កសិដ្ឋានចិញ្ចឹមបង្កង ចិត្តស្រីអូន នៅភូមិចំការឃ្លៃ ស្រុករលាប្អៀរ រយៈពេល៣ឆ្នាំកន្លងមកនេះទទួលបានជោគជ័យ
កំពង់ឆ្នាំង ៖ លោកស្រី ទុយ សុផានី ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងអូស្ត្រាលី នៅភូមិចំការឃ្លៃ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ នៅព្រឹកថ្ងៃទី២៣ ខែសីហានេះ បានឲ្យដឹងថា ឆ្លងកាត់ការយកចិត្តទុកដាក់នួវបទពិសោធន៍ជាក់ស្តែងក្នុងការចិញ្ចឹមបង្កងអូស្ត្រាលី រយៈពេល ៣ ឆ្នាំកន្លងមកនេះ កសិ ដ្ឋានចិញ្ចឹមបង្កងរបស់លោកស្រីត្រូវបានអតិថិជនគាំទ្រកំម៉ង់ទិញដូរទាំងបង្កងសាច់ និងពូជបង្កងជាច្រើនម៉ឺនក្បាល ធ្វើកសិដ្ឋានចិញ្ចឹមបង្កងរបស់លោកស្រី និងលោកនង ណារិទ្ធជាស្វាម៉ី រកចំណូលផាត់ថ្លៃដើមចំណីបង្កងចេញ បានប្រ មាណពី ៤ ទៅ៥ លានរៀលក្នុង១ខែៗ ដែលអាចផ្គត់ផ្គង់ជីវភាពរស់នៅក្នុងគ្រួសារ បានល្អប្រសើរ ។
លោកស្រី ទុយ សុផានី បានបញ្ជាក់ឲ្យដឹងទៀតថា ដំបូងឡើយកសិដ្ឋានចិញ្ចឹមបង្កងនេះមានអាងចិញ្ចឹមបង្កងតែ ៤អាងប៉ុណ្ណោះ ។ ក្រោយមកដោយសារការខិតខំរៀនសូត្រនូវបច្ចេកទេស និងបទពិសោធន៍ជាក់ស្ដែងជាបន្តបន្ទាប់មកធ្វើឱ្យគុណ ភាព និងលទ្ធផល នៃការបង្កាត់កូនបង្កងមានកំណើនទ្វេឡើង ធ្វើឲ្យកសិដ្ឋានចិញ្ចឹមបង្កងរបស់គាត់បង្កើនអាងចិញ្ចឹមបង្កង សរុបបាន ១២អាង និងស្រះចិញ្ចឹមបង្កងបាន ២ ស្រះ ថែមទៀត ។
លោក នង ណារិទ្ធ ( ស្វាម៉ី លោក ស្រី ទយ សុផានី ) ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កង បានបញ្ជាក់ឲ្យដឹងដែរថា ចំពោះការផ្គត់
ផ្គង់បង្កងជូនអតិថិជនវិញ ក្នុងមួយខែៗ កសិដ្ឋានលោក អាចផ្គត់ផ្គង់បង្កងសាច់បានចន្លោះពី៤០ ទៅ ៥០គីឡូ ដែលក្នុងមួយគីឡូថ្លៃពី ២៥ដុល្លារ ទៅ ៣០ដុល្លារ តាមបង្កងតូចតាមធំ ។ចំណែកបង្កងមេពូជវិញ បានផ្គត់ផ្គង់ជូនអតិថិជន ប្រមាណពី ១០០ទៅ១២០ ក្បាលក្នុងមួយខែៗ ដោយក្នុងមួយក្បាលមានតម្លៃ ៥ ដុល្លារ ។
ចំពោះសភាពការណ៍ជំងឺកូវីដ១៩ វិញ មិនបានប៉ះពាល់ដល់ការលក់ ដូរបង្កងសាច់ ឬបង្កងមេពូជឡើយដោយមានអតិថិជនជិតឆ្ងាយបានកំម៉ង់ទិញជាហូរហែមិនដាច់ឡើយ ។
ជាមួយនិងការលក់មេពូជបង្កងអូស្ត្រាលីនេះដែរ កសិដ្ឋានរបស់លោក ក៏មានការជួយផ្ដល់ការប្រឹក្សាអំពីបច្ចេកទេសនៃការចិញ្ចឹមបង្កងអូស្ត្រាលី ជូនអតិថិជនដែលបានជាវមេពូជទៅចិញ្ចឹមផងដែរតាំងពីដើមដៃ រហូតដល់ពេលប្រមូលផលដោយមិនលាក់លៀមបច្ចេកទេសនោះឡើយ ។ ដោយឡែកក្រៅពីការចិញ្ចឹមបង្កងអូស្ត្រាលី នៅក្នុងកសិដ្ឋានរបស់លោកបច្ចុប្បន្ន ក៏មានចិញ្ចឹមមាន់ស្រែ ចិញ្ចឹមទា និងកំពុងចិញ្ចឹមកង្កែបបង្កាត់យកកូនលក់ផងដែរ ដើម្បីបង្កើនមុខរបរឲ្យបានច្រើន មានគ្រប់រដូវកាល សំរាប់ផ្គត់ផ្គង់តម្រូវការរបស់អតិថិជននៅក្នុងមូលដ្ឋាន ៕សុខ គឹមសៀន