អាល់ហ្សេរី ចាប់ខ្លួនអតីតបេក្ខជនប្រធានាធិបតីប្រទេសទុយនីស៊ីគឺ លោក Nabil Karoui
កាលពីថ្ងៃអាទិត្យប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេស ទុយនីស៊ី បាននិយាយថា អាជ្ញាធរអាល់ហ្សេរីបានចាប់ខ្លួន អ្នកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ របស់ប្រទេស ទុយនីស៊ីនិងអតីតបេក្ខជនប្រធានាធិបតីគឺលោក Nabil Karoui បន្ទាប់ពីលោកបានចូលប្រទេសអាល់ហ្សេរីដោយសម្ងាត់និងខុសច្បាប់។

លោកKaroui ដែលជាម្ចាស់ប៉ុស្តិ៍ទូរទស្សន៍ Nessma និងជាប្រធានគណបក្សនយោបាយ Heart of Tunisia ដែលជាគណបក្សធំទី ២ នៅក្នុងសភាត្រូវបានចាប់ខ្លួនជាមួយបងប្រុសរបស់គាត់ឈ្មោះ Ghazi Karoui ដែលជាតំណាងរាស្រ្តផងដែរ។
បន្ទាប់ពីលោកបានចំណាយពេលជាង ៦ ខែនៅ ក្នុងមន្ទីរឃុំឃាំងរបស់ទុយនេស៊ី ពីបទលាងលុយកខ្វក់និងរងការចោទប្រកាន់ពីបទគេចពន្ធរួចមក លោកត្រូវ បានដោះលែងវិញនៅថ្ងៃទី ១៥ មិថុនានេះ ហើយតុលាការនៅតែបន្តស៊ើបអង្កេតលើសំណុំរឿងរបស់គាត់។

កន្លងមកលោក Karoui បាននិយាយថា គាត់គ្មានកំហុសទេ ហើយថាគូប្រជែងនយោបាយរបស់គាត់នៅពីក្រោយការជាប់ពន្ធនាគាររបស់គាត់។ ក៏ប៉ុន្តែមន្រ្តីនៅអាល់ហ្សេរីមិនអាចធ្វើអត្ថាធិប្បាយបានភ្លាមៗទេ។
គួរឲ្យដឹងដែរថានៅឆ្នាំ ២០១៩លោក Karoui បានផ្តួលបេក្ខជនភាគច្រើនដើម្បីឈានទៅដល់តំណែងប្រធានាធិបតី ទោះបីជាលោកបានចំណាយពេលភាគច្រើន ធ្វើយុទ្ធនាការបោះឆ្នោតពីក្នុងពន្ធធានាគារក៏ដោយ។ ប៉ុន្តែទីបំផុត ជ័យជម្នះសម្រាប់ការបោះឆ្នោតនាឆ្នាំនោះ នៅតែបានទៅលើលោក Saied ។