ក្រុមប្រតិបត្តិកររុករករាវរកគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ ផ្ទុះនៃអង្គភាពកំចាត់មីនកម្ពុជាទី២ (CMAC- DU.2) នៅតាមដងស្ទឹងសង្កែបានប្រទះរកឃើញគ្រាប់ មិនទាន់ផ្ទុះ ចំនួន០៤គ្រាប់ បន្ថែមទៀត (មានវីដេអូ)
ប្រភពពីទីបញ្ជាការកងរាជអាវុធហត្ថក្រុងបាត់ដំបង លោកវរសេនីយត្រី សំ វីឡុង បានឲ្យដឹងនៅព្រឹកថ្ងៃទី០៧ខែកុម្ភៈឆ្នាំ២០២០នេះថា៖ ការរុករករាវរកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនិងកាកសំណល់សង្គ្រាម ដែលស្ថិតនៅចំណុចដងស្ទឹងសង្កែ ក្រុង-ខេត្តបាត់ដំបង ចាប់ពីចន្លោះគល់ស្ពានសម្តេចក្រឡាហោមស ខេង មកទល់ និង គល់ស្ពានសម្តេចតេជោសែន ត្រូវបានក្រុមប្រតិបត្តិករជំនាញរបស់អង្គភាពកំចាត់មីន ភូមិភាគទី២ (CMAC-DU.2) រុករករាវរកឃើញនូវគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ០៤គ្រាប់បន្ថែមទៀតនៅវេលាព្រឹកម៉ោង៩.៣០នាទីព្រឹកម៉ិញនេះ ដែលស្ថិតនៅចំណុចច្រាំងមាត់ស្ទឹងសង្កែត្រើយខាងកើត ក្នុងភូមិសាស្ត្រភូមិរំចេក៤ សង្កាត់រតនៈ ក្រុង/ខេត្តបាត់ដំបង។
តាមប្រភពពីមន្រ្តីជំនាញ នៃ អង្គភាពសកម្មភាពកំចាត់មីនទី២ (CMAC-DU2) ដែលបានចុះធ្វើការរុករកឃើញនូវគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងកាកសំណល់សល់ពីសង្គ្រាមចំនួន០៤គ្រាបនេះរួមមាន៖ ១. គ្រាប់B-40 បាញ់រថក្រោះ ចំនួន០២ គ្រាប់។ ២.គ្រាប់904 ចំនួន ០១គ្រាប់។ ៣.គ្រាប់ 105 ចំនួន ០១គ្រាប់។
នេះជាលើកទី៦ហើយដែលក្រុមប្រតិបត្តិកររុកនិងរាវមីនរបស់អង្គភាពសកម្មភាពមីនកម្ពុជាទី២ បានប្រទះរកឃើញនៅចំណុចតាមដងស្ទឹងសង្កែនៃក្រុង-ខេត្តបាត់ដំបង។ខណៈពេលដែលរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំកែលម្អសោភ័ណភាពក្នុងទីក្រុងបាត់ដំបង និងអភិវឌ្ឍតាមមាត់ច្រាំងស្ទឹងសង្កែ ទាំងត្រើយខាងកើតនិងខាងលិច តាមរយៈការរៀបចំនូវវ៉េរ៉ង៎ដានិងបង្កាន់ដៃ នៅតាមមាត់ស្ទឹងសង្កែត្រើយខាងកើត។ ធ្វើការកែលម្អនូវទីជម្រាលតាមច្រាំងស្ទឹងទាំងសងខាងនិងគម្រោងធ្វើការអភិវឌ្ឍន៍ក្នុងការសាងសង់នូវស្ពានថ្មថ្មីមួយបន្ថែមទៀតដែលស្ថិតនៅមុខសាលាខេត្តចាស់ ទន្ទឹមនិងស្ពានថ្មចាស់ដែលបានបន្សល់ពីសម័យអាណានិគមនិយមបារាំង និងត្រូវបានរដ្ឋបាលខេត្តបាត់ដំបង ធ្វើការអភិរក្សនិងរក្សាទុក និងជាកំណត់ត្រាប្រវត្តិសាស្ត្រនៅក្នុងខេត្តរបស់ខ្លួនដែលមានចំណាស់ប្រមាណជាង១០០ឆ្នាំកន្លងមកនេះ។
តាមរយៈនៃការជូនដំណឹងរបស់ទីបញ្ជាការនៃកងរាជអាវុធហត្ថក្រុងបាង់ដំបង ក៏បានឲ្យដឹងបន្ថែមទៀតផងដែរ ដោយបច្ចុប្បន្ននេះ អង្គភាពស៊ីម៉ាកកំពុងសុំគោលការណ៍ថ្នាក់លើដើម្បីធ្វើការដុតកម្ទេចចោលនូវគ្រាប់យុទ្ធភ័ណ្ឌទាំងនេះដែលនិងប្រព្រឹត្តទៅ នៅវេលារសៀលម៉ោង០៣,០០ថ្ងៃខែឆ្នាំដដែលនេះ។ ដូចនេះ សូមសាធារណជន ដែលរស់នៅក្នុងទីប្រជុំជនក្នុងក្រុងបាត់ដំបង សូមកុំឲ្យមានការភ្ញាក់ផ្អើល ពីសម្លេងបំផ្ទុះក្នុងការកម្ទេចគ្រាប់នេះ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )




