តើក្រុមភេរវករ ISIS-K ជានរណា?

អត្ថបទដោយ៖
AMS OneMinute

កាលពីថ្ងៃទី២៦ សីហាកន្លងទៅ ក្រុម ISIS-K បានបំផ្ទុះគ្រាប់បែកអត្តឃាតនៅខាងក្រៅអាកាសយានដ្ឋានអន្តរជាតិកាប៊ុល សម្លាប់ទាហានអាមេរិកយ៉ាងហោចណាស់ ១៣នាក់ និងប្រជាជនអាហ្វហ្កានីស្ថានជាង ១៧០នាក់។

ក្រុមរដ្ឋអ៉ីស្លាម Khorasan ឬ ISIS-K ឬ ISIS-KP គឺជាសម្ព័ន្ធនៃក្រុម ISIS កណ្តាលមជ្ឈិមបូព៌ានៅអាហ្វហ្កានីស្ថាន ដែលបង្កើតឡើងក្នុងឆ្នាំ២០១៥ ដោយតាលីបង់-ប៉ាគីស្ថាន។ ក្រុមនេះមានកងកម្លាំងតិចប្រមាណ ៣.០០០ នាក់ប៉ុណ្ណោះ និងជ្រុលនិយម ហើយសាហាវជាងក្រុមសកម្មប្រយុទ្ធផ្សេងៗទៀតនៅក្នុងប្រទេស។

ក្រុម ISIS-K មិនគោរពតាមគោលការណ៍ព្រំដែនអន្តរជាតិនោះទេ ហើយគោលដៅវាយប្រហាររួមមាន កងកម្លាំងសន្តិសុខ និងអ្នកនយោបាយអាហ្វហ្កានីស្ថាន ពួកតាលីបង់ ក្រុមកាន់សាសនាភាគតិច កងកម្លាំងអាមេរិក សម្ព័ន្ធមិត្តណាតូ និងទីភ្នាក់ងារអន្តរជាតិរួមទាំងអង្គការជំនួយផងដែរ។ ការលេចឡើងនៃពួក ISIS-K គឺជាប់ទាក់ទងនឹងអំណាច ជាជាងមនោគមន៍វិជ្ជា ឬសាសនា។

យោងតាមរបាយការណ៍ខែមិថុនារបស់ UNSC ក្រុម ISIS-K បានធ្វើការវាយប្រហារចំនួន ៧៧លើកនៅអាហ្វហ្កានីស្ថានក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំ២០២១។ កាលពីខែឧសភា ក្រុមនេះបានបើកការវាយប្រហារទៅលើសាលារៀនសំរាប់សិស្សស្រីៗក្នុងទីក្រុងកាប៊ុលដោយបានសម្លាប់មនុស្ស ៨៥នាក់ និង ២៧៥នាក់ទៀតបានរងរបួស។

ISIS-K បានចាត់ទុកកិច្ចព្រមព្រៀងដកទ័ពរបស់តាលីបង់ជាមួយអាមេរិក ថាជាការក្បត់ក្រុមជីហាដក្នុងការប្រឈមមុខប្រឆាំងនឹងសត្រូវរបស់អ៊ីស្លាម។ មេដឹកនាំនៃក្រុមជ្រុលនិយមនេះ បានថ្កោលទោសការចូលកាន់កាប់ក្រុងកាប៊ុលរបស់តាលីបង់ ដោយនិយាយថា កំណែទម្រង់នៃការគ្រប់គ្រងតាមច្បាប់អ៉ីស្លាមនៃចលនានេះមិនមានភាពរឹងប៉ឹងនោះទេ។

ប្រភព៖ New York Times

ads banner