ឯកឧត្តម សាយ សំអាល់ ទទួលជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់បេក្ខជនជ័យលាភីអាហារូបករណ៍ទៅសិក្សានៅសាធារណរដ្ឋឆែក
ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នារសៀល ថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បានទទួលជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់បេក្ខជនជ័យលាភីអាហារូបករណ៍របស់សាធារណរដ្ឋឆែក ឆ្នាំ២០២១ ចំនួន ១៣នាក់ មុននឹងប្អូនចេញដំណើរទៅសិក្សានៅប្រទេសសាធាររដ្ឋឆែក នាខែកញ្ញាខាងមុខនេះ។
ឯកឧត្តមរដ្ឋមន្រ្ដី បានថ្លែង អបអរសាទរ ចំពោះប្អូនៗ ទទួលបានឱកាសអភិវឌ្ឍន៍សមត្ថភាព និងឱកាសសិក្សាស្វែងយល់ពីបទពិសោធន៍ល្អៗនៅបរទេស ដេីម្បីឈានចាប់ឱកាសអភិវឌ្ឍន៍អាជីព មុខរបរការងាររបស់ខ្លួននាពេលអនាគត។ បន្ថែមលេីសពីនេះ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានចែករំលែកបទពិសោធន៍នៅក្នុងការទៅសិក្សាក្រៅប្រទេស ជាពិសេសលើកទឹកចិត្តឱ្យប្អូនៗប្រឹងប្រែងរៀនសូត្រ អភិវឌ្ឍន៍ខ្លួនឯង ចេះស្រឡាញ់មេីលថែគ្នា បង្កេីតទំនាក់ទំនងល្អៗជាមួយមិត្តបរទេស ផ្សព្វផ្សាយពីភាពវិជ្ជមានរបស់កម្ពុជា និងត្រឡប់មកមាតុប្រទេសវិញ ដេីម្បីអភិវឌ្ឍន៍សង្គមជាតិកម្ពុជា៕ ដោយ / គ្រី សម្បត្តិ






