សាលាកុដិ២ខ្នង ស្ថិតក្នុងវត្តឥន្ទ្របត្តបុរី ហៅ វត្តអង្គរខាងត្បូង បានប្រារព្ធពិធីឆ្លង
នៅរសៀលថ្ងៃទី ០៧ ខែកុម្ភះ ឆ្នាំ២០២០ នៅវត្ត ឥន្ទ្របត្តបុរី ហៅ វត្តអង្គរខាងត្បូង មានប្រារព្ធធ្វើពិធីក្រុងពាលី ឆ្លងសាលាកុដិ២ខ្នង ក្រោមវត្តមានអញ្ជើញចូលរួមរបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេរដ្ឋមន្ត្រីរដ្ឋ មន្ត្រីក្រសួងសាធារណការនឹងដឹកជញ្ជូន និងឯកឧត្តម ឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ។

សូមបញ្ជាក់ផងដែរថា សមទ្ធិផលនេះកើតឡើងដោយទឹកចិត្តសប្បុរសរបស់ឯកឧត្តមទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការក្រោមឱវាទ ព្រះសង្ឃ ពុទ្ធបរិស័ទ ក្រោមដំបូលសន្តិភាពតែមួយ នៃការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។

ពិធីបួងសួង ក៏ដូចជាពិធីក្រុងពាលីផងដែរ គឺជាពិធីដែលស្ថិតក្នុងជំនឿតាមបែបព្រលឹងដែលប្រជាជនខ្មែរយើងមានជំនឿជឿថា នៅលើលោកនេះ អ្នកខ្លាំងពូកែដែលបានចែកឋានទៅ ពិតជាបានប្រើប្រាស់ព្រលឹងរបស់ខ្លួន នៅតាមថែរក្សាកូនចៅជំនាន់ក្រោយៗ នឹងមើលការខុសត្រូវដោយ ឬ និងជួយគាំទ្រកូនចៅដែលប្រព្រឹត្តិអំពើល្អ និង មានមនសិការស្នហាជាតិ ស្រឡាញ់ការពារទឹកដីមាតុភូមិ កេរ្តិ៍ដំណែលដូនតាដោយពិតប្រាកដ ។

ក្នុងនោះលោកតាអាចារ្យ ក៏បានធ្វើការបួងសួង ដល់ព្រះបារមីដែលគង់ប្រថាប់នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប ដែល មានបារមីព្រះអង្គចេក ព្រះអង្គចម លោកយាយទេព តាដំបងដែក បារមីលោករាជ្យ ព្រះអង្គធំខ្នងភ្នំគូលែន ព្រមទាំងបារមីព្រះឥន្ធ ព្រះព្រហ្ម ដែលគង់នៅតាមប្រាង្គប្រាសាទនៅលើទឹកដីអង្គរ តាមជួយបីបាច់ថែរក្សាដល់ថ្នាក់ដឹកនាំកំពូលៗនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង លោកជំទាវ រួមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការទាំងអស់ ដែលបានកសាងនូវសមទ្ធិផលជា មរតក សម្រាប់វិស័យព្រះពុទ្ធសាសនា ឲ្យជួបតែសេចក្តីសុខចម្រើនតទៅអនាគត ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប


