ក្រុមតាលីបង់៖ ជនបរទេសទាំងអស់ត្រូវជម្លៀសចេញពីអាហ្វហ្គានីស្ថានត្រឹមថ្ងៃទី៣១ ខែសីហាខាងមុខនេះ
កាប៊ុល៖ អ្នកនាំពាក្យតាលីបង់លោក Zabihullah Mujahid បានថ្លែងក្នុងសន្និសីទសារព័ត៌មានខ្លីមួយថា ពួកគេចង់អោយជនបរទេសទាំងអស់ជម្លៀសចេញពីអាហ្វហ្គានីស្ថាន នៅត្រឹមថ្ងៃទី៣១ ខែសីហាខាងមុខនេះ ដោយប្តេជ្ញាបដិសេធរាល់ផែនការណាមួយ សម្រាប់ការពន្យាពេលអោយហួសពីកាលកំណត់នេះទេ។
លោក Mujahid បានឆ្លើយតបទៅនឹងសំនួររបស់ BBC ថា តាលីបង់ចង់អោយជនបរទេសទាំងអស់ត្រូវបានជម្លៀសចេញនៅត្រឹមថ្ងៃទី៣១ ខែសីហា ហើយថា ខ្លួនមិនពេញចិត្តឱ្យជនជាតិអាហ្វហ្គានីស្ថានចាកចេញពីប្រទេសទេ និងព្រមានថា អាមេរិកមិនគួរលើកទឹកចិត្តពួកឥស្សរជនអាហ្វហ្គានីស្ថានអោយចាកចេញពីប្រទេសនោះទេ។
បន្ថែមលើនេះ អ្នកនាំពាក្យតាលីបង់រូបនេះក៏បានជំរុញអោយស្ថានទូតបរទេសទាំងអស់បន្តការងារពួកគេ ដោយមិនត្រូវបិទទ្វានោះទេ ជាមួយការធានាសុវត្ថិភាពដល់ពួកគេ ខណៈដែលសាលារៀន សាកលវិទ្យាល័យ មន្ទីរពេទ្យ និងស្ថានីយ៍ទូរទស្សន៍ ក៏ដូចជាវិទ្យុកំពុងដំណើរការឡើងវិញធម្មតា៕ ប្រភព៖ BBC


