ក្រុមឧក្រិដ្ឋជនគ្រឿងញៀន ២នាក់ដែលបានបាញ់តដៃសមត្ថកិច្ច ត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាការ
ភ្នំពេញ ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជូនខ្លួនក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន២នាក់ ដែលប្រដាប់ដោយកាំភ្លើងខ្លីបាញ់តដៃជាមួយសមត្ថកិច្ច ក្នុងនោះកម្លាំងសមត្ថកិច្ចបានរឹបអូសវត្ថុតាងគ្រឿងញៀនជាង ២៨គីឡូក្រាម មកកាន់តុលាការ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រគល់ជូនតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញធ្វើការស៊ើបសួរបន្ត។
គួររំលឹកថា សមត្ថកិច្ចជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយអនុវត្តតាមបញ្ជាលោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោក ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីវេលាម៉ោង១៣ និង៥០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៧) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សឿង ណុល នាយករងមន្ទីរ សហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការស៊ើបអង្កេត និងស្រាវជ្រាវបង្រ្កាបបទល្មើសគ្រឿងញៀន ២គោលដៅផ្សេងគ្នា។ ក្នុងនោះ គោលដៅទី១ នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងគោលដៅទី២ នៅចំណុចផ្ទះលេខ៣២ ផ្លូវC ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្នុងអំឡុងពេលប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀននោះ ជនល្មើសបានធ្វើការតដៃ ដោយបាញ់មកលើកម្លាំងសមត្ថកិច្ច ដែលធ្វើឱ្យសមត្ថកិច្ច ត្រូវតែបាញ់តបត ដើម្បីការពារខ្លួនវិញ និងបានធ្វើឱ្យជនល្មើសទម្លាក់អាវុធប្រគល់ខ្លួនឱ្យសមត្ថកិច្ច។
សមត្ថកិច្ច បានបញ្ជាក់ថា ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ បានឃាត់ខ្លួនជនសង្ស័យ ២នាក់ ៖ ១-ឈ្មោះ គីម តាត់ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ, ២-ឈ្មោះ ប្រាក់ សឺត ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិថៃ និងចាប់យកវត្ថុតាងសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ២៤កញ្ចប់ធំ ទម្ងន់ប្រមាណជាង ២៤គីឡូក្រាម, ប្រភេទអុិចស្តាស៊ី (MDMA) ១៤កញ្ចប់ ទម្ងន់ប្រមាណ ៤គីឡូក្រាម , រថយន្ត៤គ្រឿង, ទូរស័ព្ទដៃ ៦គ្រឿង, កាំភ្លើងខ្លី ម៉ាក រ៉ូឡូ១ដើម, សំបកគ្រាប់៣គ្រាប់ និងគ្រាប់មិនទាន់បាញ់៣គ្រាប់។ បច្ចុប្បន្ននេះ ជនសង្ស័យទាំង២នាក់ កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យាការ លោកព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ កំពុងធ្វើការសាកសួរ៕ ដោយ/ ឆៃហួត និងប៊ុនធី

