ជនសង្ស័យម្នាក់ ជាមួយថ្នាំញៀនជាង ២គីឡូក្រាម ត្រូវសមត្ថកិច្ចបង្ក្រាបបាន នៅរាជធានីភ្នំពេញ
យោងតាមមន្ទីរប្រឆាំងគ្រឿងញៀននៅថ្ងៃទី២៦សីហានេះ បានឲ្យដឹងថា កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១០)ដឹកនាំដោយលោកវរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរ មានការចូលរួមពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងសម្របសម្រួលដោយលោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវបង្រ្កាបករណីជួញដូរគ្រឿងញៀនមួយ នៅចំណុចភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ប្រតិបត្តិការបង្ក្រាបនោះ ធ្វើឡើងនៅម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៣សីហាឆ្នាំ២០២១។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ មិល ពៅ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ។ ជាមួយគ្នានោះ សមត្ថកិច្ចបានរឹបអូសគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ២គីឡូក្រាម៥៤០ក្រាម២១មីលីក្រាម។ ជនសង្ស័យ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី។

