វេទិការសាធារណៈ ផ្តល់ឱកាសឲ្យប្រជាពលរដ្ឋបានបញ្ចេញមតិដោយសេរី ពាក់ព័ន្ធបញ្ហាប្រឈម និងសំណូមពរនានាដើម្បីរួមគ្នាដោះស្រាយ
ព្រះវិហារ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី មាស សុភា រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ បានលើកឡើងថា ការបើកវេទិការសាធារណៈ នាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីផ្ដល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានបព្ចោញមតិរបស់ខ្លួន ដែលពាក់ព័ន្ធ និងក្ដីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្ដែងក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតបរាល់តំរូវការ និងសំណូមពរដែលបានលើកឡើងបានចំគោលដៅ ទាន់ពេលវេលា ក្នុងការកែលំអរក្នុងសហគមន៍របស់ពួកគាត់ ឱ្យកាន់តែល្អប្រសើរ ជាពិសេសពង្រឹងការចូលរូមរបស់ប្រជាពលរដ្ឋ លើការអភិវឌ្ឍន៍នៅតាមមូលដ្ឋាន ឲ្យកាន់តែល្អប្រសើរឡើង ដើម្បើឆ្លើយតបទៅ និងគោលការណ៍នៃការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
ការថ្លែងបែបនេះ នៅក្នុងឱកាសឯកឧត្តម បានអញ្ជើញជាអធិបតីភាព ក្នុងវេទិកាសាធារណៈ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២០ ក្នុងបរិវេណវត្តមរតកតេជោបុរីស្វរៈ ភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងមានការចូលពីឯកឧត្តម ប្រាក់ សុវណ្ណ គណៈអភិបាលខេត្ត ព្រមទាំងសមាជិកក្រុមការងារថ្នាក់ជាតិ អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋជិត៦០០នាក់ ។ ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា បានបញ្ជាក់ថា ដើម្បីគាំទ្រ និងរួមចំណែកជម្រុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា, រាជ រដ្ឋាភិបាលបានសម្រេចបន្តចាត់តាំងក្រុមការងារថ្នាក់ជាតិ ដើម្បីចុះបេសកកម្មតាមមូលដ្ឋានរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ សំដៅបន្តអនុវត្តកម្មវិធីនយោបាយប្រកបដោយប្រសិទ្ធភាពនៅគ្រប់មូលដ្ឋាន នៅទូទាំងប្រទេស ។ លើសពីនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋត្រូវចូលរួមជាមតិយោបល់ និងលើកឡើងបញ្ហាប្រឈមសំណូមពរ ដើម្បីឲ្យគណៈអធិបតី ឡើងបកស្រាយចម្ងល់នានា ក៏ដូចជាស្វែងរកដំណោះស្រាយទាំងអស់គ្នា។
បងប្អូនប្រជាពលរដ្ឋ ក៏បានលើកឡើងជាសំនួរ និងសំណូមពរផ្សេងៗ ដើម្បីឲ្យមានការដោះស្រាយបានទាន់ពេលវេលា ឆ្លើយតបទៅនឹងសំណូមពរចាំបាច់នានា ក្នុងមូលដ្ឋាន ជាពិសេសគឺដើម្បីឲ្យការអនុវត្តន៍គោលនយោបាយក្នុងការអភិវឌ្ឍភូមិ-ឃុំ និងគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់ការទី៤ និងកម្មវិធីកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ របស់រាជរដ្ឋាភិបាលកម្ពុជាមានប្រសិទ្ធភាពខ្ពស់ ។
ក្នុងនោះដែរ បងប្អូនប្រជាពលរដ្ឋបានឡើងចូលរួមមានមតិ យ៉ាងផុសផុលប្រកបដោយភាពក្លាហាន ហើយក៏មានការបកស្រាយពីមន្ទីរ ស្ថាប័ន អង្គភាព និងជំនាញពាក់ព័ន្ធទាំងអស់ជូន បងប្អូនបានជ្រាបផងដែរ៕សួនលីណា






