ក្រុមហ៊ុន សុគន្ធវឌ្ឍនៈ ត្រេឌីង បើកសម្ពោធដាក់លក់ជាផ្លូវការផលិតផលអាម៉ូនី អាម៉ូនី ដែលជាស្នាដៃកូនខ្មែរនៅលើទីផ្សារកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ដើម្បីចូលរួមលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ តាមរយៈការពង្រឹងផលិតផលក្នុងស្រុកនោះ ក្រុមហ៊ុន សុគន្ធវឌ្ឍនៈត្រេឌីង បានធ្វើពិធីបើកសម្ពោធដាក់ឲ្យធ្វើចរាចរណ៍លើទីផ្សារនៅក្នុងប្រទេសកម្ពុជាជាផ្លូវការ នូវផលិតផល អាម៉ូនី ដែលផលិតឡើងដោយស្នាដៃកូនខ្មែរ នៅល្ងាចថ្ងៃទី០៦ ខែកុម្ភៈនេះ នៅភោជនីយដ្ឋានទន្លេរបាសាក់២ រាជធានីភ្នំពេញ ។

លោកស្រី ប៉ោ សុគន្ធ នាយិកាក្រុមហ៊ុន សុគន្ធវឌ្ឍនៈត្រេឌីង បានឲ្យដឹងថា ផលិតផល អាម៉ូនី គឺផលិតឡើងក្នុងរោងចក្រនៅក្នុងប្រទេសកម្ពុជាផ្ទាល់ ដោយបានទិញរូបមន្តពីប្រទេសកូរ៉េ បើនិយាយពីគុណភាពផលិតផលនេះ គឺល្អ ព្រោះថា មុនលោកស្រីសម្រេចយកសាប៊ូនេះមកផលិតធ្វើជាផលិតផលមួយក្នុងក្រុមហ៊ុន គឺលោកស្រីបានចំណាយពេលធ្វើតេស្ត ហើយដឹងថា ជាផលិតផលល្អ ជំនួយស្បែក មានគុណភាព និងប្រសិទ្ធភាពខ្ពស់ ក៏យកមកផលិតដើម្បីលក់នៅលើទីផ្សារកម្ពុជាតែម្តង ។

លោកស្រីបន្តថា មូលហេតុដែលក្រុមហ៊ុនលោកស្រីយករូបមន្តមកបើករោងចក្រផលិតនៅក្នុងប្រទេសកម្ពុជា គឺដើម្បីចូលរួមចំណែកលើកស្ទួយផលិត ផលក្នុងស្រុក និងជំរុញឲ្យប្រជាពលរដ្ឋ ងាកមកគាំទ្រផលិតក្នុងស្រុក ច្រើនជាងផលិតនាំចូល ។ បើប្រជាពលរដ្ឋក្នុងស្រុកគាំទ្រផលិតផលប្រើប្រាស់ផលិតផលក្នុងស្រុកច្រើន នោះនឹងនាំឲ្យមានសញ្ញាល្អសម្រាប់សេដ្ឋកិច្ច ព្រោះថា ផលិតទាំងនេះនឹងនាំឲ្យប្រជាពលរដ្ឋមានការងារធ្វើ កាត់បន្ថយចំណាកស្រុក ព្រមទាំងអាចទាញបាននូវចំណូលពន្ធចូលរដ្ឋផងដែរ។

សូមជម្រាបថា ផលិតផល អាម៉ូនី មានដូចជា៖ សាប៊ូដុសខ្លួន សាប៊ូកក់សក់ សាប៊ូលាងមុខ និងសាប៊ូលាងដៃ ដែលជួយឲ្យស្បែកស្អាតម៉ត់រលោង ធ្វើឲ្យស្បែកមានសំណើម កម្ចាត់បាក់តេរីចេញពីស្បែក ប្រើបានទាំងបុរស និងស្ត្រី ហើយក្រៅពីនោះ ក្រុមហ៊ុនក៏មានត្រៀមផលិតនៅផលិតផលជាច្រើនផ្សេងទៀតផងដែរ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner