គិតត្រឹមថ្ងៃទី២១ សីហា ឆ្នំា២០២១ កម្ពុជារកឃើញមេរោគបំប្លែងថ្មី ដែលតា សរុប ៩៩៩នាក់

ក្រសួងសុខាភិបាល បានប្រកាសថា គិតត្រឹមថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ កម្ពុជា បានរកឃើញមេរោគបំប្លែងថ្មី «ដែលតា» សរុប ៩៩៩នាក់ហើយ។ មេរោគបំប្លែងថ្មីនេះ បានរកឃើញនៅ ២៣រាជធានី-ខេត្ត ហើយរាជធានីភ្នំពេញ មានចំនួនច្រើនជាងគេ។

ក្រសួងសុខាភិបាល បានប្រកាសថា ខេត្តពីរដែលមិនទាន់មានមេរោគបំប្លែងថ្មីនេះ រួមមាន៖ ខេត្តកែប និងក្រចេះ។ បុគ្គលដែលរកឃើញមេរោគបំប្លែងថ្មី រួមមានអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ពលករខ្មែរត្រលប់ពីប្រទេសថៃ ពីប្រទេសវៀតណាម ប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ ក្រុមហ៊ុនឯកជន បុគ្គលិកសុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន អ្នកបកប្រែ ភាសា ជនជាតិបរទេស បុគ្គលិករោងចក្រកាត់ដេរ បុគ្គលិកធនាគារ ដូនជីនៅវត្ត និង សិស្សផងដែរ។

តាមលទ្ធផលនេះ បានបង្ហាញថា វីរុសដែលតា បាននិងកំពុងបន្តរាតត្បាតវាយលុកចូលក្នុងសហគមន៍ ជាពិសេស រាជធានីភ្នំពេញ ខេត្តឧត្តរមានជ័យ សៀមរាប ព្រះវិហារ កំពង់ចាម កំពង់ធំ កណ្តាល បន្ទាយមានជ័យ និងបណ្តាខេត្តមួយចំនួនទៀត។

ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រើនរំលឹកហើយរំលឹកទៀត និងអំពាវនាវដោយទទូចដល់សាធារណជនទូទាំងប្រទេសកម្ពុជា ឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ការពារខ្លួន កុំភ្លេចខ្លួនឱ្យសោះ ដោយត្រូវចេះផ្លាស់ប្ដូរទម្លាប់រស់នៅរបស់ខ្លួនឱ្យ ស្របតាមពាក្យស្លោកដែលថា៖ រៀនរស់នៅធម្មតាជាមួយរើសកូវីដ-១៩ តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ប្រភេទថ្មីផ្សេងទៀត ដែលអាចកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាយើង ជាយថាហេតុណាមួយ។

ឯកឧត្តម រដ្ឋមន្ត្រីអំពាវនាវឱ្យបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ ៣ការពារ (ពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង៣កុំ (កុំទៅកន្លែង មានមនុស្សច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) តាមការណែនាំដ៏ ខ្ពង់ខ្ពស់របស់       សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។

រីឯបុគ្គលដែលតម្រូវឱ្យធ្វើចត្តាឡីស័ក ត្រូវតែគោរពតាមគោលការណ៍ការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងគោរពទៅតាម ការណែនាំរបស់គណៈកម្មការគ្រប់គ្រងនៅទីតាំងនោះ ដើម្បីទប់ស្កាត់ការចម្លងបន្តគ្នានៅក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner