លោក បូរីស ចនសុន៖ ក្រុមប្រទេស G7 នឹងជំរុញអោយតាលីបង់ធានាសុវត្ថិភាពដល់ការជម្លៀសមនុស្សចេញពីអាហ្វហ្គានីស្ថាន (Video Inside)

អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន ថ្លែងថា ក្រុមប្រទេស G7 នឹងធ្វើការជំរុញអោយតាលីបង់ធានាការឆ្លងកាត់ប្រកបដោយសុវត្ថិភាពរបស់ប្រជាជនទាំងឡាយណា ដែលចង់ចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន។
លោក ចនសុន បានបង្ហោះសារវីដេអូនៅលើបណ្តាញសង្គម ធ្វីតធើ បន្ទាប់ពីកិច្ចប្រជុំតាមអនឡាញបន្ទាន់របស់មេដឹកនាំ G7 នៅថ្ងៃអង្គារសប្តាហ៍នេះ ដោយលោកបាននិយាយថា លក្ខខណ្ឌលេខ ១ ដែលយើងកំពុងកំណត់ក្នុងនាមជាមេដឹកនាំ G7 គឺថាពួកគេ (ក្រុមតាលីបង់) ត្រូវធានាផ្លូវឆ្លងកាត់រហូតដល់ថ្ងៃទី ៣១ ខែសីហា និងលើសពីនេះ ការឆ្លងកាត់ប្រកបដោយសុវត្ថិភាពសម្រាប់អ្នកដែលចង់ចេញក្រៅប្រទេស។ សហរដ្ឋអាមេរិកបានកំណត់យកថ្ងៃទី៣១ ខែសីហាខាងមុខនេះ ជាកាលបរិច្ឆេតដកកងទ័ពខ្លួនទាំងអស់ចេញពីទឹកដីរបស់អាហ្វហ្គានីស្ថាន ខណៈដែលអង់គ្លេសក៏បានជម្លៀសប្រជាជនប្រមាណ៩ពាន់នាក់ផងដែរចេញពីប្រទេសអាស៊ីខាងត្បូងមួយនេះ។ លោក ចនសុន បន្ថែមថា ស្ថានភាពនៅឯអាកាសយានដ្ឋានអន្តរជាតិរដ្ឋធានីកាប៊ុល បច្ចុប្បន្ននៅពុំទាន់មានភាពល្អប្រសើរនៅឡើយទេ ហេតុដូច្នេះវាអាចនឹងមានផលលំបាកសម្រាប់ការជម្លៀសមនុស្ស។
ដោយឡែករដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោក ហៃខូ ម៉ាស់ស៍ ក៏បាននិយាយដែរថា អាល្លឺម៉ង់ប្រហែលជាមិនអាចជម្លៀសពលរដ្ឋរបស់ខ្លួន និងជនជាតិអាហ្វហ្គានីស្ថានដែលបានធ្វើការឱ្យអាល្លឺម៉ង់ តាមកាលកំណត់នៃការដកទ័ពរបស់អាមេរិកឡើយ។ លោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ថា ទោះបីជាថ្ងៃផុតកំណត់ត្រូវបានពន្យារពេលពីរបីថ្ងៃក៏ដោយ វានឹងមិនគ្រប់គ្រាន់ដើម្បីបញ្ចប់ការជម្លៀសដែលអាល្លឺម៉ង់ និងអាមេរិកបានស្វែងរកនោះទេ។ លោក ម៉ាស់ស៍ បន្ថែមថា អាល្លឺម៉ង់កំពុងធ្វើការជាមួយអាមេរិក និងអង់គ្លេស ដើម្បីធានាថា វានៅតែអាចមានការហោះហើរដឹកជនស៊ីវិលចេញពីអាកាសយានដ្ឋានអន្តរជាតិរដ្ឋធានីកាប៊ុល បន្ទាប់ពីថ្ងៃផុតកំណត់៕ ប្រភព៖ NHK

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner