ជនល្មើស២នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ត្រូវនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបញ្ជូនទៅតុលាការ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោក ប៊ុត សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងនៅរសៀលថ្ងៃទី៧ខែកុម្ភៈ ឆ្នាំ២០២០នេះ មានជនសង្ស័យ២នាក់ត្រូវបានកម្លាំងជំនាញរបស់ការិយាល័យបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ ក្រោយពីបានស្រាវជ្រាវឃាត់នៅចំណុចមុខផ្ទះលេខ៣១ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព ដែលពាក់ពន្ធ័បទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរស័ព្ទដៃម៉ាកIPhone11ពណ៌ខ្មៅ បណ្តាលឲ្យជនរងគ្រោះធ្លាក់ពីលើរឺម៉កម៉ូតូកង់បី (PassApp) មកលើថ្នល់រងរបួសបែកចិញ្ចើមខាងឆ្វេង ។

ជនរងគ្រោះមានឈ្មោះ ហេង ភារម្យ ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ ៨អា ផ្លូវបេតុង ភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុនកូកាកូឡា។

រីឯសង្ស័យរួមមាន ៖ ទី១-ឈ្មោះ ហែម សំរិទ្ធស័ក្ត ហៅ សាក់ម៉ាប់ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរមុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣១ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ទី២-ឈ្មោះ ដួង តារ៉ាស័ក្ត ហៅ សាក់តូច ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យឫស្សីកែវ ស្នាក់នៅផ្ទះលេខ៦ ផ្លូវបេតុង ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ចំណែកវត្ថុតាងចាប់យកមាន ម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្សុយគីនិច ពណ៌ ខៀវស ឆ្នាំផលិត ២០២០ ។ និងសម្ភារបាត់បង់
ទូរស័ព្ទដៃម៉ាកIPhone11ពណ៌ខ្មៅមួយគ្រឿង ។

បច្ចុប្បន្ននេះ ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner