សហព័ន្ធកីឡាទូកក្តោងកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាទូកក្តោងជើងឯកអាស៊ីអាគ្នេយ៍ នៅអំឡុង ខែធ្នូ ឆ្នាំ២០២១

អគ្គលេខាធិការ សហព័ន្ធកីឡាទូកក្តោងកម្ពុជា លោក សោម សុទ្ធរិទ្ធិពង្ស បានបង្ហើបប្រាប់អ្នកយកព័ត៌មានទូរទស្សន៍អប្សរា នៅព្រឹកនេះថា សហព័ន្ធកីឡាទូកក្តោងកម្ពុជា សហការជាមួយសហព័ន្ធកីឡាទូកក្តោង ប្រទេសសិង្ហបុរី នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាទូកក្តោងជើងឯកអាស៊ីអាគ្នេយ៍ នៅទឹកខេត្តព្រះសីហនុ នាអំឡុងខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ។


អគ្គលេខាធិការខាងលើ បញ្ជាក់ថា ការទទួលធ្វើជាម្ចាស់ផ្ទះជើងឯកអាស៊ីអាគ្នេយ៍នេះ គ្រោងធ្វើនៅថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ដោយសហព័ន្ធសម្រេចយកឆ្នេរសុខា ជាកន្លែងរៀបចំការប្រកួត ដើម្បីងាយស្រួលគ្រប់គ្រងស្ថានការណ៍ ខណៈការប្រកួតធ្វើជាលក្ខណៈបិទខ្ទប់ការពារជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរីករាលដាល នៅកម្ពុជា ។ លោក សោម សុទ្ធរិទ្ធិពង្ស បន្ថែមទៀតថា ការប្រកួតកម្រិតតំបន់នេះ កម្ពុជានឹងអញ្ជើញពី៦ទៅ៧ប្រទេសចូលរួម ដោយត្រូវកំណត់ចំនួនអត្តបលិកចូលរួមផងដែរ ដើម្បីស្របក្នុងបរិបទការពារជំងឺកូវីដ-១៩ ។

លោក អះអាងទៀតថា មូលហេតុដែលសហព័ន្ធកីឡាទូកក្តោងកម្ពុជា រៀបចំការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ នៅចុងឆ្នាំ២០២១នេះ ស៊ីហ្គេម នៅវៀតណាម ឆ្នាំ២០២២ មិនមានប្រភេទកីឡាទូកក្តោងនោះទេ ។ ដូច្នោះទើបសហព័ន្ធរៀបចំ ដើម្បីពង្រឹងសមត្ថភាព កីឡាករ កីឡាការិនី ត្រៀមខ្លួនដណ្តើមមេដាយ ពីការប្រកួតជើងឯកអាស៊ី នៅប្រទេសចិន ឆ្នាំ២០២២ និងការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។


សូមបញ្ជាក់ថា សម្រាប់ការប្រកួតជើងឯកកីឡាទូកក្តោងអាស៊ីអាគ្នេយ៍ ដែលសហព័ន្ធកីឡាទូកក្តោងកម្ពុជាគ្រោងរៀបចំការប្រកួតនៅអំឡុងខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានត្រៀមកីឡាករ កីឡាការិនីជម្រើសជាតិចំនួន៨រូប ក្នុងនោះ កីឡាការិនី២រូប លើ២ប្រភេទទូកក្តោង ចំនួន១០វិញ្ញាសា ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner