អាមេរិកធ្វើការវាយប្រហារតាមអាកាសនៅក្រុងកាប៊ុលសម្លាប់ភេរវករបំផ្ទុះគ្រាប់បែកអត្តឃាត ISIS-K

មន្ត្រី​អាមេរិក​បាន​បញ្ជាក់​អំពី​ការ​វាយ​ប្រហារ​តាម​អាកាស​កាល​ពី​ថ្ងៃ​អាទិត្យ​ទៅ​លើ​រថយន្ត​មួយ​ផ្ទុក​អ្នក​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ក្រុម​ភេរវកម្ម​ ISIS-K យ៉ាង​ហោច​ណាស់​ម្នាក់ ដែល​គេ​សង្ស័យ​ថា​គ្រោង​នឹង​ធ្វើ​ការ​បំផ្ទុះ​នៅ​អាកាសយានដ្ឋាន​ក្រុង​កាប៊ុល​។

«កង​កម្លាំង​យោធា​អាមេរិក​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​ដោយ​គ្មាន​មនុស្ស​បើក​នៅ​ថ្ងៃ​នេះ​នៅ​លើ​រថយន្ត​មួយ​នៅ​ទីក្រុង​កាប៊ុល​ដោយ​លុប​បំបាត់​ការ​គំរាម​កំហែង​របស់​ក្រុម​ ISIS-K ដែល​នឹង​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ហាម៉ាដ​កាហ្សៃ​» អ្នក​នាំ​ពាក្យ​អគ្គបញ្ជាការដ្ឋាន​មជ្ឈិមបូព៌ា​របស់​អាមេរិក​លោក​អនុសេនីយ៍​ឯក​ប៊ីល​ អ៊ើរប៊ែន​បាន​និយាយ​បែប​នេះ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ ហើយ​បន្ត​ទៀត​ថា​៖ «យើង​ជឿជាក់​ថា​យើង​បាន​វាយ​ប្រហារ​ចំ​គោលដៅ​ដោយ​ជោគជ័យ​។

លោក​អ៊ើប៊ែន​និយាយ​ថា​ការ​វាយ​ប្រហារ​នៅ​ក្នុង​ទីប្រជុំជន​មនុស្ស​ច្រើន​ភាគ​ពាយព្យ​នៃ​អាកាសយានដ្ឋាន​បាន​បង្ក​ឱ្យ​មាន​ «ការ​ផ្ទុះ​ទី​ពីរ​ធំ​មួយ​» ដែល​ជា​សញ្ញា​បង្ហាញ​ថា​មាន​ «បរិមាណ​សារធាតុ​ផ្ទុះ​ដ៏​ធំ​» ក្នុង​រថយន្ត​នោះ​។ លោក​និយាយ​ថា​យោធា​កំពុង​ធ្វើ​ការ​វិនិច្ឆ័យ​ថា​ការ​វាយ​ប្រហារ​នេះ​បាន​បង្ក​មាន​គ្រោះថ្នាក់​ដល់​ជន​ស៊ីវិល​ដែរ​ ឬ​ទេ​។

ដើម​ឡើយ​គេ​រាយការណ៍​ថា​គ្រាប់​បែក​ត្រូវ​បាន​បំពាក់​លើ​រថយន្ត​នេះ​ដោយ​ផ្ទាល់​ ប៉ុន្តែ​ក្រោយ​មក​មាន​ការ​បញ្ជាក់​ថា​គ្រាប់​បែក​គឺ​បំពាក់​លើ​អ្នក​បំផ្ទុះ​អត្តឃាត​ម្នាក់​ ឬ​ច្រើន​នាក់​។

អ្នកនាំពាក្យ​តាលីបង់​លោក​ហ្សាប៊ីហ៊ីលឡា មូចាហ៊ីដ​បាន​និយាយ​នៅ​ក្នុង​សារ​មួយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ថា​ការ​វាយ​ប្រហារ​របស់​អាមេរិក​បាន​ធ្វើ​ឡើង​នៅ​ពេល​ក្រុម​ភេរវករ​កំពុង​បើក​រថយន្ត​ទៅ​អាកាសយានដ្ឋាន​ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​អំពី​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​ទេ​។

ការ​វាយ​ប្រហារ​នេះ​ធ្វើ​ឡើង​ខណៈ​ពេល​ដែល​អាមេរិក​ចាប់​ផ្ដើម​កាត់​បន្ថយ​បេសកកម្ម​ជម្លៀស​ ដែល​បាន​ជម្លៀស​មនុស្ស​រាប់​ម៉ឺន​នាក់​ចេញ​ពី​អាកាសយានដ្ឋាន​កាប៊ុល​។ យន្តហោះ​យោធា​អាមេរិក​នឹង​បន្ត​យក​ជន​ភៀស​ខ្លួន​រហូត​ពេល​កំណត់​បញ្ចប់​បេសកកម្ម​នៅ​ថ្ងៃ​អង្គារ​នេះ​ ដែល​កំណត់​ដោយ​លោក​ចូ បៃដិន​៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner