ឯកឧត្តម វេង សាខុន ស្នើរឱ្យសមាជិក សមាជិកាក្រុមការងារថ្នាក់ជាតិចុះជួយស្រុក ឃុំ ភូមិ អាជ្ញាធរមូលដ្ឋាន ជាពិសេសបងប្អូនប្រជាពលរដ្ឋមេត្តាបន្តថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សង្គមឲ្យបានល្អ បន្តចូលរួមគាំ ទ្ររាជរដ្ឋាភិបាលក្នុងការដឹកនាំប្រទេសជាតិឱ្យមានការអភិវឌ្ឍន៍បន្តទៀត

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានអញ្ជើញមកដឹកនាំវេទិកាសាធារណ:ដើម្បីធ្វើការតាមដានការអនុវត្តកម្មវិធីគោនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងសម្ភោធដាក់ឆ្លងឱ្យប្រើប្រាស់ជាផ្លូវការក្លោងទ្វារវត្តមង្គលគិរី ហៅវត្តដូនមាស ស្ថិតនៅភូមិគោកចារ ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ពិធីនេះមានការចូលរួមពីសំណាក់ឯកឧត្តមចាយ បូរិន សមាជិកសភា និងជាតំណាងរាស្រ្តខេត្តត្បូងឃ្មុំ ។
ក្រោយបានស្តាប់របាយការណ៍ដែលបានរាយការណ៍ដោយលោក សូ សារ៉េត ជំទប់ទី២ ឃុំ ជូនអង្គពិធីជ្រាបដោយសង្ខេបអំពីស្ថានភាពភូមិសាស្រ្តរបស់ឃុំ ប្រជាជន រចនាសម្ព័ន្ធការងាររដ្ឋបាល ហេដ្ឋា រចនាសម្ព័ន្ធក្នុងឃុំ សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សង្គម ការផ្តល់សេវាសាធារណ: ការងារបង្កបង្កើនផល បញ្ហាជីវភាព របស់ប្រជាពលរដ្ឋរួចមក ឯកឧត្តមវេង សាខុន បានជម្រាបជូនបងប្អូនអំពីដំណើរការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិពីដំណាក់កាលមួយ មកដំណាក់កាលមួយ រហូតមកទល់បច្ចុប្បន្ន គឺប្រទេសជាតិយើងបានដើរចេញពីសង្គ្រាមរំរ៉ៃ អសន្តិសុខសង្គម ស្បៀង មកជាប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពកំណើនសេដ្ឋកិច្ច សន្តិសុខស្បៀង ភាពក្រីក្រត្រូវបានកាត់បន្ថយជាបណ្តើរៗ។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានខិតខំប្រឹងប្រែងយកអស់កំលាំងកាយចិត្ត ប្រាជ្ញាស្មារតីដឹកនាំប្រទេសប្រកបដោយឆន្ទ: និងឧត្តមគតិធ្វើយ៉ាងណាបន្ត ជំរុញការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ កំពង់ផែទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី មន្ទីរពេទ្យ គិលានុបដ្ឋាយិកា សាលារៀន និងសាកលវិទ្យាល័យគ្រប់កម្រិត វិស័យកីឡា សណ្ឋាគារ រមណីយដ្ឋាន ទេសចរណ៍ សេវាសាធារណ: ការអភិវឌ្ឍន៍វិស័យកសិកម្ម។ល។ ដើម្បីឆ្លើយតបតាមសេចក្តីត្រូវការរបស់ប្រទេសជាតិ និងប្រជាជនដែលចេះតែកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ ហេតុនេះហើយ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក្នុងទិសដៅខិតខំជំរុញ និងពន្លឿនការអភិវឌ្ឍន៍លើគ្រប់វិស័យជាជំហានៗសមស្របតាមពេលវេលា និងធនធានរបស់ជាតិយើង។ ក្រៅពីវិស័យអាណាចក្រ រាជរដ្ឋាភិបាលបានគិតគូ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍន៍វិស័យពុទ្ធចក្រព្រមគ្នា ជាក់ស្តែងក្លោងទ្វារវត្តដ៏ធំស្កឹមស្កៃដែលបានសាងសង់អស់ថវិកាចំនួន ៥៦លានរៀល បានដាក់សម្ភោធឱ្យប្រើប្រាស់បម្រើឱ្យវិស័យព្រះពុទ្ធសាសនាតរៀងទៅ។ ចំពោះសមិទ្ធផលដ៏ធំធេងនេះ ឯកឧត្តមប្រធានបានថ្លែងអំណរគុណជាអនេកជូនចំពោះព្រះចៅអធីការវត្ត ព្រះសង្ឃ បងប្អូនសប្បុរសជន សមាជិក សមាជិកា អាជ្ញាធរមូលដ្ឋាន និងបងប្អូនពុទ្ធបរិស័ទទាំងអស់ដែលបាន រួមគ្នាជាកំលាំងកាយ ចិត្ត និងថវិកាកសាងក្លោងទ្វារវត្តនេះ និងសូមទទួលយកកុសលផលបុណ្យតាមសទ្ធារៀងៗខ្លួន។
ដើម្បីបន្តកសាង និងអភិវឌ្ឍប្រទេសជាតិយើង ឯកឧត្តមសុំឱ្យសមាជិក សមាជិកាក្រុមការងារថ្នាក់ជាតិចុះជួយស្រុក ឃុំ ភូមិ អាជ្ញាធរមូលដ្ឋាន និងកងកំលាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ជាពិសេសបងប្អូនប្រជាពលរដ្ឋមេត្តាបន្តថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សង្គមឲ្យបានល្អ បន្តចូលរួមគាំ ទ្ររាជរដ្ឋាភិបាលក្នុងការដឹកនាំប្រទេសជាតិឱ្យមានការអភិវឌ្ឍន៍បន្តទៀត (អរគុណសន្តិភាព)។
ក្នុងពិធីសំណេះសំណាលនេះ បងប្អូនប្រជាពលរដ្ឋបានផុលផុសចោទសួរ សំណូមពរ និងលើកសំណើដូចជាស្តារប្រឡាយទឹក តភ្លើង សុំបង្គោលភ្លើង លូទឹក ជួសជុលផ្លូវលំ គ្រួសក្រហមសម្រាប់ជួសជុល កែលម្អផ្លូវលំ និងសំលៀកបំពាក់ប្រជាការពារ។ ដើម្បីជួយសម្រាលទុក្ខលំបាក ចែក រំលែក និងដោះស្រាយសំណើ ឯកឧត្តមប្រធាន និងសហការីបានជួយឧបត្ថម្ភថវិកាសរុបចំនួន ២៤លានរៀល។ ចំពោះអ្នកដែលអញ្ជើញមកចូលរួមម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល ផងដែរ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner