនៅសហគមន៍ ក៏ដូចជាអង្គការមិនមែនរដ្ឋាភិបាល គ្រប់និកាយសាសនា វិស័យឯកជន និងសប្បុរសជន ដែល បានលះបងកម្លាំងកាយចិត្ត ធនធានសម្ភារៈ និងថវិកា ដើម្បីជួយជ្រោមជ្រែងរាជរដ្ឋាភិបាលដោះស្រាយគ្រប់បញ្ហា និងគ្រប់ ដំណាក់កាល។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏សូមឱ្យបងប្អូនជនរួមជាតិនៅបន្តរក្សា និងអនុវត្តគោលការណ៍បង្ការទប់ស្កាត់ និង វិធានសុខាភិបាល ៣ការពារ-៣កុំ ឱ្យបានខាប់ខ្លួន ហើយត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដែលរាជរដ្ឋាភិបាល ផ្តល់ ជូនដោយឥតគិតថ្លៃឱ្យបានគ្រប់ៗគ្នា ដើម្បីបង្កើតភាពស៊ាំ ចៀសផុតពីការឆ្លងនៃជំងឺរាតត្បាតដ៍កាចសាហាវនេះ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សូមប្រកាសបើកកម្មវិធីបួងសួង និងសូមព្រះបារមីដ៏ស័ក្តិសិទ្ធិនៃព្រះសម្មាសម្ពុទ្ធ ព្រះអាឡោះ ព្រះយេស៊ូគ្រិស្ត និងព្រះត្រប់សាសនា ព្រមទាំងបារមីវត្ថុស័ក្តិសិទ្ធិលើលោក ប្រទានពរ សូមឱ្យពិភពលោក រួចផុត ពីគ្រោះ នៃជំងឺរាតត្បាតសកលកូវីដ-១៩ និងអំពើជួញដូរមនុស្ស និងគ្រោះមហន្តរាយទាំងឡាយ ដែលបម្រុងកើតមាន សូមឱ្យ ធូរស្រាល និងសាបសូន្យបន្តិចម្តងៗ ចាប់ពីពេលនេះតទៅ ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner