ក្រុមចលនាតស៊ូប្រឆាំងនឹងតាលីបង់បានវាយដណ្ដើមស្រុកចំនួនបី និងបានប្រមូលផ្ដុំជាមូលដ្ឋាននៅតំបន់ជ្រលងភ្នំ Panjshir ជាប់ខេត្ត Baghlan ភាគខាងជើងប្រទេសអាហ្វហ្កានីស្ថាន 🇦🇫
នេះគឺជាការប៉ះទង្គិចលើកដំបូង ចាប់តាំងពីពេលដែលក្រុមតាលីបង់ចូលកាន់កាប់ក្រុងកាប៊ុលកាលពីថ្ងៃទី១៥ សីហា។ យុទ្ធជនតាលីបង់យ៉ាងតិច ១៥នាក់ត្រូវបានសម្លាប់ និង១៥នាក់ទៀតរងរបួស។ កងជីវពលតាមមូលដ្ឋាននានានៅតំបន់ផ្សេងទៀតនៃអាហ្វហ្កានីស្ថាន ក៏ចាប់ផ្ដើមប្រឆាំងការគ្រប់គ្រងរបស់តាលីបង់។
មេដឹកនាំចលនាតស៊ូ រួមមានរដ្ឋមន្ត្រីការពារជាតិនៃរដ្ឋាភិបាលដែលដួលរលំលោក Mohammadi និងលោកអនុប្រធានាធិបតី Amrullah Saleh ដែលអះអាងថាលោកជាមេដឹកនាំស្របច្បាប់ បន្ទាប់ពីលោកប្រធានាធិបតី បោះបង់ចោលភារកិច្ចហើយភៀសខ្លួនចេញពីប្រទេស។
មេដឹកនាំទាំងពីរនេះ ពឹងផ្អែកលើកងកម្លាំងដែលគ្រប់គ្រងដោយលោក Ahmed Massoud ជាកូនប្រុសរបស់មេបញ្ជាការដ៏ល្បីល្បាញគឺលោក Ahmed Shah Massou។ លោក Massoud គ្រប់គ្រងទាហានយ៉ាងហោចណាស់ ៩ ០០០នាក់ ដែលភាគច្រើនជាទាហានកងកុម្ម៉ង់ដូ និងទាហានកងជីវពលមូលដ្ឋាន ដែលមិនព្រមទទួលយកការចុះចាញ់។
ដោយឡែក ក្រុមតាលីបង់កំពុងចរចាជាមួយសមាជិកនៃរដ្ឋាភិបាលដួលរលំនៅទីក្រុងកាប៊ុល ដើម្បីសម្រេចរចនាសម្ព័ន្ធនៃរដ្ឋាភិបាលថ្មី ខណៈក្រុមអ្នកវិភាគមួយចំនួនគិតថាចលនាតស៊ូនេះនឹងមិនអាចតតាំងនឹងតាលីបង់បានរយៈពេលវែងទេ បើគ្មានជំនួយពីខាងក្រៅ។

ប្រភព៖ VOA News