ថវិកាជិត ៧០ម៉ឺនដុល្លារ ត្រូវបានកាកបាទក្រហមកម្ពុជា ផ្ដល់ជូន សម្រាប់បន្តសាងសង់ផ្ទះជូនអតីតយុទ្ធជនកម្ពុជាក្រីក្រ នៅខេត្តពោធិ៍សាត់

កាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៧សីហាឆ្នាំ២០២១ បានផ្តល់ថវិកាចំនួន៦៩ម៉ឺន៨ពាន់ដុល្លារអាមេរិក ជាជំហានទី៣ ដែលជាវគ្គបញ្ចប់ ជូនដល់សមាគមអតីតយុទ្ធជនកម្ពុជា សម្រាប់បន្តសាងសង់ផ្ទះជូនអតីតយុទ្ធជនកម្ពុជាក្រីក្រចំនួន៦២៨គ្រួសារ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ការប្រគល់ថវិកានោះ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមវត្តមានលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។ សូមបញ្ជាក់ជូនថា កាកបាទក្រហមកម្ពុជា កន្លងមកបានផ្ដល់ថវិកា១លាន៥សែនដុល្លារួចមកហើយដើម្បីសាងសង់ផ្ទះជូនអតីតយុទ្ធជនកម្ពុជា។ ក្នុងនោះថវិកា ៥០ម៉ឺនដុល្លារជាជំហានទី១ កាលពីថ្ងៃទី៨កុម្ភៈឆ្នាំ២០២១ និងថវិកា១លានដុល្លារ ជាជំហានទី២ កាលពីថ្ងៃទី៦កក្កដាឆ្នាំ២០២១កន្លងទៅ។

កាកបាទក្រហមកម្ពុជា ក៏បានប្រគល់ផ្ទះចំនួន៥០ខ្នង ជាជំហានទី១ កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២១ និងប្រគល់ផ្ទះចំនួន ២៥០ខ្នង ជាជំហានទី២ កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២១កន្លងទៅដល់គ្រួសារអតីតយុទ្ធជនរួចមកហើយ។ យោងតាមវឌ្ឍនភាពនៃដំណើរការសាងសង់ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ កាកបាទក្រហមកម្ពុជា គ្រោងនឹងរៀបចំពិធីប្រគល់ និងទទួលផ្ទះចំនួន៣២៨ខ្នង ជាវគ្គបញ្ចប់ នៅ អំឡុងខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ។

ផ្ទះនីមួយៗ មានទំហំ ៥ម៉ែត្រ គុណនឹង ៧ម៉ែត្រ, គ្រឿងបង្គុំធ្វើពីដែក, សសរចាក់ស៊ីម៉ង់តិ៍, ជញ្ជាំងស្មាតបត, ដំបូលស័ង្កសី និងតតាកខាងក្រោយផ្ទះធ្វើជាចង្ក្រានបាយ ដែលចំណាយថវិកាតម្លៃ ៣ពាន់៥០០ដុល្លារអាមេរិក។ ដោយឡែក បង្គន់អនាម័យដាច់ដោយឡែកមានតម្លៃ២៧០ដុល្លារអាមេរិកថែមទៀត៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner