មេដឹកនាំនយោបាយកំពូល និងសហស្ថាបនិករបស់ក្រុមឧទ្ទាមតាលីបង់លោក Abdul Ghani Baradar បានមកដល់រដ្ឋធានីកាប៊ុល អាហ្វហ្កានីស្ថាន ដើម្បីបើកការពិភាក្សាបង្កើតរដ្ឋាភិបាលថ្មី
មេដឹកនាំនយោបាយកំពូល និងសហស្ថាបនិករបស់ក្រុមឧទ្ទាមតាលីបង់លោក Abdul Ghani Baradar បានមកដល់រដ្ឋធានីកាប៊ុល អាហ្វហ្កានីស្ថាន ដើម្បីបើកការពិភាក្សាបង្កើតរដ្ឋាភិបាលថ្មី ខណៈមានការរាយការណ៍ថាលោកកំពុងសម្លឹងមុខតំណែងប្រធានាធិបតីសំរាប់ខ្លួនផ្ទាល់។
លោក Baradar គឺជាមេដឹកនាំមានសមត្ថភាពទាំងក្នុងនយោបាយ និងក្នុងសឹក ហើយត្រូវបានចាត់ទុកជាមុខមាត់សាធារណរបស់តាលីបង់។ ភាពជោគជ័យធំបំផុតរបស់លោកមិនបានកើតឡើងនៅលើសមរភូមិទេ គឺនៅលើតុចរចា។
នៅទីក្រុងដូហា លោកបានដឹកនាំក្រុមតាលីបង់ក្នុងកិច្ចពិភាក្សាជាមួយរដ្ឋបាលលោក Donald Trump ដោយគ្មានការចូលរួមពីតំណាងរបស់រដ្ឋាភិបាលអាហ្វហ្កានីស្ថាន។ ការចរចានេះបានឈានដល់កិច្ចព្រមព្រៀងដកកងទ័ពអាមេរិកទាំងអស់ចេញពីអាហ្វហ្កានីស្ថាន និងការយល់ព្រមចរចាសន្តិភាពជាមួយរដ្ឋាភិបាលអាហ្វហ្កានីស្ថាន។ ប៉ុន្តែការចរចាសន្តិភាពនេះបានជាប់គាំង ហើយកិច្ចព្រមព្រៀងនេះបានបើកផ្លូវឱ្យក្រុមតាលីបង់រឹបអូសយករដ្ឋធានីកាប៊ុលរបស់អាហ្វហ្កានីស្ថានហើយទម្លាក់រដ្ឋាភិបាល បន្ទាប់ពីការវាយលុកទូទាំងប្រទេស។
គេរំពឹងថា លោក Baradar នឹងដឹកនាំការចរចារវាងក្រុមតាលីបង់ និងសមាជិករដ្ឋាភិបាលធ្លាក់ពីអំណាច សំរាប់ការបង្កើតរដ្ឋាភិបាលថ្មីដែលធានាការគោរពសិទ្ធមនុស្ស សិទ្ធស្ត្រី និងលើកលែងទោសជូនមន្ត្រី និងទាហានរដ្ឋាភិបាលធ្លាក់ពីអំណាច។

ប្រភព៖ New York Post