ក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា នៅតែបន្តផ្សព្វផ្សាយកីឡា និងទេសចរណ៍ ដោយប្រកាន់ភ្ជាប់នូវវិធានសុវត្ថិភាពការពារជំងឺកូវីដ-១៩
បន្ទាប់ពីបញ្ចប់បេសកម្មដឹកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ នៅខេត្តកោះកុង រយៈពេលជិតមួយខែ បញ្ចប់ដោយជោគជ័យ ក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា បានចាប់ផ្តើមយុទ្ធនានា ចូលរួមផ្សព្វផ្សាយពីតំបន់អេកូទេសចរណ៍ និងចលនាកីឡារថយន្ត OFF ROAD ឡើងវិញ ដោយមានការចូលរួមពីរថយន្ត OFF ROAD ១០គ្រឿង ។



លោក ញឹម សុវណ្ណារ៉ូ សមាជិកប្រតិបត្តិ ក្រុមមហាគ្រសាររថយន្ត OFF ROAD កម្ពុជា បានបញ្ជាក់ថា យុទ្ធនានាការផ្សព្វផ្សាយនេះ មានរយៈពេលមួយសប្តាហ៍ ដោយចេញដំណើរពីស្រុកស្រែអំបិល កាត់តាមឃុំដងពែង មកកាន់ភ្នំគិរីរម្យ ខេត្តកំពង់ស្ពឺ ។ សមាជិកប្រតិបត្តិរូបនេះ បញ្ជាក់ទៀតថា ដំណើរកំសាន្តផ្សព្វផ្សាយលើកនេះ គឺក្រុមរថយន្ត OFF ROAD ទាំងអស់ត្រូវជិះកាត់តាមផ្លូវថ្មី ដែលពុំធ្លាប់ទៅពីមុនមកឡើយ ។ ដូច្នោះប្រសិនបើជួបកន្លែងទេសភាពស្រស់ស្អាតទាក់ទាញ និងថតរូបផ្សព្វផ្សាយ ដើម្បីចែករំលែកដល់ប្រជាពលរដ្ឋឲ្យស្គាល់ និងទៅកំសាន្តនៅទីនោះ ។

លោក អះអាងថា ដំណើរកំសាន្តផ្សព្វផ្សាយលើកនេះ អនុញ្ញាតឲ្យរថយន្តចូលរួមតែ១០គ្រឿងប៉ុណ្ណោះ ដោយចែកជាក្រុមតូចៗ និងគោរបវិធានសុវត្តិភាព គឺត្រូវធ្វេសតេស្តរហ័សរកមេរោគកូវីដ-១៩ជាមុនសិន ទើបអនុញ្ញាតឲ្យធ្វើដំណើររួមគ្នា ។ លោក ញឹម សុវណ្ណារ៉ូ បានបញ្ជាក់ថា ការដាក់ចេញនូវវិធានសុវត្ថិភាពយ៉ាងម៉ត់ចត់បែបនេះ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីត-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពរបស់ប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន គឺ៣កុំ និង៣ការពារ ។

សូមបញ្ជាក់ថា ក្រុមមហាគ្រសាររថយន្ត OFF ROAD កម្ពុជា បានបង្កើតឡើងរយៈពេលជាង៧ឆ្នាំមកហើយ ដោយមានបាវចនាចំនួន៤ធំៗ ទី១-ផ្សព្វផ្សាយអេកូទេសចរណ៍ ទី២- បរិស្ថាន ទី៣-ការងារមនុស្សធម៌ និងទី៤- ចលនាកីឡារថយន្ត OFF ROAD ដើម្បីរួមចំណែកផ្សព្វផ្សាយ និងអភិវឌ្ឍ ៕













