អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបទៅនឹងការប្រតិកម្មរបស់ស្ថានទូតសហភាពអឺរ៉ុប បារាំង និងអាមេរិកប្រចាំកម្ពុជា រឿងកាត់ទោស រ៉ុង ឈុន
ភ្នំពេញៈអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឆ្លើយតបទៅនឹងការប្រតិកម្មរបស់ស្ថានទូតសហភាពអឺរ៉ុប ស្ថានទូតបារាំង និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ទាក់ទងការកាត់ទោសជនជាប់ចោទ រ៉ុង ឈុន និងបក្ខពួកចំនួនពីរនាក់ ដាក់ពន្ធនាគារកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ គឺដើម្បីគ្រាន់តែជាផលប្រយោជន៍ខ្លួនឯង ពីព្រោះការសម្រេចវិនិច្ឆ័យក្តី គឺស្ថិតនៅលើដែនសមត្ថកិច្ចរបស់តុលាការឯករាជ្យ គ្មានអ្នកណាជ្រៀតជ្រែកទៅលើការសម្រេចនោះបានទេ។

ឯកឧត្តម ផៃ ស៊ីផាន
ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍នៅល្ងាចថ្ងៃទី២០ ខែសីហានេះថា មន្ត្រីទូតទាំងនេះ មិនមែននៅក្នុងសមត្ថកិច្ចយុត្តិធម៌នោះទេ។ គាត់គ្រាន់តែជាមន្ត្រីនយោបាយរបស់ប្រទេសនីមួយៗ ដូច្នេះការបញ្ចេញរបស់មន្ត្រីទូតទាំងនេះ គ្រាន់តែដើម្បីផលប្រយោជន៍ខ្លួនឯង ប៉ុន្តែការសម្រេចវិនិច្ឆ័យក្តី គឺស្ថិតនៅលើដែនសមត្ថកិច្ចរបស់តុលាការឯករាជ្យ គ្មានអ្នកណាអាចជ្រៀតជ្រែកទៅលើការសម្រេចនោះបានទេ ទៅតាមច្បាប់របស់កម្ពុជា និងរដ្ឋធម្មនុញ្ញរបស់កម្ពុជា ជាអធិបតេយ្យភាពរបស់ប្រទេសមួយ និងជាអធិបតេយ្យភាពរបស់ចៅក្រមនៅតុលាការ។ ការបញ្ចេញយោបល់របស់មន្ត្រីទូតទាំងនេះ គ្រាន់តែជាអារម្មណ៍ គ្រាន់តែជាទស្សនៈផ្ទាល់ខ្លួនរបស់មន្ត្រីទូតទាំងនោះទេ។
ទាក់ទងការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនជុំវិញការកាត់ទោសជនជាប់ចោទ រ៉ុង ឈុន និងបក្ខពួក ត្រូវបានអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា “ការលើកឡើនេះ វាជាអារម្មណ៍របស់គេទេ យើងមិនទៅប្រឆាំងជាមួយទៅនឹងការលើកឡើងរបស់គេទេ ជាការលើកឡើងដោយចរិតផ្ទាល់ខ្លួនរបស់គេ។ កម្ពុជាធ្វើទៅតាមអង្គហេតុ និងអង្គច្បាប់តែប៉ុណ្ណោះ ហើយកម្ពុជាមិនដែលទៅលូកលាន់នៅក្នុងដែនសមត្ថកិច្ចរបស់តុលាការបរទេសណាមួយទេ។ ដូច្នេះបរទេស ដែលនិយាយគួរតែជាអ្នកមួយបង្កើតចរិតនៃការគោរពដែនអធិបតេយ្យភាពរបស់តុលាការ នៅក្នុងដំណើរការនីតិរដ្ឋ”។
អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា “កុំភ្លេចថា ទូតគ្រាន់តែជាមន្ត្រីនយោបាយតំណាងប្រទេសរបស់ផងខ្លួនមកនៅកម្ពុជា មិនមានសិទ្ធិជ្រៀតជ្រែកនៅក្នុងការសម្រេចរបស់តុលាការកម្ពុជានោះឡើយ ពីព្រោះតុលាការកម្ពុជា ស្ថិតនៅលើអង្គហេតុ និងអង្គច្បាប់តែប៉ុណ្ណោះ”។

(រាប់ពីឆ្វេង) លោក រ៉ុង ឈុន, កញ្ញា ស កណិកា និងលោក តុន និមល
សូមជម្រាបថា សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានប្រកាសសាលក្រម ដោយកាត់ទោសជនជាប់ចោទ រ៉ុង ឈុន ឱ្យជាប់ពន្ធនាគារ២ឆ្នាំ និងពិន័យប្រាក់២លានរៀល ចំពោះករណីញុះញង់បង្កបញ្ហានៅព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំកាលពីឆ្នាំមុន។ ក្រៅពីកាត់ទោស រ៉ុង ឈុន សាលាដំបូងរាជធានីភ្នំពេញ ក៏បានកាត់ទោសមនុស្ស២នាក់ទៀតដែលចូលរួមទាមទារឱ្យដោះលែងមេសហជីពនេះនោះ គឺឈ្មោះ តុន និមល និងឈ្មោះ ស កណិកា ឱ្យជាប់ពន្ធនាគារ២០ខែ។ ជនទាំង៣ ត្រូវបានតុលាការពិន័យប្រាក់ម្នាក់២លានរៀល និងបង្គាប់ឱ្យសងជំងឺចិត្តទៅដើមបណ្តឹង គឺគណៈកម្មការព្រំដែន សរុបចំនួន៤០០លានរៀលផងដែរ។
លោក រ៉ុង ឈុន ត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម» បន្ទាប់ពីត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ បន្ទាប់ពីលោកបានប្រព្រឹត្តបទល្មើសញុះញង់បង្កឱ្យមានភាពវឹកវរ អំឡុងពេលចុះទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ។ ក្នុងពេលចុះទៅកាន់ព្រំដែនខេត្តនេះ លោក រ៉ុង ឈុន បានចេញសេចក្តីថ្លែងការណ៍ទៅកាន់សាធារណជនថា ការបោះបង្គោលព្រំដែនថ្មី រវាងកម្ពុជា-វៀតណាម បានចូលដីកម្ពុជា ប្រហែល៥០០ម៉ែត្រ។ បន្ទាប់ពីមានការចោទប្រកាន់នេះ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា បានប្រកាសទាត់ចោលនូវសេចក្តីថ្លែងការណ៍របស់ លោក រ៉ុង ឈុន ដោយចាត់ទុកថា ជាការផ្សាយព័ត៌មានមិនពិត និងបំផ្លើស ដែលមានចេតនាទុច្ចរិត ក្នុងគោលបំណងបំភាន់សាធារណៈមតិជាតិ និងអន្តរជាតិ ចំពោះការងារព្រំដែនរបស់រាជរដ្ឋាភិបាល៕
ដោយៈពលជ័យ