ក្រសួងសាធារណការនិងដឹកជញ្ជូនសម្រេចបង្កើតទីតាំងជញ្ជីងអចល័ត លើកដំបូង ដើម្បីធ្វើការត្រួតពិនិត្យថ្លឹងរថយន្តដែលផ្ទុកលើសទម្ងន់កម្រិតកំណត់តាមដងផ្លូវជាតិលេខ៥ក្នុងភូមិសាស្ត្រស្រុកសង្កែ ខេត្តបាត់ដំបង
នៅថ្ងៃទី២៣ខែសីហាឆ្នាំ២០២១នេះ គណៈកម្មាធិការធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានកំណត់ចេញសេចក្តីជូនដំណឹងស្តីពីការបើកឲ្យដំណើរការស្ថានីយ៍ជញ្ជីងអចល័តបណ្តោះអាសន្ន “ពុកឆ្មារ-ខេត្តបាត់ដំបង”មួយកន្លែងស្ថិតក្នុងភូមិសាស្ត្រភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង និងប្រកាសទទួលស្គាល់នូវសមាសភាពក្រុមការងារស្ថានីយ៍ជញ្ជីងអចល័តបណ្តោះអាសន្នខាងលើនេះមានចំនួន១១រូបក្នុងនោះ៖លោក ហេង ប៊ុនលី ជាប្រធានស្ថានីយ៍ជញ្ជីងនិងជាមន្ត្រីនៃមន្ទីរសាធារណការខេត្តបាត់ដំបង។ដែលបានកំណត់បោះទីតាំងបណ្តោះអាសន្នលើកំណាត់ផ្លូវជាតិលេខ៥ចំណុចគីឡូម៉ែត្រ២៨១+៥០០។ ដើម្បីជាវិធានការទប់ស្កាត់នូវបទល្មើសយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រឹតកំណត់ និងដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឲ្យស្ថិតស្ថេរ រឹងមាំ គង់វង្ស និងធានាធន់អាយុកាល នៃ បច្ចេកទេសសាងសង់។
នៅក្នុងឱកាសចុះពិនិត្យទីតាំងបង្កើតស្ថានីយជញ្ជីងថ្លឹងយានយន្តដឹកលើសទម្ងន់កម្រិតកំណត់ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និង ដឹកជញ្ជូន ជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្តជាពិសេសឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ដែលបានគាំទ្រឲ្យមាននូវស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត សម្រាប់ខេត្តបាត់ដំបងនេះ។ហើយក៏ជាលើកដំបូងផងដែរ ដែលក្រសួងមានស្ថានីយជញ្ជីងថ្លឹងយានយន្តដឹកលើសទម្ងន់កម្រិតនៅក្នុងភូមិសាស្ត្រខេត្តនេះ។
តាមការរយៈការចុះពិនិត្យទីតាំងស្ថានីយ៍នៅទីនេះឯកឧត្តម សេង ឈួន ក៏បានណែនាំនិងបានដល់ក្រុមការងារគណៈកម្មការគ្រប់គ្រងស្ថានីយជញ្ជីងថ្លឹង ដែលមានសមាសភាពចម្រុះមកពី មន្ទីរក្រសួង មន្រ្តីសាលាខេត្ត ប៉ូលិសនិងកងរាជអាវុធហត្ថ ត្រូវធ្វើយ៉ាងណាសហការផ្ទៃក្នុងឲ្យបានល្អ ដើម្បីបង្រ្កាបនូវយានយន្តដឹកលើសទម្ងន់ឲ្យមានប្រសិទ្ធភាពខ្ពស់។ខណៈដែលកន្លងមក ក្រសួងបានរកឃើញមានរថយន្តច្រើនណាស់ដែលដឹកលើសទម្ងន់រហូតដល់៨០តោន ទើបបណ្ដាលឲ្យផ្លូវនានាឆាប់ខូចខាតជាបន្តបន្ទាប់។
ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានថ្លែងជំរុញដល់មន្ត្រីនិងក្រុមការងារទទួលខុសត្រូវស្ថានីយ៍ជញ្ជីងអចល័តបណ្តោះអាសន្ននៅទីនេះ ត្រូវអនុវត្តន៍ច្បាប់ឲ្យបានម៉ឺងមាត់បំផុត មិនត្រូវប្រើមនោសញ្ចេតនា ផ្ទាល់ខ្លួនឬមនោសញ្ចេតនាក្រុម ធ្វើការដោះលែងយានយន្តដឹកលើសទម្ងន់កម្រិតកំណត់ឲ្យរួចខ្លួននោះទេ។
ឯកឧត្តម បានបញ្ជាក់យ៉ាងច្បាស់ទៀតថា បើទោះយានយន្តទាំងនោះត្រូវបានដោះលែង ពីចំណុចដែលខ្លួនទទួលខុសត្រូវ។តែទៅដល់ចំណុចមួយទៀត ដែលគេរកឃើញ នោះគឺវានាំឲ្យអន្តរាយដល់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋឡើយជាពិសេសផ្លូវជាតិទាំងនេះ។
ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានធ្វើការព្រមាននិងក្រើនរំលឹកដល់ក្រុមការងារស្ថានីយ៍ជញ្ជីងទាំងអស់ ត្រូវយកចិត្តទុកដាក់និងត្រូវមានវិធានការក្នុងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់។ ត្រូវចៀសវាងដាច៎ខាត ធ្វើយ៉ាងណា៎កុំឲ្យយានយន្តល្មើស ស្គាល់ពេលវេលាមន្ត្រីសម្រាក? ហើយមន្ត្រីនៅទីនេះ ក៏ត្រូវមានភាពឈ្លាសវៃ ក្នុងការអនុវត្តនូវវិធានការក្នុងបង្ក្រាបយានយន្តដែលផ្ទុកលើសទម្ងន់ពីកម្រិតកំណត់ឲ្យបាន ដោយមិនត្រូវប្រើពេលវេលាខ្ជះខ្ជាយ និងត្រូវមានភាពស្មោះត្រង់ក្នុងការអនុវត្តការងារក្នុងក្រុម ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ។
សូមបញ្ជាក់ថា៖ការបង្កើតនូវស្ថានីយពុកឆ្មា-ខេត្តបាត់ដំបង នេះនឹងចាប់ផ្ដើមដំណើរការថ្លឹងសាកល្បងរថយន្តដឹកជញ្ជួនទំនិញធុនធ្ងន់ទាំងអស់ ក្នុងរយៈពេល១៤ថ្ងៃ គឺ៖ចាប់ពីថ្ងៃទី២៣ ខែសីហាដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ហើយនិងអនុវត្តន៍នូវវិធានការក្នុងការផាកពិន័យ ចំពោះរថយន្តដឹកជញ្ជួនលើសទម្ងន់កម្រិតតាមបទបញ្ញត្តិនៃច្បាប់ជាធរមាន ចាប់ពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះតទៅ។ក្នុងនោះផងដែរក្រសួងនិងមន្ទីរសាធារណការ និងដឹកជញ្ជូន សូមធ្វើការអំពាវនាវដល់គ្របសមាគមដឹកជញ្ជួនទំនិញផ្លូវគោក សមាគមភ្នាក់ងារបញ្ជួនទំនិញកម្ពុជា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជួន ម្ចាស់រថយន្តធុនធ្ងន់ អ្នកបើកបររថយន្តធុនធ្ងន់ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការជាមួយមន្រ្តីមានសមត្ថកិច្ច និងត្រូវចូលរួមអនុវត្តន៍ច្បាប់ ក្នុងស្មារតីប្រកបដោយការទទួលខុសត្រូវទាំងអស់គ្នា៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )