មនុស្សជាង ៦០០នាក់ ត្រូវបានឃាត់ខ្លួនចំពោះការល្មើស នឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល នៅថ្ងៃទី២៩ សីហា
គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅថ្ងៃទី៣០ សីហា បានជូនដំណឹងថា លទ្ធផលអនុវត្តវិធានការច្បាប់ ចំពោះបុគ្គល ដែលល្មើស នឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២៩សីហា ឆ្នាំ២០២១ គឺគេបានអនុវត្តវិធានការច្បាប់មានចំនួន១៨៨ករណី។ ក្នុងនោះ ឃាត់ខ្លួនមនុស្សចំនួន៦១៩នាក់ ដើម្បីអប់រំ និងផាកពិន័យ ក្នុងនោះមានម្នាក់ត្រូវបានបញ្ជូនទៅតុលាការ។
ក្នុងការអនុវត្តច្បាប់នោះ សមត្ថកិច្ចបានឃាត់យានយន្តចំនួន២៩៥គ្រឿង, និង ពិន័យជាប្រាក់ចំនួ៣លាន២សែនរៀលផងដែរ។ យោងតាមច្បាប់ បទល្មើសមិនគោរពវិធានការដ្ឋបាល ត្រូវផាកពិន័យអន្តរការណ៍ពី១លានទៅ៥លានរៀល។
ត្រូវផ្ដន្ទារទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានទៅ១០លានរៀល បើអំពើនោះបានបណ្ដាលឲ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ និងត្រូវផ្ដន្ទារទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានទៅ២០លានរៀល បើអំពើនោះបានបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។