ក្រសួងសុខាភិបាល បញ្ជាក់ពីប្រភេទវ៉ាក់សាំង និងរយៈពេលដែលត្រូវចាក់ដូសជំរុញ
ក្រសួងសុខាភិបាលនៅថ្ងៃទី២៥សីហាឆ្នាំ២០២១ បានចេញសេចក្ដីណែនាំអំពីប្រភេទវ៉ាក់សាំងកូវីដ-១៩ ដែលអាចប្រើសម្រាប់ចាក់ជាដូសជំរុញ និងគម្លាតរយៈពេលសម្រាប់ការចាក់វ៉ាក់សាំងដូសជំរុញនោះ។ សេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលគឺសម្រាប់មន្ត្រីបម្រើការជួរមុខ, មនុស្សចាស់ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង និងអ្នកដែលមានប្រពន្ធ័ការពាររាងកាយខ្សោយ, ការចាក់វ៉ាក់សាំងកូវីដ-១៩ដូសជំរុញ គួរធ្វើឡើងនៅចន្លោះពីខែទី៤ និងខែទី៦ បន្ទាប់ពីទទទួលការចាក់វ៉ាក់សាំងមូលដ្ឋានបានគ្រប់ដូស។ ដោយឡែកសម្រាប់ប្រជាជនទូទៅផ្សេងទៀត ការចាក់វ៉ាក់សាំងកូវីដ-១៩ដូសជំរុញ គួរធ្វើឡើងនៅចន្លោះខែទី៦ និងខែទី៨ បន្ទាប់ពីទទួលការចាក់វ៉ាក់សាំងមូលដ្ឋានបានគ្រប់ដូស។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ចំពោះការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនោះ, ទោះបីប្រើប្រាស់វ៉ាក់សាំងប្រភេទដូចគ្នា ឬវ៉ាក់សាំងប្រភេទខុសគ្នាក៏ដោយ មិនបង្កឲ្យមានផលរំខានច្រើនលើសពីផលរំខានដែលបង្កឡើងដោយវ៉ាក់សាំងនីមួយៗជាធម្មតានោះទេ ប៉ុន្តែការចាក់វ៉ាក់សាំងកូវីដ-១៩ដូសជំរុញនោះ ថែមទាំងអាចបង្កើនបាននូវប្រព័ន្ធការពាររាងកាយកាន់តែរឹងមាំក្នុងការទប់ទល់នឹងមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) និងប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត។
ក្រសួងបានបន្តថា ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងប្រភេទ Inactivated Virus ដូចជាវ៉ាក់សាំង Sinopharm ឬSinovac ជាវ៉ាក់សាំងមូលដ្ឋានចំនួន២ដូសរួចហើយ អាចចាក់វ៉ាក់សាំងប្រភេទInactivated Virus ដូចជាវ៉ាក់សាំង Sinopharm ឬSinovac ដូចគ្នាក៏បាន ឬអាចចាក់ប្រភេទផ្សេងគ្នា ដូចជាប្រភេទ Viral Vector ដូចជាវ៉ាក់សាំង AstraZeneca ឬវ៉ាក់សាំងប្រទេស mRNA ដូចជាវ៉ាក់សាំង Pfizer ឬ Moderna ជាដូសជំរុញក៏បាន។
ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងប្រភេទ Viral Vector ដូចជាវ៉ាក់សាំង AstraZeneca ឬ Johnson &Johnson ជាវ៉ាក់សាំងមូលដ្ឋានបានគ្រប់ដូសរួចហើយ អាចចាក់វ៉ាក់សាំងប្រទេស Viral Vector ដូចគ្នា ដូចជា វ៉ាក់សាំង AstraZeneca ឬ Johnson &Johnson ជាដូសជំរុញក៏បាន ឬអាចចាក់វ៉ាក់សាំងប្រទេស mRNAដូចជាវ៉ាក់សាំង Pfizer ឬ Moderna ជាដូសជំរុញក៏បាន។
ដោយឡែកចំពោះការចាក់វ៉ាក់សាំងប្រភេទ Inactivated Virus ដូចជាវ៉ាក់សាំង Sinopharm ឬ Sinovac ជាដូសជំរុញសម្រាប់អ្នកដែលបានចាក់វ៉ាសាំងប្រភេទ Viral Vector ដូចជាវ៉ាក់សាំង AstraZeneca ឬ Johnson &Johnson ជាវ៉ាក់សាំងមូលដ្ឋានបានគ្រប់ដូសរួចហើយ, ក្រុមការងារសិក្សាស្រាវជ្រាវនៃក្រសួងសុខាភិបាលនឹងសិក្សាបន្ថែម ហើយក្រសួងនឹងជូនដំណឹងអំពីលទ្ធផលនៃការសិក្សានោះនៅពេលក្រោយ។

