អនុសាខាកាកបាទក្រហមខណ្ឌចំការមន នាំយកអំណោយចែកជូនប្រជាពលរដ្ឋនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ចំនួន៩៩គ្រួសារ
ភ្នំពេញៈ ដើម្បីសម្រាលការលំបាករបស់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅព្រឹកថ្ងៃសៅរ៍ ទី៨ ខែកុម្ភះ ឆ្នាំ២០២០ អនុសាខាកាកបាទក្រហមខណ្ឌដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌចំការមន និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៩៩គ្រួសារ រស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវ ។

ក្នុងឱកាសអញ្ជើញចូលរួមផ្តល់អំណោយនេះដែរ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានថ្លែងនូវក្តីអាណិតអាសូរចំពោះប្រជាពលរដ្ឋក្រីក្រ ហើយលោកក៏បានថ្លែងសរសើរមន្ត្រីមូលដ្ឋានភូមិ-សង្កាត់ និងមន្រ្តីអនុ សាខាកាកបាទក្រហមខណ្ឌ ដែលតែងតែតាមដានពិនិត្យមើលពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋខ្វះខាត ដោយបានរៀបចំជាអំណោយ ចែកជូនក្នុងមួយគ្រួសារទទួលបាន អង្ករចំនួ៣០kg មី១កេស និងគ្រឿងឧបភោបរិភោបមួយចំនួន និងថវិការចំនួន២មុឺនរៀល ដើម្បីសំរាលនូវការលំបាកខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋ ។

លោកអភិបាលខណ្ឌ បានលើកឡើងផងដែរពីការយកចិត្តទុកដាក់គិតគូររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្ដេចតែងតែ បានគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទិសទី ជាពិសេស ប្រជាពលរដ្ឋជួបការលំបាកក្នុងជីវភាព និងងាយរងគ្រោះនានា ហើយសម្តេចតែងតែបានក្រើនរំលឹកដល់អាជ្ញាធរគ្រប់ទីកន្លែងតាមដានពី សុខទុក្ខប្រជាពលរដ្ឋ និងគិតគូរដោះស្រាយជូនពួកគាត់ឲ្យទាន់ពេលវេលា។
លោកអភិបាលខណ្ឌ បានណែនាំឲ្យបងប្អូនទាំងអស់ បន្តខិតខំប្រកបរបរចិញ្ចឹមជីវិតបន្ថែមទៀត ដើម្បីឲ្យគ្រួសារយើង មានជីវភាព កាន់តែប្រសើរឡើង ៕
